ធ្លាប់ឆ្ងល់ដែរទេថា ហេតុអ្វីបង ឬក៏ប្អូនរបស់យើង មានកម្ពស់ខ្ពស់ រីឯខ្លួនឯងវិញ ទាបអញ្ចឹង?

អង់គ្លេស៖ របាយការណ៍ថ្មីមួយ របស់ក្រុមអ្នកវិទ្យាសាស្ត្រ បានកំពុងតែធ្វើឲ្យមនុស្ស ជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយក្នុងនោះគឺបានបង្ហាញថា ការចាប់កំណើតរបស់ ទារកទៅតាមខែនីមួយៗ គឺភាគច្រើនមានសុខភាព និងការលូតលាស់ផ្នែកកម្ពស់ ខុសៗគ្នា។

យោងតាមប្រភព របាយការណ៍ របស់ក្រុមអ្នកវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Cambridge របស់ប្រទេស អង់គ្លេស បានបង្ហាញឲ្យដឹងថា ការលូតលាស់ផ្នែកកម្ពស់ និងសុខភាព របស់មនុស្សម្នាក់ ក៏អាចទទួលរង ឥទ្ធិពលទៅតាមខែ ដែលពួកគេចាប់កំណើតផងដែរ ពោលគឺទារកដែល កើតចំខែ នៅក្នុងអំឡុងរដូវក្តៅ ភាគច្រើន គឺមានកម្ពស់ខ្ពស់ ជាងទារកដែលកើត ចំខែក្នុងអំឡុង រដូវត្រជាក់។

ក្នុងនោះអ្នកវិទ្យាសាស្ត្រ ក៏បានបញ្ជាក់បន្ថែមថា ភាគច្រើនទារកដែលកើត នៅក្នុងខែ មិថុនា កក្កដា និងសីហា គឺមានទម្ងន់ធម្មតា នៅពេលចាប់កំណើត ហើយនឹងមានកម្ពស់ខ្ពស់ នៅពេលដែលពួកគេ ធំពេញវ័យ ស្របពេលដែល ទារិកាចាប់កំណើត ក្នុងអំឡុងខែទាំងនេះ នឹងអាចឈានចូលដល់ ពេលពេញវ័យ ហាក់រាងយូរបន្តិច តែពួកគេនឹងអាច មានសុខភាពល្អ នៅពេលវ័យកាន់តែចាស់។

ក្រៅពីនេះ ទារក និងទារិកាដែលកើត នៅក្នុងខែធ្នូ មករា និងកុម្ភៈ ភាគច្រើនគឺមានទម្ងន់ស្រាល នៅពេលចាប់កំណើត ហើយនឹងអាចមានកម្ពស់ទាប នៅពេលដែលពួកគេ ធំពេញវ័យ។

វេជ្ជបណ្ឌិត John Perry អ្នកដឹកនាំក្នុងការស្រាវជ្រាវមួយនេះ បានលើកឡើងថា “ក្រៅពីរបៀប នៃការរស់នៅ ព្រមទាំងអាយុ និងសុខភាពនៃឪពុកម្តាយរបស់ទារក ដែលជាកត្តាមាន ឥទ្ធិពលទៅលើ ការចាប់កំណើតរបស់ពួកគេ ហើយនោះ ការកើតទៅតាមខែ ក៏ជាលំនាំមួយដែលបាន ជះឥទ្ធិពលទៅលើ បរិស្ថានជុំវិញទារក មុនពេលដែលពួកគេ ចាប់កំណើត ដែលនាំឲ្យការលូតលាស់ផ្នែកសុខភាព និងកម្ពស់របស់ពួកគេ មានការប្រែប្រួលផងដែរ”។

ទាំងនេះគឺជា ការរកឃើញថ្មីមួយទៀត របស់ក្រុមអ្នកវិទ្យាសាស្ត្រ ទាក់ទងទៅនឹង មូលហេតុដែល ធ្វើឲ្យមនុស្សមាន ការលូតលាស់ផ្នែកកម្ពស់ ខុសៗគ្នា តែយ៉ាងណាមិញ ក្រុមអ្នកវិទ្យាសាស្ត្រ ក៏បានលើកឡើងដែរថា ពួកគេត្រូវធ្វើការ ជាច្រើនបន្ថែមទៀត ដើម្បីបញ្ជាក់អំពីការរកឃើញទាំងនេះ ថាវាជាការពិតមែនទាំងស្រុងឬក៏អត់៕

ធ្លាប់ឆ្ងល់ដែរទេថា ហេតុអ្វីបង ឬក៏ប្អូនរបស់យើង មានកម្ពស់ខ្ពស់ រីឯខ្លួនឯងវិញ ទាបអញ្ចឹង?
ការចាប់កំណើត ទៅតាមខែនីមួយៗ អាចមានឥទ្ធិពល ទៅលើទារក

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត