សម្តេច​តេ​ជោ ណែនាំ​ដល់​និស្សិត​កម្ពុ​ជាជាង​១០០​នាក់ កំពុង​សិក្សា​នៅ​ប្រទេស​ចិន សិក្សា​ស្រាវជ្រាវ​ពី​របកគំហើញ​ថ្មីៗ​

ភ្នំពេញ: និស្សិត​កម្ពុជា​ចំនួន​១៤៦​នាក់ ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ចិន ត្រូវបាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន អនុញ្ញាត​ឲ្យ​ចូលជួប​សំដែង​ការគួរសម ដើម្បី​ទទួល​នូវ​អនុសាសន៍ និង​ដំបូន្មាន​មួយចំនួន​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី មាននិយាយ​ទៅកាន់​និស្សិត ក្មួយៗ​ក្នុងឱកាស​នោះ​ថា ការជួបជុំ​ក្មួយៗ​និង​ចៅៗ​ទាំងអស់​នៅពេលនេះ គឺ​ស្របពេល​ទៅនឹង​ការ​ប្រារព្វ​ខួប​៣​ឆ្នាំ​នៃ​ការយាង​ចូល​ព្រះ​ទិ​វ​ង្គ​របស់​ព្រះករុណា​ព្រះមហាវីរក្សត្រ​ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​នៃ​យើងទាំងអស់គ្នា​។ តាមរយៈ​នៃ​ការជួប​ជុំគ្នា​នោ​ពេលនេះ សម្តេច​មានប្រសាសន៍ ឲ្យ​យើងទាំងអស់គ្នា​ត្រូវតែ​គោរព​ចងចាំ​ថ្ងៃទី​១៥​តុលា​នេះ គឺជា​ការបាត់បង់​នូវ​ព្រះបិតា​ជាតិ សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​យើង ហើយ​តាមរយៈ​ថ្ងៃនេះ​ដែរ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​ក្នុងប្រទេស​កម្ពុជា បាន​ប្រារព្វ​រៀបចំ​ព្រះ​រាជពិធី​ឧទ្ទិស​ថ្វាយ​ចំពោះ​ព្រះ​វិញ្ញាណក្ខន្ធ របស់​ព្រះអង្គ ហើយ​យើង​នៅទីនេះ ក្នុងប្រទេស​ចិន សម្តេច ស្នើសុំ​ឲ្យ ក្មួយៗ​និង​ចៅៗ​ទាំងអស់ ក៏ដូចជា​គណៈប្រតិភូ​ទាំងមូល​ផងដែរ អញ្ជើញ​ក្រោកឈរ​ដើម្បី​គោរព​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ​ជាទីគោរព​សក្ការៈ​នៃ​យើង​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ សំដែង​នូវ​ការវាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ដល់​និស្សិត អាហារូបករណ៍​កម្ពុជា​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព ក្នុងការ​ស្នាក់នៅ​សិក្សា​រៀនសូត្រ ប្រកបដោយ​លទ្ធផល​ដ៏​ត្រចះត្រចង់ ក្នុង​រយៈពេល​កន្លងមក ពិសេស​ការធ្វើទំនាក់ទំនង​ល្អ​ក្នុង​ជួរ​និស្សិត ដែល​ស្នាក់នៅ​សិក្សា​រៀនសូត្រ​ជាមួយគ្នា ក៏ដូចជា​ធ្វើ​ទំនាក់ទំនង​ល្អជា​មួយ សាស្ត្រាចារ្យ អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ រួមទាំង​ជាមួយនិង​បងប្អូន​ប្រជាពលរដ្ឋ​ចិន​ផ្ទាល់​តែម្តង​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ផ្តល់នូវ​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ ជូន​ដល់​និស្សិត​ត្រូវ​បន្ត​នូវ​ស្មារតី​គោរព​ស្រឡាញ់ និង​ចេះ​ជួយ​យកអាសារ​ពីគ្នា​ទៅវិញទៅមក ការធ្វើទំនាក់ទំនង​ល្អ​ជាមួយនិង​និស្សិត ដែល​ស្នាក់នៅ​សិក្សា​រៀនសូត្រ​ជាមួយគ្នា ពិសេស​ការបន្ត​នូវ​ប្រពៃណី​មិត្តភាព កិច្ចសហប្រតិបត្តិការ​ល្អ ទាំង​ក្នុង​ការសិក្សា​នាពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត​។
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ធ្វើការ​ដាស់តឿន ដល់​និស្សិត​អាហារូបករណ៍​ទាំងអស់ ត្រូវគោរព​វិន័យ​និង​សេចក្តីថ្លៃថ្នូរ ក្នុងការ​សិក្សា​រៀនសូត្រ ត្រូវ​រស់នៅ​ស្អាត​ហូប​ស្អាត និង​មិនត្រូវ​បង្កបញ្ហា​អ្វី​ដល់​ដល់​ការសិក្សា​និង​ការ​ស្នាក់នៅ និង​មួយផ្នែក​ទៀត ត្រូវ​ចូលរួម​នៅក្នុង​ការងារ​សង្គម​ឲ្យ​បាន​ច្រើន​និង​ទូលំទូលាយ​។ ជាមួយគ្នា​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ធ្វើការ​ណែនាំ​ដល់​និស្សិត​អាហារូបករណ៍​ទាំងអស់ ត្រូវមាន​មនសិកា​សាមគ្គី​គ្នា​ក្នុង​ការសិក្សា​ស្រាវជ្រាវ​ពី​របកគំហើញ​ថ្មីៗ ដែល​ទាក់ទិន​ទៅ​និង​កម្មវិធីសិក្សា ពិសេស​ការរីកចម្រើន​ក្នុង​អាស៊ាន ក៏ដូចជា​ការវិវត្តន៍​នៃ​សភាពការណ៍​ពិភពលោក​។ ដោយសារតែ​ឆ្នាំ​២០១៥ គឺជា​ឆ្នាំ​ដែល​សហគមន៍​អាស៊ាន​ចាប់បដិសន្ធិ​ពេញ​រូបរាង​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានធ្វើ​ការណែនាំ​ដល់​និស្សិត​អាហារូបករណ៍​ទាំងអស់ បង្កើន​ការប្រកួតប្រជែង​និង​ប្រៀប​ឈ្នះ ក្នុងការ​ទទួលបាន​នូវ​ចំណេះដឹង​ចំណេះធ្វើ​ពិតប្រាកដ ក្នុងការ​ដណ្តើម​ឧត្តមភាព​លើ​ទីផ្សារការងារ សម្រាប់​អនាគត​របស់​បុគ្គល​ម្នាក់ៗ និង​សម្រាប់​ការអភិវឌ្ឍ​តំបន់​របស់​យើង​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។ ជាមួយគ្នានេះ សម្តេច​តេ​ជោ មានប្រសាសន៍​ស្នើ​ដល់​និស្សិត​ទាំងអស់ បង្កើន​នូវ​ការយកចិត្ត​ទុក​ខ្ពស់​ក្នុង​ការធ្វើទំនាក់ទំនង​ល្អជា​មួយ នឹង​និស្សិត​ក៏ដូចជា​ថ្នាក់ដឹកនាំ​ចិន ព្រោះថា​ចិន​គឺជា​មិត្ត​ដ៏​ល្អ​របស់​កម្ពុជា និង​បាន​ជួយ​កម្ពុជា​ដល់​ការស្តារ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​កម្ពុ​ជាមាន​ការរីកចម្រើន​យ៉ាងខ្លាំង ក្នុងពេល​បច្ចុប្បន្ន​នឹង​ទៅ​អនាគត​។ នៅក្នុង​ពិធី​សំណេះសំណាល​គ្នា​នោះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​នាំយក​នូវ​ថវិកា​មួយចំនួន ចែកជូន​ដល់​និស្សិត​អាហារូបករណ៍​ទាំង​១៤៦​រូប​ផងដែរ​៕​

សម្តេច​តេ​ជោ ណែនាំ​ដល់​និស្សិត​កម្ពុ​ជាជាង​១០០​នាក់ កំពុង​សិក្សា​នៅ​ប្រទេស​ចិន សិក្សា​ស្រាវជ្រាវ​ពី​របកគំហើញ​ថ្មីៗ​

សម្តេច​តេ​ជោ ណែនាំ​ដល់​និស្សិត​កម្ពុ​ជាជាង​១០០​នាក់ កំពុង​សិក្សា​នៅ​ប្រទេស​ចិន សិក្សា​ស្រាវជ្រាវ​ពី​របកគំហើញ​ថ្មីៗ​

សម្តេច​តេ​ជោ ណែនាំ​ដល់​និស្សិត​កម្ពុ​ជាជាង​១០០​នាក់ កំពុង​សិក្សា​នៅ​ប្រទេស​ចិន សិក្សា​ស្រាវជ្រាវ​ពី​របកគំហើញ​ថ្មីៗ​