Aeon គ្រោង​បោះទុន​300​លាន​បាត​បង្កើត​សាខា​នៅ​ស្រុក Si Racha

ប្រទេស​ថៃ ៖ អុ​ី​អន​ដែល​ជា​ប្រតិបត្តិ​ករ​នៃ​ផ្សារ​ទំនើប MaxValu និង​មី​នី​ម៉ាត Tanjai បាន​ចាប់ផ្តើម​វិនិយោគ​ជាមួយ​គម្រោង​លក់រាយ​ធំ​មួយ បន្ទាប់​ពី​ព្យួរ​ការ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ចាប់តាំងពី​ឆ្នាំ​១៩៩៧ មក ។

ប​ច្ចុ​ប្ប​នេះ​ក្រុមហ៊ុន​បាន​បើក​ផ្សារ​ទំនើប​ជា​លក្ខណៈ​ទ្រង់ទ្រាយ​តូច​ៗ​នៅ​ស្រុក Si Racha ខេត្ត Chonburi ដើម្បី​បម្រើ​តម្រូវការ​អតិថិជន​ដែល​កំពុង​កើនឡើង ពិសេស​ជនជាតិ​ជប៉ុន​ដែល​ធ្វើការ​នៅ​ទីនោះ ។

ប្រភព​ពី​ក្រុមហ៊ុន​ឱ្យ​ដឹង​ថា ការ​ផ្លាស់​ប្តូរ​នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​ជប៉ុន អីុ​អន គ្រុប (Japanese Aeon Group) ដើម្បី​ពង្រីក​អាជីវកម្ម​លក់រាយ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ាន ជាមួយនឹង​ការ​រំពឹង​ទុក​ដើម្បី​ជំរុញ​ការ​លក់​នឹង​ឈាន​ដល់​១៦​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០ ។

មុន​នឹង​បើក​ដំណើរការ​នៅ​ប្រទេស​ថៃ ផ្សារ​ទំនើប​អុ​ី​អន គ្រុប បាន​បើកហាង​លក់រាយ​ជា​ច្រើន​នៅ​ក្នុង​ទីផ្សារ​អាស៊ាន រួម​ទាំង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី វៀតណាម និង​កម្ពុជា​ផង​ដែរ ។

ក្រុមហ៊ុន​នេះ​បាន​ចំណាយ​ប្រាក់​ប្រហែល ៣០០​លាន​បាត​ដើម្បី​អភិវឌ្ឍ​ផ្សារ​ទំនើប​អីុ​អន Sriracha នៅ​ក្បែរ​មហាវិទ្យាល័យ Assumption College Sriracha ។
មជ្ឈមណ្ឌល​ផ្សារ​ទំនើប​នេះ មាន​កម្ពស់​៣​ជាន់ ស្ថិត​នៅ​លើ​ទំហំ​ដី​១១.០០០​ម៉ែត្រការ៉េ ដែល​នឹង​បម្រើ​អតិថិជន​ជប៉ុន ថៃ និង​ជនជាតិ​ផ្សេង​ទៀត​ដែល​ធ្វើការ និង​រស់នៅ​ក្បែរ​នោះ ។

ប្រភព​និយាយ​ថា «​អតិថិជន​ចម្បង គឺជា​ស្ត្រី​មេផ្ទះ​ជប៉ុន ដែល​ពួក​គេ​មាន​ពេលទំនេរ​ក្នុង​ការ​ដើរ​ទិញ​អីវ៉ាន់​ក្នុង​ហាង និង​ទទួលទាន​អាហារ​ក្នុង​ផ្សារ​ទំនើប​របស់​យើង ។ ពួក​គេ​ចូល​ចិត្ត​ដើរ​ផ្សារ​នៅ​ក្នុង​បរិយាកាស​បែប​ជប៉ុន​» ។ អុ​ី​អន Sriracha ត្រូវ​បាន​ហ៊ុម​ព័ទ្ធ​ដោយ​ផ្ទះ​គ្រួសារ​ជនជាតិ​ថៃ និង​ជប៉ុន​ចំនួន​១.៣០០​គ្រួសារ ជាមួយនឹង​ការ​ចំណាយ​ខ្ពស់ ព្រមទាំង​អាច​ចត​រថយន្ត​បាន​២២០​គ្រឿង ។

