សង្គម​ស៊ីវិល​សាទរ​ក្រសួង​អប់រំ​ដាក់​ទណ្ឌកម្ម​ខាង​វិន័យ​លើ​គ្រូបង្រៀន​នៅ​ខេត្ត​ស្វាយរៀង

ទាញ​យក​កម្មវីធី

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​ផ្នែក​សិទ្ធិ​មនុស្ស បាន​សាទរ​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​ខាង​វិន័យ​លើ​គ្រូបង្រៀន​ម្នាក់ ដែល​បាន​ដាក់​ទណ្ឌកម្ម​ដល់​សិស្ស​ស្រី ដោយ​ឲ្យ​សម្រាត​សំពត់​នៅ​ចំពោះ​មុខ​មិត្ត​រួម​ថ្នាក់​កាល​ពី​ពេល​កន្លង​ទៅ។ ទន្ទឹម​គ្នា​នេះ សង្គម​ស៊ីវិល​ក៏​បាន​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ បន្ត​ពន្លឿន​ដោះស្រាយ​សំណុំ​រឿង​នេះ​តាម​ផ្លូវ​តុលាការ​ឲ្យ​បាន​ឆាប់​រហ័ស។

មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល យល់​ថា ចំណាត់​ការ​របស់​ក្រសួង គឺ​ជា​សញ្ញា​វិជ្ជមាន ប៉ុន្តែ​សង្គម​ស៊ីវិល​នៅ​តែ​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ ជំរុញ​ដំណើរ​ការ​សំណុំ​រឿង​គ្រូបង្រៀន​ដាក់​ពិន័យ​កុមារី​អាយុ ១១​ឆ្នាំ ដែល​បាន​អូស​បន្លាយ​ជាច្រើន​ខែ ដោយ​អំពើ​អសីលធម៌ ដើម្បី​ស្វែងរក​យុត្តិធម៌​ដល់​កុមារី​រងគ្រោះ។

ការ​លើក​ឡើង​របស់​សង្គម​ស៊ីវិល ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ព័ត៌មាន​ស្ដីពី​ការ​ដាក់​ទណ្ឌកម្ម​ខាង​វិន័យ លើ​ករណី​ដាក់​ទណ្ឌកម្ម​ដល់​សិស្ស​ស្រី​ដោយ​អសីលធម៌​ក្នុង​ពេល​បង្រៀន នៅ​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា។

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ក្រសួង​បាន​ដាក់​វិន័យ ៣​ករណី​លើ​គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា ហ៊ុន សែន វត្ត​ថ្មី គឺ​លោក ដួង សានេត ដែល​បាន​ដាក់​ទណ្ឌកម្ម​ដល់​សិស្ស​ស្រី​ដោយ​អសីលធម៌​ក្នុង​ពេល​បង្រៀន គឺ​ទី​១ ក្រសួង​បាន​ស្តី​បន្ទោស​ជា​លាយលក្ខណ៍​អក្សរ។ ទី​២ ក្រសួង​បាន​ផ្លាស់​ចេញ​ដោយ​បង្ខំ ដោយ​ឲ្យ​បំពេញ​ការងារ​នៅ​ការិយាល័យ​អប់រំ យុវជន និង​កីឡា ស្រុក​រំដួល និង​ទី​៣ ក្រសួង​តម្រូវ​ឲ្យ លោក ដួង សានេត បំពេញ​ការងារ​រដ្ឋបាល​តូចតាច​នៅ​ការិយាល័យ​អប់រំ យុវជន និង​កីឡា ស្រុក​រំដួល។ ជាង​នេះ​ទៀត ក្រសួង​អប់រំ អះអាង​ថា ទណ្ឌកម្ម​ខាង​វិន័យ​ទាំង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២ មិថុនា បន្ត​ដល់​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០១៥ មក​ម្ល៉េះ។

ទាក់ទិន​នឹង​ការ​ដាក់​វិន័យ​នេះ​ដែរ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ប្រចាំ​នៅ​ក្នុង​ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណរ័ត្ន មាន​ប្រសាសន៍​ថា វា​ជា​សញ្ញា​ល្អ នឹង​កំពុង​ជំរុញ​ឲ្យ​ក្លាយ​ជា​វិន័យ​គំរូ​ដល់​គ្រូ​ដទៃ ឲ្យ​មាន​ការ​ខ្លាច​រអា​ចំពោះ​ទង្វើ​អសីលធម៌​នានា ពិសេស​ករណី​ដូច លោក ដួង សានេត៖ «ចំណាត់​ការ​ដែល​អាច​ជួយ​ប៉ះប៉ូវ និង​ស្ដារ​កិត្តិយស​ក្មេង​ស្រី​រងគ្រោះ​វិញ ទាល់​តែ​នីតិវិធី​ព្រហ្មទណ្ឌ​ដែល​ជា​នីតិវិធី​របស់​តុលាការ អាច​មាន​ជា​សំណង​រដ្ឋប្បវេណី និង​ការ​ដាក់​ទោស​ទណ្ឌ​លើ​ជនល្មើស»

