ទុស្សេ​ខ្សែ​កង្ហារឆេះ​បន្ទប់​សណ្ឋា​គារ​The Luxury Concept ក្នុង​ក្រុង​សៀម​រាប​អស់​មួយ​បន្ទប់​ផ្អើល​ទាំង​ព្រឹក

ខេត្តសៀមរាប ​៖ សណ្ឋាគារ The Luxury Concept ត្រូវ​​អគ្គិភ័យ​លេប​ត្របាក់​អស់​មួយ​បន្ទប់​ជាន់​ក្រោម​ទាំង​ព្រឹក​ព្រលឹម បណ្តាល​ឱ្យ​ភ្ញៀវ​បរទេស​ភ័យ​នាំ​គ្នា​រត់ចេញ​ក្រៅ​បន្ទប់​ និង​បាន​អ្នក​ជិតខាង ​និង​ក្រុម​គ្រួសារ ភ្ញាក់ផ្អើល​នាំ​គ្នា​​ជួយ​យក​បំពង់​​​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​អស់​ចំនួន​១០​បំពង់​តូចធ្វើ​ឱ្យ​ភ្លើង​រលត់​​​ដោយ​ជោគជ័យ​។

ហេតុ​ការណ៍នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​១៥ តុលា នេះ ស្ថិត​នៅ​ចំណុច​ជាប់​របង​អតីត​មន្ទីរ​អប់រំ​យុវជន​ និង​កីឡា​ខេត្ត ទល់មុខ​ផ្ទះសំណាក់ យីហោឡេ ឌី​បាក់ ក្នុង​ក្រុម​ទី​១៤ ភូមិ វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​។

​តាម​សម្តី​ពី​ម្ចាស់​សណ្ឋាគារ​បាន​ប្រាប់​ថា មុន​កើតហេតុ​លោក​មិន​បានដឹង​ថា មាន​ភ្លើង​ឆេះ​ចេញពី​បន្ទប់​នោះ​ទេ ព្រោះ​បន្ទប់​ដែល​ឆេះ​នេះ​គ្មាន​ភ្ញៀវ​ស្នាក់​នៅ​​​ទេ ហើយ​ម្ចាស់បាន​ដោត​កង្ហា​រទុក​នៅ​ក្នុង​បន្ទប់​នោះ​ចោល ស្រាប់តែ​ហុយផ្សែង​ចេញពី​ក្នុង​បន្ទប់​ជាន់​ក្រោម​នោះ ម្ចាស់​សណ្ឋា​គារ​បានសន្និដ្ឋាន​ថា មក​ពី​ទុ​ស្សេ​ខ្សែ​កង្ហា​រនោះ ទើប​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​មេ​ប៉ុស្តិ៍​ស្វាយ​ដង្គំ​ឱ្យមក​ជួយ​អន្តរាគមន៍​ដើម្បី​ហៅ​ឡានទឹក ប៉ុន្តែ​មួយសន្ទុះ​ហើយ​​នៅ​មិនឃើញ​ឡានទឹក​របស់​នគរបាល រហូត​ដល់​ឆេះ​ហុយ​ខ្លាំង​ទៅ​ៗ​គ្មាន​នរណា​ចូល​​​ពន្លត់​បាន​ឡើយ មាន​តែ​ប្រើ​បំពង់​បាញ់​ពន្លត់​អស់​ចំនួន​១០​បំពង់​ហើយ ទើប​ឃើញ​ឡានទឹក​របស់​កងរាជអាវុធហត្ថ​ខេត្ត​មក​ដល់​ជួយ​បាញ់​ពន្លត់រលត់​ទាំង​ស្រុង​​​​៕