សុះ ស៊ូហាណា ជួយឲ្យកម្ពុជារកគ្រាប់បាល់បញ្ចូលទីជាលើកទី១ក្នុងជម្រុះ World Cup

បើ​ទោះ​បី​នៅមិន​ទាន់​ស្គាល់​ជ័យ​ជម្នះ​សោះ​ក្នុង​យុទ្ធ​នា​ការ​ជម្រុះ​សម្រាប់​ព្រឹត្តិ​ការណ៍ World Cup ឆ្នាំ​២០១៨ ក៏​ដោយ ប៉ុន្តែ ខ្សែ​បម្រើ​សុះ ស៊ូ​ហា​ណា បាន​​ជួយ​ឲ្យក្រុម​បាល់​​ទាត់​ជម្រើស​ជាតិកម្ពុជា រក​បាន​​គ្រាប់​បាល់​បញ្ចូល​ទី​ជា​លើក​ទី​១​ក្នុង​យុទ្ធ​នា​ការ​នេះ​ក្នុង​ពេល​ពួកគេ​ចាញ់ ២-១ នៅ​​ពេល​ជួប​ក្រុម​សិង្ហ​បុរី នៅ​​កីឡ​ដ្ឋាន National Stadium​។ ក្នុង​ការ​ប្រកួត​ជម្រុះ​កាល​ពី​​ថ្ងៃ​អង្គារ ក្រុម​ជម្រើស​ជាតិ​​កម្ពុជា បាន​បង្ហាញ​ពី​ទម្រង់​លេង​​​ល្អ​ប្រសើរ​ជាងមុន​បើ​ធៀប​​ក្នុង​ពេល​ដែល​ក្រុម​ទាំង​ពីរ​បាន​ជួប​ប្រ​កួត​គ្នា​កាល​ពី​ខែ​​មិថុនា​ដែល​​​នៅ​ពេលនោះ​​សិង្ហ​បុរី បាន​ទទួល​ជ័យ​ជម្នះ​ក្នុង​លទ្ធ​ផល ៤-០ នៅ​ពីមុខ​អ្នក​គាំ​ទ្រ​ដ៏​ច្រើន​កុះ​ករ​នៅ​​កីឡ​ដ្ឋាន​ជាតិ ក្នុង​រាជ​ធានី​ភ្នំ​ពេញ​។

ក្នុង​ពេល​ជួប​គ្នា​ម្តង​ទៀត​នៅ​លើ​ទឹក​ដី​សិង្ហ​បុរី កីឡាករ Faris Ramli បាន​រក​គ្រាប់​បាល់​បើក​ឆាកនៅ​​នាទី ទី​១៦ នៅមុន​ពេល Fazrul Nawaz បាន​ចូល​លេងក្នុង​នាម​ជា​កីឡាករ​បម្រុង​ក្នុង​តង់​ទី​២​ដើម្បី​​បន្ថែម​​ការ​នាំ​មុខ​របស់​សិង្ហ​បុរី ក្រោយ​ពី​មានការ​ព្រឹត្ត​កំហុស​របស់​ខ្សែ​ការ​ពារកម្ពុជា កុក បូរីស តាម​រយៈការ​បញ្ជូន​បាល់​​មិន​ដល់​ជើង​របស់​អ្នក​ចាំ​ទី​ នៅនាទី ទី​៤៧​។ ប៉ុន្តែ សុះ ស៊ូហា​នា បាន​​វាយ​បក​បាន​១​គ្រាប់​វិញ​សម្រាប់​ក្រុម​ភ្ញៀវ​នៅ​នាទី ទី​៦៦ តាម​រយៈ​ការ​ប្រើ​កែង​ជើង​ឆ្កិះ​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ ក្រោយ​ពី​មាន​ការ​បញ្ជូន​បាល់​​កាត់​យ៉ាង​ល្អ​ពី​សំណាក់​កីឡាករ​ចាន់ វឌ្ឍ​នា​កា​។ ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ធ្វើការ​វាយ​សម្រុក​ដ៏​គួរ​ឲ្យកត់​សម្គាល់​​ក្រោយ​ពី​បាន​បណ្តោយ​ឲ្យ​មាន​គ្រាប់​បាល់​បញ្ចូល​ទី​នៅ​ដើម​តង់ ហើយ​ពួ​ក​ក៏​បាន​បង្កើត​ឱកាស​នៅ​ពី​​មុខ​ទី​ផង​ដែរ​។
1
ខ្សែ​ប្រយុទ្ធ កែវ សុខ​ផេង បាន​​តែត​បាល់​បញ្ជូន​ទៅ​ឲ្យ​ ស៊ូ​ហា​ណា ដែល​បាន​​លេង​យ៉ាង​ល្អ​នៅ​តំបន់​បម្រើ​ ហើយ​រូប​គេ​ទទួល​បាន​​បាល់នោះ ប៉ុន្តែ ការ​ស៊ុត​របស់​គេ​​ត្រូវ​បាន​សង្គ្រោះ​​ដោយ​អ្នក​ចាំ​ទី Izwan Mahbud​។ រយៈ​ពេល​២​នាទី​ក្រោយ​មក កម្ពុជា បាន​ធ្វើការ​គំ​រាម​គំ​ហែង​ម្តង​ទៀត ដោយ​​ពេលនេះ​គឺ​​ការលេង​ស៊ី​​ចង្វាក់​គ្នា​យ៉ាង​ល្អ​រវាង​កីឡាករ​សំ​អឿន ពិ​ដោ និង​​ចាន់ វឌ្ឍ​នា​កា​ មុន​នឹង​បញ្ជូន​ទៅ​​ឲ្យ​សុខ​ផេង ដើម្បី​តែត​បាល់​សំ​ដៅ​ទី ប៉ុន្តែ ត្រូវ​បាន​សង្គ្រោះ​ដោយ​អ្នក​ចាំ​ទី​ Izwan ម្តង​ទៀត​​​។ លោក Lee Tao-hoon គ្រូ​បង្វឹក​របស់​កម្ពុជា បាន​ទទួល​ស្គាល់​អំឡុង​សន្និ​សីទ​សារ​ព័ត៌​មាននៅមុន​ពេល​ការ​ប្រកួត​ថា លោក​មាន​ការ​ខ្វល់​ខ្វាញ​អំពី​សមត្ថ​ភាព​របស់​ក្រុម​ក្នុង​ការ​ការ​ពារ​នៅពេល​ប្រកួត​ជា​មួយនឹង​ក្រុម​ជើង​ខ្លាំង​សិង្ហ​បុរី ហើយ​ថា កម្ពុជា នឹង​សម្លឹង​រក​ការ​ប្ញចប់​ត្រឹម​លទ្ធ​​ផល​ស្មើ​ប៉ុណ្ណោះ​៕