លោក ហ៊ុន សែន ប្តេជ្ញាបន្ត​​ការពារ​រាជបល្ល័ង្គនៅ​ថ្ងៃ​ខួប៣ឆ្នាំ​នៃ​ការ​សោយ​ទិវង្គត​នៃ​ព្រះ​បរម​រតន​កោដ្ឋ

រូបថតឯកសារ​គណនី​ហ៊្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែនលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​អាចមាន​វត្តមាន​ដោយផ្ទាល់​ដើម្បី​ចូលរួម​ក្នុង​ពិធី​រម្លឹក​ខួប៣ឆ្នាំនេះ​ការយាង​សោយ​ទិវង្គត​នៃ​ព្រះ​បរម​រតន​កោដ្ឋ​នៅក្នុង​ប្រទេស​ឡើយ។ ប៉ុន្តែ​ពី​ទីក្រុង​ប៉េកាំង​នៃ​ប្រទេស​មហាមិត្ត​ចិន​របស់​កម្ពុជា លោក ហ៊ុន សែន បាន​ផ្ញើ​សារ​និង​រូបថត​អនុស្សារ​វ​រី​យ៍​ខ្លះ​ជាមួយ​សម្តេចឪ​មក​ជនរួមជាតិ​តាមរយៈ​គណនី​ហ្វ៊េ​ស​ប៊ុ​ក​របស់លោក។ នៅលើ​គណនី​ហ្វ៊េ​ស​ប៊ុ​ក​នោះ គេ​អាច​អាន​យល់​អំពី​ជំហរ និង​ការប្តេជ្ញាចិត្ត​របស់​ប្រធាន​គណបក្សកាន់អំណាច​ក្នុងការ​ដង្ហែ​តាម​ព្រះរាជតម្រិះ​សម្តេចឪ​នរោត្តម សីហនុ ដើម្បី​សន្តិភាព​របស់​កម្ពុជា។

នៅក្នុង​ចំណោម​អក្សរ​ខ្មែរ​ជាច្រើន​ជួរ​ដែល​បង្ហាញ​អំពី​មនោសញ្ចេតនា​នៃ​ការសោកស្តាយ និង​ការគោរព​ចំពោះ​ការលះបង់​នៃ​ព្រះ​បរម​រតន​កោដ្ឋ​ចំពោះ​កម្ពុជា គេ​ក៏​អាច​ឃើញ​ពាក្យពេចន៍​ប្តេជ្ញាចិត្ត​របស់លោក​នាយក​រដ្ឋមន្ត្រី​ចំពោះ​រាជបល្ល័ង្គ​ដែរ។

នៅ​ថ្ងៃទី១៥តុលា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិនទាន់បាន​បញ្ច​ប់ទ​ស្សន​កិច្ច​នៅក្នុង​ប្រទេស​កល្យាណមិត្ត​ចិនប្រជាមានិត ដែលជា​មហាមិត្ត​របស់​ព្រះ​បរម​រតន​កោដ្ឋ​នៅឡើយ​ទេ។ តាមរយៈ​គណនី​ហ្វ៊េ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​នៅថ្ងៃនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​រត់​ចូល​ព្រៃម៉ាគី​តាម​ការអំពាវនាវ​រប​ស់​សម្តេចព្រះ​នរោត្តម សីហនុ កាលពីដើម​ទស្សវត្សរ៍១៩៧០នោះ បានប្រកាស​បន្ត​ដង្ហែ​តាម​ព្រះរាជតម្រិះ​របស់​សម្តេច​ឪ នរោត្តម សីហនុ និង​រាជបល្ល័ង្គ ដើម្បី​សន្តិភាព​នៃ​កម្ពុជា។

លោក ហ៊ុន សែន សរសេរ​យ៉ាង​ដូច្នេះ​ថា៖«ទូលព្រះបង្គំ សូម​សម្តែង​នូវ​ការគោរព​ដឹងគុណ​ដ៏​ខ្ពង់​ខ្ពស់បំផុត​ថ្វាយ​ចំពោះ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់ និង​បូជា​ចំពោះ​ជាតិ។ ទន្ទឹមនឹងនេះ ទូលព្រះបង្គំ​ប្តេជ្ញា​បន្ត​ដង្ហែ​តាម​ព្រះរាជតម្រិះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះអង្គ​ដើម្បី​ផ្តល់​សុខសន្តិភាព​ជូន​ប្រជារាស្ត្រ​ខ្មែរ និង​ថែរក្សា​ការពារ​ព្រះមហាក្សត្រ​កម្ពុជា និង​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត ដើម្បី​ព្រះអង្គ​ទាំង​ទ្វេ​គង់​ជា​ម្លប់​ដ៏​ត្រជាក់​សម្រាប់​ប្រទេសជាតិ​ទាំងមូល»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេចព្រះនរោត្តម សីហនុ គឺ​ជា​ដៃគូ​ចរចា​ស្វែងរកសន្តិភាព​ជូនប្រទេស​កម្ពុជា​ចាប់តាំង​ពី​ឆ្នាំ​១៩៨៧ រហូត​ដល់​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ស្តីពី​កម្ពុជា​នៅក្នុង​ឆ្នាំ​១៩៩១ និង​បន្ទាប់មាន​ការ​រៀបចំ​ការ​បោះឆ្នោតដោយសេរីលើកទីមួយ​នៅក្នុង​ឆ្នាំ​១៩៩៣ ។

គួររម្លឹកថា សម្តេចឪ នរោត្តម សីហនុ បាន​យាង​សោយ​ទិវង្គត​នៅក្នុង​រដ្ឋធានី​ប៉េកាំង​នៃ​ប្រទេស​ចិន​នៅ​ថ្ងៃទី១៥ តុលា ឆ្នាំ ២០១២ ។ ការ​សោយ​ទិវង្គត​នៃ​អង្គ​សម្តេចឪ នរោត្តម សីហនុ ដែលជា​ព្រះវររាជបិតា​ឯករាជ្យ​ជាតិ បានធ្វើ​ឲ្យ​មេដឹកនាំ​ក្នុង​ពិភពលោក​សម្តែង​ការសោកស្តាយ​ជា​ពន់ពេក៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?