មាន​ហាង​ចំនួន​២១​កន្លែង​នៅ​ក្នុង​មជ្ឈមណ្ឌល​នេះ​ដែល​ផ្តល់​សេវា​តាម​បែប​ជប៉ុន ។ ផ្សារ​ទំនើប MaxValu ផ្តល់​សេវាកម្ម​ពេញ​២៤​ម៉ោង ខណៈ​ក្រុមហ៊ុន​ដទៃ​ទៀត​ដូច​ជា Ringer Hut Nagasaki Champon ជា​ភោជនីយដ្ឋាន​អាហារ​ស្រាប់​របស់​ប្រទេស​ជប៉ុន​មួយ​មាន​សាខា​ជាង​៦០០​នៅ​ទូ​ទាំង​ពិភពលោក និង Tackle  Berry ជា​ក្រុមហ៊ុន​លក់​ដងសន្ទូច​ធំ​ជាងគេ​របស់​ជប៉ុន​ផង​ដែរ ។ ចំណែក​ស្រុក Si Racha ក៏​មាន​ផ្សារ​ក្នុង​សហគមន៍​របស់​ជប៉ុន​ដែរ គឺ J-Park Sriracha ។

នេះ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​១៨​ឆ្នាំ​ដែល​អុ​ី​អន (​ប្រទេស​ថៃ​) បាន​វិនិយោគ​ក្នុង​គម្រោងការ​លក់រាយ​ធំ​មួយ​នៅ​ក្នុង​ប្រទេស​ថៃ បន្ទាប់​ពី​មានការ​ផ្អាក​ផែនការ​ពង្រីក​ខ្លួន​ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ​ក្នុង​ឆ្នាំ​១៩៩៧ ។

អីុ​អន គ្រុប មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​ថៃ​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​មក​ហើយ ។ បច្ចុប្បន្ន​នេះ អីុ​អន (​ប្រទេស​ថៃ​) មាន​ហាង​ចំនួន​៧៨ សម្រាប់​លក់រាយ ដោយ​មាន​៤៨​មី​នី​ម៉ាត Tanjai និង​ផ្សារ​ទំនើប MaxValu ចំនួន​៣០ ។

ក្រៅពី​ការ​អភិវឌ្ឍ​រូបរាង​ថ្មី​របស់​ខ្លួន​នៅ​ស្រុក Si Racha ក្រុមហ៊ុន​នេះ​នឹង​ជួយ​ពង្រឹង​ម្ហូបអាហារ និង​បច្ចេកវិទ្យា​របស់​ខ្លួន​ដើម្បី​គាំទ្រ​ការ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ​ចាប់ពី​ពេល​នេះ រហូត​ដល់​ឆ្នាំ​២០២០ ។

អីុ​អន គ្រុប​មាន​ផែនការ​ពង្រីក​អាជីវកម្ម​លក់រាយ​នៅ​ក្រៅ​ទីក្រុង​បាងកក ជា​ពិសេស​នៅ​តាម​បណ្តា​ខេត្ត​ភាគ​ឦសាន​ដូច​ជា ខេត្ត Ubon Ratchathani និង​ខេត្ត Udon Thani នៅ​ក្នុង​ការ​ដេញថ្លៃ​មួយ​ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​ឱកាស​ពាណិជ្ជកម្ម​តាម​ព្រំដែន​រីក​ចម្រើន ក្រោយ​ពី​ការ​ចាប់ផ្តើម​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅ​ចុងឆ្នាំ​នេះ ។
កាលពីមុន អីុ​អន (​ប្រទេស​ថៃ​)​បាន​ប្រកាស​ពី​គម្រោង​បើកហាង MaxValu ចំនួន​៤០​កន្លែង នៅ​ឆ្នាំ​ក្រោយ ហើយនឹង​បន្ថែមចំនួន​១០០​កន្លែង ជា​រៀង​រាល់​ឆ្នាំ​ក្នុង​រយៈពេល​៤​ឆ្នាំ រហូត​ដល់​ឆ្នាំ​២០២០ និង​មាន​ចំនួន​សរុប​៥០០​សាខា ។

ក្នុង​ចំណោម​ហាង​ចំនួន​៥០០​កន្លែង មាន​៤០០​កន្លែង​ជា​ប្រភេទ​មី​នី​ម៉ាត Tanjai និង ១០០​កន្លែង​ទៀត​ស្ថិត​ក្រោម​ម៉ាក​ផ្សារ​ទំនើប MaxValu ។ ការ​លក់​ក្នុង​ផ្សារ​ទំនើប MaxValu ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា នឹង​ឈាន​ដល់​៦,៦​ប៊ី​លាន​បាត​ក្នុងឆ្នាំនេះ ៕