សម្តេចក្រុមព្រះ៖ ស្វាគមន៍ចំពោះការចង់ជួបព្រះអង្គ ពីសំណាក់លោក សម រង្ស៊ី និង លោក កឹម សុខា ប៉ុន្តែត្រូវធ្វើសំបុត្រខ្លីមួយដើម្បីស្នើចង់ជួប

ភ្នំពេញ ៖ សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ បានមានបន្ទូល ក្នុងឋានៈជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិចថា ការច្របាច់បញ្ចូលគ្នា (រវាងហ៊្វុនស៊ិនប៉ិច និង សង្គ្រោះ ជាតិ) មិនមាន នៅក្នុងកម្មវិធី របស់សម្តេចក្រុមព្រះនោះទេ, ប៉ុន្តែព្រះអង្គឯកភាព ប្រសិនលោក សម រង្ស៊ី និង លោក កឹម សុខា ចង់ជួបព្រះអង្គ ត្រូវតែធ្វើ សំបុត្រខ្លីមួយមកបញ្ជាក់ថា ស្នើចង់ជួបព្រះអង្គ ។  

ការមានបន្ទូល របស់សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ខាងលើនេះ ធ្វើឡើង នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥នេះ ក្នុងពិធីសូត្រមន្ត គម្រប់ខួប ៣ឆ្នាំ ដែលសម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទ សម្តេចព្រះ នរោត្ដម សីហនុ ព្រះអង្គបានសោយទីវង្គត ។

ព្រះអង្គមានបន្ទូលថា ការច្របាច់ចូលគ្នាមិនមាននៅកម្មវិធីរបស់ នរោត្តម រណប្ញទ្ធិ ទេ, ក្នុងឋានៈខ្ញុំជាប្រធានគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ។

សូមជំរាបថា កាលពីល្ងាចថ្ងៃទី១៤ ខែតុលា គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានបញ្ជាក់ថា លោក សម រង្ស៊ី បាន និងកំពុងបំពេញបេសកកម្ម និងជួបសកម្មជននៅប្រទេសបារាំង, ហើយនៅក្នុងពេលបំពេញបេសកកម្មនេះ លោក សម រង្ស៊ី មិនទាន់មានគម្រោងជួបជាមួយ នឹងថ្នាក់ដឹកនាំ ឬប្រធានគណបក្សណាមួយឡើយ។

សូមជំរាបថា ការចេញសេចក្តីប្រកាសនេះរបស់ CNRP នៅថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីប៉ុន្មានថ្ងៃថ្មីៗនេះមានពាក្យលេចលឺព័ត៌មានថា លោក សម រង្ស៊ី មានគម្រោងជួបជាមួយសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ប្រធានគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច នៅទីក្រុងប៉ារីស ប្រទេសបារាំង ៕