អ្នក​តាម​ដាន​នយោបាយ៖ បក្ស​សង្គ្រោះ​ជាតិ​និង​ហ៊្វុនស៊ិនប៉ិច​មិន​អាច​ចង​សម្ព័ន្ធ​គ្នា​បាន

អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា វាយ​តម្លៃ​ថា គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ពិបាក​នឹង​ធ្វើ​ការ​រួម​គ្នា​បាន​ណាស់ ដោយ​ពួកគេ​លើក​ឡើង​ពី​មូលហេតុ​ចម្បង​ថា ប្រមុខ​ដឹកនាំ​បក្ស​ទាំង​ពីរ​មាន​ចំណុច​ខ្វែង​គ្នា​ច្រើន និង​សុទ្ធ​តែ​មាន​អំនួត​លើ​ឆាក​នយោបាយ​រៀងៗ​ខ្លួន។

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា មួយ​ចំនួន​បាន​​មើល​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ពិបាក​នឹង​ឈាន​ទៅ​ដល់​ការ​ចរចា​ចង​សម្ព័ន្ធ​នឹង​គ្នា​នោះ ដោយសារ​តែ​ការ​មិន​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​មេដឹកនាំ​គណបក្ស​ទាំង​ពីរ។

លោក អ៊ូ វីរៈ នាយក​វេទិកា​អនាគត​យល់​ឃើញ​ថា គណបក្ស​ទាំង​ពីរ​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​បើសិនជា​ពួកគេ​ជជែក​គ្នា​អំពី​ការ​បង្រួបបង្រួម ហើយ​បើសិនជា​អាច​ចង​សម្ព័ន្ធ​គ្នា​បាន គណបក្ស​រួបរួម​ថ្មី​នឹង​អាច​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​ក្នុង​ការ​សម្រេច​ជោគវាសនា​របស់​ជាតិ។

យ៉ាង​នេះ​ក្ដី លោក អ៊ូ វីរៈ ហាក់​មិន​មាន​ជំនឿ​ទៅ​លើ​មេ​បក្ស​ទាំង​ពីរ​ថា អាច​នឹង​ចង​សម្ព័ន្ធ​គ្នា​បាន​នោះ​ឡើយ ពីព្រោះ​ពួកគេ​សុទ្ធ​តែ​ជា​មេដឹកនាំ​ដែល​មាន​ចរិត​អំនួត៖ «ខ្ញុំ​ថា បើ​រួបរួម​គ្នា​ក្នុង​ន័យ​ដែល​មាន​គោលនយោបាយ​ច្បាស់លាស់ ទស្សនវិស័យ​ដូច​គ្នា ហើយ​និង​បទបញ្ជា​ផ្ទៃក្នុង និង​រចនាសម្ព័ន្ធ​ជា​របៀប​ប្រជាធិបតេយ្យ ចងក្រង​វិន័យ​ផ្ទៃក្នុង​បក្ស នេះ​មើល​ទៅ​គួរ​តែ​រួបរួម​គ្នា។ ប៉ុន្តែ​បើ​រួបរួម​ដើម្បី​ចែក​អំណាច​គ្នា ចែក​តំណែង​គ្នា​ក្នុង​បក្ស វា​ជា​រូបមន្ត​នៃ​ការ​ប្រេះស្រាំ​ទៅ​វិញ​ទេ»

ចំណែក​លោក អ៊ូ រិទ្ធី ស្ថាបនិក​ក្រុម​យុវជន​កាហ្វេ​នយោបាយ​វិញ យល់​ឃើញ​ថា គណបក្ស​ទាំង​ពីរ​គួរ​តែ​ជជែក​គ្នា​អំពី​ការ​បង្រួបបង្រួម​ដើម្បី​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត។ ប៉ុន្តែ​លោក​បាន​សង្កត់ធ្ងន់​ទៅ​លើ​សមាសភាព​របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ថា​អាច​នឹង​ធ្វើ​ឱ្យ​សមាជិក​មួយ​ចំនួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​ពេញ​ចិត្ត។

លោក អ៊ូ រិទ្ធី៖ «នយោបាយ​ឥឡូវ វា​ចែក​ជា​ពីរ​ហើយ គឺ​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ។ វា​ចែក​សឹងតែ​ពាក់​កណ្ដាលៗ​ម្នាក់។ គណបក្ស​ហ៊្វុនស៊ិនប៉ិច​មួយ​ដែល​នៅ​មិន​ច្បាស់។ ការ​ឈរ​ជើង​នេះ គឺ​មិន​ច្បាស់លាស់ ហើយ​ប្រជាជន​គាត់​ដឹង​ថា តើ​ប្រឆាំង ឬ​ក៏​ស្រប? អ៊ីចឹង​ជំហរ​បែប​ហ្នឹង​ពិបាក​ចូល​គ្នា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​កាលណា​ចូល​គ្នា​ទៅ ធ្វើ​ឱ្យ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ការ​អាក់អន់​ចិត្ត​ជា​ជាង​ការ​ចំណេញ»

ទស្សនៈ​របស់​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​ទាំង​ពីរ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ព័ត៌មាន​ថា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច មាន​បំណង​នឹង​ជួប​ជជែក​គ្នា​អំពី​គម្រោង​ចង​សម្ពន្ធភាព។

យ៉ាង​ណា​ក៏ដោយ​ចុះ លោក សម រង្ស៊ី នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៤ ខែ​តុលា បាន​បដិសេធ​ដាច់អហង្ការ​ចំពោះ​ការ​លើក​ឡើង​ខាង​លើ។ លោក សម រង្ស៊ី បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​បំណង ឬ​ចេតនា​ណា​មួយ​ក្នុង​ការ​ចង​សម្ពន្ធភាព​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជាពិសេស​ជាមួយ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នោះ​ឡើយ៖ «យើង​ជឿជាក់​ថា មិន​មាន​សារសំខាន់ មិន​មាន​ផលប្រយោជន៍​អ្វី​ទាល់តែសោះ​ទៅ​និយាយ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ប្រជារាស្ត្រ​ខ្មែរ​ដឹង​អស់​ហើយ ស្គាល់​ក្រយៅ​អស់​ហើយ ថា​សុទ្ធតែ​ជា​មនុស្ស​អសមត្ថភាព មនុស្ស​មិន​ស្មោះត្រង់​ជាមួយ​ប្រជារាស្ត្រ ហើយ​និង​ជា​មនុស្ស​ដែល​ធ្វើ​រណប​គេ។ យើង​មិន​ត្រូវការ មិន​ចាំបាច់​ទេ»

ចំណែក​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ វិញ បាន​បញ្ជាក់​ជំហរ​ថា ព្រះអង្គ​សុំ​ស្វាគមន៍ បើសិនជា​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ចូល​គាល់​ព្រះអង្គ ដើម្បី​ពិភាក្សា​គ្នា​ពី​ការ​បង្រួបបង្រួម​គណបក្ស​ទាំង​ពីរ។ ទ្រង់​មាន​បន្ទូល​បែប​នេះ​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៤ ខែ​តុលា បន្ទាប់​ពី​យាង​ត្រឡប់​ពី​ប្រទេស​ថៃ។

កាល​ពី​ឆ្នាំ​២០០៣ លោក សម រង្ស៊ី ដែល​កាលណោះ​ជា​ប្រធាន​គណបក្ស សម រង្ស៊ី បាន​រួបរួម​គ្នា​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បង្កើត​ជា​សម្ពន្ធភាព​អ្នក​ប្រជាធិបតេយ្យ តែ​នៅ​ទី​បំផុត​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​បោះបង់​លោក សម រង្ស៊ី ហើយ​ទៅ​ចាប់ដៃ​ជាមួយ​លោក ហ៊ុន សែន បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា វិញ។ បរិបទ​នយោបាយ​នៅ​ពេល​នេះ គេ​នៅ​រង់ចាំ​មើល​ទៀត​ថា តើ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច អាច​បង្រួម​បង្រួម​គ្នា​ដើម្បី​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាង​មុខ ឬ​យ៉ាង​ណា?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។