ពលករ​ខ្មែរ​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ថៃ​តាម​ច្រក​ប៉ោយប៉ែត​ក្រោយ​បុណ្យ​ភ្ជុំ​បិណ្ឌ​តិច​ជាង​ឆ្នាំ​មុន

ទាញ​យក​កម្មវីធី

ពលករ​ខ្មែរ​ដែល​ត្រឡប់​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​មាន​ចំនួន​តិច​ជាង​ឆ្នាំ​មុនៗ។ មន្ត្រី​ទំនាក់​ទំនង​កម្ពុជា-ថៃ នៅ​ច្រក​ទ្វារ​ព្រំដែន​ប៉ោយប៉ែត បញ្ជាក់​ថា ការ​ថយ​ចុះ​នេះ​ដោយសារ​សមត្ថកិច្ច​ថៃ រឹត​បន្តឹង​ទៅ​លើ​ពលករ​ដែល​ប្រើ​ប័ណ្ណ​ការងារ​ពណ៌​ស៊ី​ជម្ពូ​ចេញ​ចូល​ច្រើន​ពេក។

អ្នក​រត់​តាក់ស៊ី​ពី​ទី​រួម​ខេត្ត​បាត់ដំបង ទៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ខក​បំណង​ក្នុង​ការ​រក​ប្រាក់​ចំណូល​ពី​របរ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ត្រឡប់​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ វិញ។

អ្នក​រត់​តាក់ស៊ី​ម្នាក់ គឺ​លោក ប៊ុន សេន ថ្លែង​នៅ​ថ្ងៃ​ទី​១៤ តុលា ថា របរ​រត់​តាក់ស៊ី​ដឹក​អ្នក​ដំណើរ​ក្រោយ​បុណ្យ​ភ្ជុំ​បិណ្ឌ​មាន​ការ​ថយ​ចុះ​ជា​ខ្លាំង គឺ​ប្រមាណ ៥០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​មុនៗ។ លោក​អះអាង​ថា កាល​ពី​ឆ្នាំ​កន្លង​ទៅ លោក​អាច​ដឹក​អ្នក​ដំណើរ​ប្រមាណ​ពី​ពីរ​ទៅ​បី​ជើង​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​ឆ្នាំ​នេះ ដឹក​បាន​តែ​មួយ​ជើង​ក្នុង​ថ្ងៃ​ប៉ុណ្ណោះ។ លោក​បន្ត​ថា ការ​ថយ​ចុះ​អ្នក​ដំណើរ​នេះ ដោយសារ​ពលករ​ខ្មែរ​មួយ​ចំនួន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ដូង ក្នុង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង ច្រើន​ជាង​ឆ្នាំ​មុនៗ៖ «អ្នក​ធ្វើ​ដំណើរ​តាម​រថយន្ត​របស់​ខ្ញុំ ភាគ​ច្រើន​ពួក​គាត់​និយាយ​ថា ត្រឡប់​ទៅ​ធ្វើ​ការ​ប្រទេស​ថៃ វិញ​តាម​ច្រក​ដូង ខេត្ត​បាត់ដំបង ព្រោះ​ច្រក​នេះ​ងាយ​ស្រួល​ចេញ​ចូល​ជាង​ច្រក​ប៉ោយប៉ែត»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ ប្រធាន​ក្រុម​ការងារ​ទំនាក់​ទំនង​កម្ពុជា-ថៃ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត លោក សៅ វាសនា មាន​ប្រសាសន៍​ថា ពលករ​ដែល​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដែល​ប្រើ​ប័ណ្ណ​ការងារ​ពណ៌​ស៊ី​ជម្ពូ ធ្វើ​ដំណើរ​ឆ្លង​ដែន​តាម​ច្រក​ប៉ោយប៉ែត មាន​ចំនួន​តិច​ជាង​ឆ្នាំ​មុនៗ។ ប័ណ្ណ​ពណ៌​ស៊ី​ជម្ពូ គឺ​ជា​ប័ណ្ណ​ការងារ ដែល​ពលករ​ប្រើប្រាស់​ធ្វើ​ការ​ក្នុង​ខេត្ត​ដែល​ខ្លួន​រស់នៅ​ក្នុង​ប្រទេស​ថៃ ហើយ​មាន​សុពលភាព​ប្រមាណ​មួយ​ឆ្នាំ។

