Facebook Page ស​ម្តេចតេជោ​ ហ៊ុន សែន​ ៖ ​ចិនផ្តល់ជំនួយឥតសំណង​១ពាន់លានយន់ដល់កម្ពុជា

ទីក្រុងប៉េកំាង ៖​ នៅលើបណ្តាញទំនាក់ទំនង​សង្គម (Facebook) Page​ ផ្លូវការរបស់សម្តេចតេជោ ​ហ៊ុន សែន ​ដែលបង្ហោះនៅ​ប៉ុន្មាននាទីមុននេះថា ​បានសរសេរមាន​ខ្លឹមសារ​ទំាងស្រុងថា ​"ព្រឹកមិញនេះ ​សម្តេចតេជោ ​ហ៊ុន សែន និង ​សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ​បានផ្តល់កិត្តិយសជួប​សំណេះជាមួយសិស្ស​និស្សិតជាច្រើនរយនាក់​ នៅសាល​ប្រជុំសណ្ឋាគារ​ Raffles នាទីក្រុងប៉េកាំង ​។ ក្នុងនោះក៏មានការអញ្ជើញ​ចូលរួមពីគណៈប្រតិ​ភូរាជរដ្ឋាភិបាល​ជាន់ខ្ពស់ផងដែរ។

ទន្ទឹមនឹងការចូលរួម​គម្រប់ខួបបីឆ្នាំនៃការសោយទិ​វង្គតរបស់អតីតព្រះមហាក្សត្រកម្ពុជា ​​ព្រះបាទសម្តេចព្រះនរោត្តម ​សីហនុ នៅព្រឹកម៉ិញនេះ ​សម្តេចតេជោ ​ក៏បាន​រំឭក​ផងដែរអំពី​ការខិតខំប្រឹងប្រែងរបស់សម្តេចផ្ទាល់ ​និងគណបក្សប្រជាជនក្នុង​ការការពារព្រះរាជបល្ល័ង្ក ​និងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ដើម្បីគង់ជាម្លប់​ដ៏ត្រជាក់​បំផុតសម្រាប់កម្ពុជា។ ​ទំនាក់ទំនងជាប្រវត្តិសាស្រ្តកម្ពុជា-​ចិន តាំងពីជំនាន់សម្តេចតា ​ គឺបានធ្វើអោយប្រទេសទាំងពីរ ​មានភាពជិតស្និទ្ធខ្លាំង។

មហាមិត្តចិនមិនចង់បានអ្វីពីកម្ពុជាទេ ​គឺចង់ឃើញប្រទេសជាតិយើងរីកចម្រើន​។ សម្តេចឪ សម្តេចតា​ សម្តេចតាទួត និងសម្តេចតេជោ គឺបានពង្រឹងទំនាក់ទំនង​​ល្អ​ជាមួយ​ប្រមុខដឹកនាំចិន ​ហើយគាំទ្រយ៉ាងពេញទំហឹង​ចំពោះគោលនយោបាយចិនតែមួយ ​។ សម្តេចតេជោ ​បានខិតខំបន្តបង្រឹង​នូវវប្បធម៍មិត្តភាព​និង​សហប្រតិបត្តិការចិន​កម្ពុជា​គ្រប់កម្រិតទាំងអស់ ​​ដើម្បីប្រទេសទាំងពីរកាន់តែជិតស្និទ្ធខ្លាំងថែមទៀត។​ ប្រទេសចិនមានការពេញចិត្តខ្លាំង​ណាស់ចំពោះការដឹកនាំ​របស់សម្តេចតេជោ ​។ នេះជាដំណឹង​ល្អសម្រាប់កម្ពុជាទាំងមូល ​គឺប្រទេសចិននឹង​ផ្តល់ជំនួយឥតសំណងចំនួន​ ១ពាន់លានយ័ន្តដល់កម្ពុជា ​ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ​ដែលនឹងមានពិធី​​ចុះហត្ថលេខានៅ​ពេល​ដ៏ខ្លីខាងមុខ​នេះ។

សម្តេចតេជោ​ ហ៊ុន សែន ស្រឡាញ់សិស្ស និស្សិត ​និងយុវជនកម្ពុជាទូទាំងប្រទេស​។ សម្តេចបានផ្តាំផ្ញើដល់សិស្ស ​និស្សិតដែលកំពុងសិក្សា​នៅក្នុងប្រទេសចិនទាំងអស់ អោយខិតខំសិក្សា ​និងគោរពវិន័យសាលាឲ្យបានខ្ជាប់ខ្ជួន ​ព្រមទាំងគោរពច្បាប់ប្រទេស​ចិនឲ្យបានល្អ។ សម្តេចទាំងទ្វេ​បានឧបត្ថម្ភ​ដល់សិស្សនិស្សិត​ដែលបានមក​ចូលរួម​ថ្ងៃនេះក្នុងម្នាក់ៗចំនួន ៣០០​ ដុល្លារ ​ដើម្បីសម្រួលបន្ថែមដល់ជីរវភាពរស់នៅ​ និង សិក្សានៅក្នុង​ប្រទេសចិន "៕