សម្តេច​តេ​ជោ ហ៊ុន សែន ៖ ពេញ​មួយ​ជីវិត​របស់​សម្តេចឪ ព្រះ​អង្គ​បាន​លះបង់​បូជា​ដើម្បី​ជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន ៖ ពេញ​មួយ​ជីវិត​របស់​សម្តេចឪ ព្រះ​អង្គ​បាន​លះបង់​បូជា​ដើម្បី​ជាតិ

ទីក្រុង​ប៉េ​កាំ​ង ៖ នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) Page ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន សម្តេច​​បាន​សរ​សេរ​បង្ហោះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ តុលា ២០១៥ ដែល​មាន​ខ្លឹមសារ​ទាំងស្រុង​ដូច​តទៅ​៖ " ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៥​នេះ គឺជា​ថ្ងៃ​គម្រប់​​ខួប៣​ឆ្នាំ​គត់ ដែល​សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត ព្រះ​បិតា​ឯករាជ្យ​ជាតិខ្មែរ ព្រះបាទ​សម្តេចព្រះ នរោត្ដម សីហ​នុ ព្រះ​អង្គ​បាន​សោយ​ទិវង្គត នៅ​ទីក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន ។

ទូលព្រះបង្គំ និង​ប្រជារាស្ត្រ​ខ្មែរ​ទូ​ទាំង​ប្រទេស​សែន​ក្ដុកក្ដួល និង​សោកស្តាយ​ឥត​គណនា ដែល​កម្ពុជា​បាន​បាត់បង់​ព្រះ​មហា​វីរក្សត្រ​ដ៍​ឆ្នើម​បំផុត ។ ទោះបី​ព្រះ​អង្គ​បាន​សោយ​ទីវ​ង្គ​តទៅ​ហើយ​ក្តី ក៏​ប្រជារាស្ត្រ​ទូ​ទាំង​ប្រទេស​នៅ​ចង​ចាំ​ចំពោះ​ព្រះរាជ​បូជនីយកិច្ច​ដ៏​ ឧត្តុង្គ​ឧត្តម​បំផុត​របស់​ព្រះ​អង្គ​។

ពេញ​ក្នុង​មួយ​ជីវិត​របស់ សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត​នៃ​យើង គឺ​ព្រះ​អង្គ​បាន​បូជា​និង​បំពេញ​នូវ​កាតព្វកិច្ច​ជា​ព្រះ​ប្រមុខរដ្ឋ និង​ជា​ព្រះមហាក្សត្រ​ដែល​បាន​នាំ​មក​នូវ​ម្លប់​សុខ​សន្តិភាព​ដល់​ប្រទេស​ ជាតិ​ទាំងមូល​។  ប្រជារាស្ត្រ​ទូ​ទាំង​ប្រទេស​ចង​ចាំ​គ្មាន​ថ្ងៃ​បំភ្លេច​បាន​ចំពោះ​ស្នា​ ព្រះ​ហ​ស្ថ​ព្រះ​អង្គ​ក្នុង​ការ​ទាមទារ​ឯករាជ្យ​ជាតិ​ពី​បារាំង​នៅ​ថ្ងៃ​ទី​ ០៩ ខែ វិច្ឆិកា ឆ្នាំ​១៩៥៣ ដែល​បាន​ធ្វើ​អោយ​កម្ពុជា​ងើបមុខ​មាត់​រីក​ចម្រើន​ជា​បន្តបន្ទាប់​រហូត​មក​ ដល់​សព្វថ្ងៃ​។

ទូលព្រះបង្គំ សូម​សម្តែង​នូវ​ការ​គោរព​ដឹងគុណ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ថ្វាយ​ចំពោះ​ព្រះ​បរម​ រតន​កោដ្ឋ ដែល​ព្រះ​អង្គ​បាន​លះបង់​និង​បូជា​ចំពោះ​ជាតិ​ទន្ទឹម​នឹង​នេះ ទូលព្រះបង្គំ​ប្តេជ្ញា​បន្ត​ដង្ហែ​តាម​ព្រះរាជ​តម្រិះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ របស់​ព្រះ​អង្គ ដើម្បី​ផ្តល់​សុខ​សន្តិភាព​ជូន​ប្រជា​រាស្ត្រ​ខ្មែរ  និង​ថែរក្សា​ការពារ​ព្រះមហាក្សត្រ​កម្ពុជា និង​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត ដើម្បី​ព្រះ​អង្គ​ទាំង​ទ្វេ​គង់​ជា​ម្លប់​ដ៏​ត្រជាក់​សម្រាប់​ប្រទេស​ជាតិ​ ទាំងមូល​។

នៅ​ក្នុង​ថ្ងៃ​គម្រប់​ខួប​ទី​៣ នៃ​ថ្ងៃ​ដែល​ព្រះ​អង្គ​ចូល​ទីវ​ង្គ​ត ទូលព្រះបង្គំ សូម​ក្រាប​ថ្វាយព្រះពរ​ដល់​ព្រះ​វិញ្ញាណ​ក្ខ​ន្ឋ​ព្រះ​បរម​រតន​កោដ្ឋ សូម​បាន​យាង​ទៅ​សោយសុខ​នៅ​ឋាន​សួគ៌ា និង​សូម​កម្ពុជា​ទទួល​បាន​តែ​សុខ​សន្តិភាព​វិបុលភាព និង​រីក​ចម្រើន​ជា​និច្ច​និ​រ​ន្ត៍ "៕