លោក សៅ វាសនា បញ្ជាក់​ថា មូលហេតុ​ដែល​ពលករ​ធ្វើ​ដំណើរ​ថយ​ចុះ​នេះ ដោយសារ​សមត្ថកិច្ច​ថៃ រឹត​បន្តឹង​ទៅ​លើ​ពលករ​ដែល​ពុំ​មាន​លិខិត​ឆ្លង​ដែន​ចូល​តាម​ច្រក​នេះ​ត្រឹមត្រូវ។ ទោះ​យ៉ាង​នេះ​ក្តី លោក​អះអាង​ថា ពលករ​ដែល​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​ស្រប​ច្បាប់​ក្នុង​ការ​ធ្វើ​ដំណើរ ហាក់​ពុំ​មាន​ការ​ថយ​ចុះ​នោះ​ទេ៖ «ព្រោះ​ពលករ​ដែល​ទៅ​ធ្វើ​ការ​ប្រទេស​ថៃ ដោយ​ប្រើ​ប័ណ្ណ​ពណ៌​ស៊ី​ជម្ពូ ភាគ​ច្រើន​នាំ​គ្នា​ចេញ​តាម​ច្រក​ដូង ខេត្ត​បាត់ដំបង ជំនួស​វិញ»

ចំណែក​ឯ​មេ​បញ្ជាការ​ប៉ូលិស​ការពារ​ព្រំដែន​វរៈ​លេខ​៩១១ ប្រចាំ​ការ​ជាយដែន​ខេត្ត​បន្ទាយមានជ័យ លោក សូរ ចាន់ណារី មាន​ប្រសាសន៍​ថា ក្រោយ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ គឺ​ពុំ​មាន​ពលករ​ដែល​ឆ្លង​ដែន​ទៅ​ធ្វើ​ការងារ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ តាម​ច្រក​របៀង​ជាយដែន​ស្រុក​អូរជ្រៅ និង​ក្រុង​ប៉ោយប៉ែត នោះ​ទេ៖ «ចាប់​តាំង​ពី​រដ្ឋាភិបាល​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​លិខិត​ឆ្លង​ដែន ទៅ​ធ្វើ​ការ​ក្រៅ​ប្រទេស​ស្រប​ច្បាប់​មក គឺ​ពលករ​ទៅ​ធ្វើ​ការ​ខុស​ច្បាប់ បាន​ថយ​ចុះ​ជា​បន្តបន្ទាប់​តែ​ម្ដង»

ទោះ​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ពលករ​ខ្មែរ​ដែល​វិល​ត្រឡប់​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់ កើត​មាន​ច្រើន​នៅ​ខេត្ត​បន្ទាយមានជ័យ។ លោក​ថា ការ​ធ្វើ​ដំណើរ​របស់​ពលករ​បែប​នេះ ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត ដែល​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​មាន​វិធានការ​ទប់ស្កាត់ និង​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ធ្វើ​ការងារ​ដោយ​ស្រប​ច្បាប់​វិញ៖ «ព្រោះ​អី​នៅ​ក្រោយ​បុណ្យ​ភ្ជុំ​នេះ ពលករ​ជាច្រើន​នាក់​នៅ​តែ​នាំ​គ្នា​ឆ្លង​ទឹក​ឆ្លង​អូរ ដើម្បី​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ទាំង​ប្រថុយប្រថាន​ដដែល»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត គឺ​លោក ស៊ឹម សំអាត ដើម្បី​បញ្ជាក់​អំពី​ចំនួន​ពលករ​ដែល​ទៅ​ធ្វើ​ការ​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ តាម​ច្រក​ប៉ោយប៉ែត បាន​ទេ​នៅ​ថ្ងៃ​ទី​១៤ តុលា។ ប៉ុន្តែ លោក​អះអាង​កាល​ពី​មុន​បុណ្យ​ភ្ជុំ​បិណ្ឌ​ថា ចំនួន​ពលករ​ដែល​ចូល​តាម​ច្រក​ប៉ោយប៉ែត នេះ​បាន​ថយ​ចុះ​ប្រមាណ ៣០០​នាក់​ក្នុង​មួយ​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។