អគ្គស្នងការ​នគរបាល​ជាតិ នឹង​បណ្តេញ​នគរបាល ដែល​មិន​ចូលរួម​ហ្វឺ​ក​ហ្វឺ​ន​ជំនាញ មិនបាន​ទៀងទាត់​

ភ្នំពេញ:  អគ្គ​ស្នងការរង​ន​នគរបាលជាតិ ឧ​ត្ត​ម​សេនីយ៍​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ បានប្រកាសថា នឹង​លប់ឈ្មោះ​កងកម្លាំង​នគរបាល​ចេញពី​បញ្ជី​ក្របខ័ណ្ឌ​នគរបាល ប្រសិនបើ​កងកម្លាំង​នគរបាល​ណា ចូលរួម​ហ្វឹកហ្វឺន​ជំនាញ​របស់ខ្លួន​មិនបាន​ទៀងទាត់ ក្នុងនោះ គឺមាន​កម្លាំង​នគរបាល ១៧៥ នាក់ បានមក​ធ្វើការ​ហ្វឹកហ្វឺន​ជំនាញ​ទៀងទាត់ និង ២៥ នាក់ ដែល​ចូលរួម​ហ្វឹកហ្វឺន​មិន​ទៀងទាត់ នឹងត្រូវ​អគ្គស្នងការ​លុបចេញ​ពី​បញ្ជី​កងកម្លាំង​នគរបាល​។​

​ការ​ថ្លែង​របស់លោក​ឧ​ត្ត​ម​សេនីយ​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​ធ្វើឡើង​នៅក្នុង​ពី​ធី​ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង​នគរបាល ២០០ នាក់ ដែល​អគ្គស្នងការ​នគ​របាល​ជាតិ បាន​ចាត់​បញ្ជូនទៅ​ហ្វឹកហ្វឺន​ជំនាញ​កង​អន្តរាគមន៍​ពិសេស នៅ​បន្ទាយ​កងពល​តួច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ នា​រសៀល​ថ្ងៃទី​១៤ ខែតុលា​នេះ​។​

​លោក​គៀត ច័ន្ទ​ថា​រិ​ទ្ធ ថ្លែងថា ការហាត់​រៀន​ជំនាញ​ក្នុង​ជួរ​កម្លាំង​នគរបាល គឺធ្វើឡើង​ដើម្បី​កាត់បន្ថយ​ការបង្ហូរ​ឈាម​នៅពេល​ចុះ​ប្រតិបត្តិ​ការជាក់ស្តែង​ការពារជាតិ ការពារ​ទឹកដី ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​ជាក់ស្តែង​នៅពេល​ហេតុការណ៍​អាក្រក់​កើតឡើង​ដែល​យើង​មិនអាច​ដឹង​ជាមុន​។​

​ជាមួយគ្នា​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ក៏បាន​ស្នើ​ឲ្យ​កងកម្លាំង​នគរបាល​ដែល​កំពុង​បាន​ហ្វឹកហ្វឺន​ជំនាញ​អន្តរាគមន៍​ពិសេស ត្រូវ​បង្កើន​ការគោរពវិន័យ​សាលា គោរព​វិន័យ និង​លក្ខន្តិកៈ​ជួរ​កងកម្លាំង​នគរបាល​ឲ្យ​បានល្អ​ប្រសើរ សំដៅ​បង្កើន​សមត្ថភាព​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​សង្គមជាតិ និង​ប្រជាជន​។​

​កងកម្លាំង​នគរបាល​ដែល​អគ្គស្នងការ​នគរ​បាល​ជាតិ ដែល​បាន​ទៅ​ហ្វឹកហ្វឺន​ជំនាញ​នៅ​បន្ទាយ​កងទ័ព​ពិសេស​៩១១ ត្រូវបាន​អគ្គស្នងការ​នគរ​ជាតិ​ចាត់ទុកថា ជា​កងកម្លាំង​នគរបាល​អន្តរាគមន៍​ពិសេស​របស់​អគ្គ ដើម្បី​ត្រៀម​ចូលរួម​ទប់ស្កាត់ និង​ទប់ទល់​សភាពការណ៍​អាក្រក់​របស់​ពួក​អមិត្ត និង​ពួក​មាន​និន្នាការ​ប្រឆាំង​ធ្វើ​សកម្មភាព បន្ថែម​ទៅលើ​កងកម្លាំង​នគរបាល​នៅ​មូលដ្ឋាន​នៅពេល​ទប់ទល់ បង្ក្រាប​មិនបាន​។​

​មេបញ្ជាការ​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ ឧ​ត្ត​ម​សេនីយ​ឯក ចាប ភក្តី ថ្លែងថា វគ្គ​ហ្វឹកហ្វឺន​ជំនាញ​នគរបាល​អន្តរា​គម​ន៍​ពិសេស​របស់​អគ្គស្នងកា​រ​នគរបាលជាតិ នៅ​បន្ទាយ​កងទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវមាន​កាយសម្បទា​រឹង​ម៉ាំ មិន​ទន់ជ្រាយ​។ កងកម្លាំង​នគរបាល​ដែល​បានមក​ហ្វឹ​ន​ហ្វឺ​ន​នាពេលនេះ គ្រោង​នឹង​បញ្ចប់​ការ​ហ្វឺ​ក​ហ្វឺ​ន​របស់ខ្លួន​នៅ​ចុងខែ​វិច្ឆិកា​ខាងមុខនេះ ហើយ​ក្នុងចំណោម​កង​នគរបាល​ដែល​បានមក​ហ្វឹកហ្វឺន​ជំនាញ​ទាំង ២០០ នាក់ នោះ​គឺមាន​កម្លាំង​នគរបាល​១៧៥​នាក់ បានមក​ធ្វើការ​ហ្វឹកហ្វឺន​ជំនាញ​ទៀងទាត់ ២៥ នាក់​ដែល​ចូលរួម​ហ្វឹកហ្វឺន​មិន​ទៀងទាត់ នឹងត្រូវ​អគ្គស្នងការ​លុបចេញ​ពី​បញ្ជី​កងកម្លាំង​នគរបាល​។​

​លោក​ចាប ភក្តី បន្តថា ក្នុងចំណោម​កងកម្លាំង​ទាំងអស់​ត្រូវធ្វើ​ការប្រមូល​ផ្តុំគ្នា សំដៅ​ងាយស្រួល​មានឱកាស​រំលឹក​ឡើងវិញ​នូវ​បណ្តា​មេរៀន​ទាំងឡាយ ដើម្បី​អនុវត្ត​ជាក់ស្តែង នៅពេល​មាន​ពួក​មហា​ប្រតិកិរិយា​ប្រឆាំង​ដើម្បី​បំផ្លាញ​សមិទ្ធផល​ដែល​សម្រេច​ប្រជាជន និង​ថ្នាក់ដឹកនាំ​ខិតខំ​ប្រឹងប្រែង​កសាង​។​

​របាយការណ៍ ក្នុងចំណោម​សិក្ខាកាម​ជា​កងកម្លាំង​នគរបាល​ទាំង ២០០ នាក់ មាន​សិក្ខាកាម​ហ្វឹ​ន​ហ្វឺ​ន​ទទួលបាន​លទ្ធផល​ល្អ ១៥៦ នាក់​។ ក្នុងចំណោម​សិក្ខាកាម​ទាំងនោះ បន្ទាប់ពី​បាន​ឆ្លងកាត់​វគ្គ​ហ្វឹកហ្វឺន​ជាង ២ ខែ​កន្លងមកនេះ គឺ​ទទួល​ចំណេះដឹង​លើ​មុខវិជ្ជា​ជំនាញ​បច្ចេកទេស​យុទ្ធវិធី បាញ់​ស៊ី​ប ការពារ​ថ្នាក់ដឹកនាំ បច្ចេកទេស​អាវុធ​ថ្មើរជើង តួនាទី​ភារកិច្ច​របស់​កងកម្លាំង​ប្រដាប់អាវុធ​ជាដើម​៕

អគ្គស្នងការ​នគរបាល​ជាតិ នឹង​បណ្តេញ​នគរបាល ដែល​មិន​ចូលរួម​ហ្វឺ​ក​ហ្វឺ​ន​ជំនាញ មិនបាន​ទៀងទាត់​