ជាង​នេះ​ទៀត ទន្ទឹម​នឹង​ការ​សាទរ​នេះ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ បាន​ឲ្យ​ដឹង​ដែរ​ថា ទោះ​ជា​ចំណាត់​ការ​របស់​ក្រសួង​អប់រំ នៅ​ពេល​នេះ​ផ្តល់​ជា​គំរូ​ដល់​គ្រូ​ដទៃ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ចំណាត់​ការ​រដ្ឋបាល​ប៉ុណ្ណោះ ហើយ​វា​នៅ​តែ​មិន​ទាន់​អាច​ឆ្លើយ​តប​នឹង​ការ​ខូចខាត​កិត្តិយស​របស់​ក្មេង​ស្រី​ម្នាក់​នោះ​បាន​ឡើយ។ លោក​ថា ករណី​នេះ គឺ​ជា​បទល្មើស​ព្រហ្មទណ្ឌ ដែល​មាន​ស្ថាន​ទម្ងន់​ទោស​ដោយ​បាន​ប្រព្រឹត្ត​លើ​អនីតិជន ដូច្នេះ​ករណី​នេះ​នៅ​តែ​ទាមទារ​នីតិវិធី​របស់​តុលាការ៖ «ការ​ដាក់​វិន័យ​នេះ គឺ​ជា​លក្ខណៈ​មួយ​ល្អ​ដែរ​របស់​ក្រសួង​អប់រំ ដែល​ធ្វើ​ឲ្យ​បណ្ដា​គ្រូ​ដទៃ​ទៀត​នៅ​ទី​ជនបទ និង​ជា​ការ​ព្រមាន កុំ​ឲ្យ​គ្រូ​ចេះ​តែ​ធ្វើ​ទង្វើ​អសីលធម៌​ណា​មួយ​ដាក់​សិស្ស​ដទៃ​ទៀត»

តាម​ច្បាប់ គ្រូបង្រៀន​រូប​នេះ​អាច​ប្រឈម​នឹង​បទ​ព្រហ្មទណ្ឌ តាម​មាត្រា​៤៣ នៃ​ច្បាប់​ស្ដីពី​ការ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវ​ភេទ ទាក់ទិន​នឹង​អំពើ​អាស ដែល​សំដៅ​ដល់​ការ​ប៉ះពាល់​ការ​បង្ហាញ​កេរ្តិ៍​ភេទ ឬ​ផ្នែក​ផ្សេង​ទៀត​នៃ​ភេទ​របស់​ជន​ដទៃ ឬ​ការ​ឲ្យ​ជន​ដទៃ​ប៉ះពាល់​កេរ្តិ៍​ភេទ ឬ​ផ្នែក​ភេទ​ផ្សេង​ទៀត​របស់​ជនល្មើស​ខ្លួន​ឯង ឬ​របស់​តតិយជន ក្នុង​ចេតនា​ធ្វើ​ឲ្យ​រំជួល ឬ​រីករាយ​ដល់​ចំណង់​ផ្លូវ​ភេទ​របស់​ជនល្មើស។ ជន​ណា​ដែល​ប្រព្រឹត្ត​អំពើ​អាស​ទៅ​ជន​មាន​អាយុ​តិច​ជាង ១៥​ឆ្នាំ នឹង​ត្រូវ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី ១​ឆ្នាំ​ដល់ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល​ដល់ ៦​លាន​រៀល។

ចំណែក​ឯ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ចុះ​ថ្ងៃ​ទី​១៤ តុលា នេះ បង្ហាញ​ថា ទណ្ឌកម្ម​ខាង​វិន័យ​ដែល​លោកគ្រូ ដួង សានេត បាន​ទទួល​នេះ គឺ​ឆ្លើយ​តប​ទៅ​នឹង​មាត្រា​៤០ នៃ​ច្បាប់​ស្ដីពី​សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួច​រាល់​ហើយ។ រីឯ​ទណ្ឌកម្ម​តាម​ផ្លូវ​ច្បាប់​ផ្សេង​ទៀត គឺ​ជា​សមត្ថកិច្ច​របស់​តុលាការ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា ពុំ​មាន​សមត្ថកិច្ច​ធ្វើ​អន្តរាគមន៍​ឡើយ។

ផ្ទុយ​ទៅ​វិញ អ្នក​ការពារ​សិទ្ធិ​មនុស្ស​បញ្ជាក់​ថា សំណុំ​រឿង​នេះ​កំពុង​ឋិត​ក្នុង​ដៃ​ព្រះរាជអាជ្ញា​អម​តុលាការ​ខេត្ត​ស្វាយរៀង ដែល​បាន​អូស​បន្លាយ​ជាច្រើន​ខែ និង​នៅ​តែ​មិន​ទាន់​បាន​ចាត់​ការ​នៅ​ឡើយ បើ​ទោះ​ជា​ក្រុម​គ្រួសារ​របស់​ក្មេង​ស្រី បាន​ដាក់​ពាក្យ​បណ្ដឹង​នៅ​តុលាការ​ខេត្ត​នេះ​រួច​ហើយ​នោះ ហើយ​ទាំង​ក្រុម​គ្រួសារ និង​ក្មេង​ស្រី​រងគ្រោះ ក៏​ធ្លាប់​បាន​អំពាវនាវ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ឲ្យ​ក្មេង​ស្រី​រូប​នេះ​យ៉ាង​ណា​ក៏ដោយ។

ជាង​នេះ​ទៀត ទាំង​សង្គម​ស៊ីវិល និង​គ្រួសារ​ក្មេង​ស្រី​រងគ្រោះ នៅ​តែ​ទទូច​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​តុលាការ​ខេត្ត​ស្វាយរៀង ពន្លឿន​រឿង​ក្ដី​នេះ ព្រោះ​ពួក​គេ​បារម្ភ​ថា ការ​ទុក​ពេលវេលា​ឲ្យ​អូស​បន្លាយ​បន្ថែម​ទៀត អាច​ជា​ឱកាស​ឲ្យ​មាន​ការ​គេច​ខ្លួន​ណា​មួយ​របស់​អ្នក​ប្រព្រឹត្តិ​ល្មើស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។