សម្តេចតេជោ ហ៊ុន សែន៖ «ប្រជារាស្រ្ត ទូទាំងប្រទេស ចងចាំគ្មានថ្ងៃបំភ្លេច ចំពោះស្នាព្រះហស្ថ សម្តេចឪទាមទារ ឯករាជ្យពីបារាំង»

ប៉េកាំង ៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥នេះ គឺជាថ្ងៃគម្រប់ខួប ៣ឆ្នាំគត់ដែលសម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទ សម្តេចព្រះ នរោត្ដម សីហនុ ព្រះអង្គបានសោយទីវង្គត នៅទីក្រុងប៉េកាំង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ពីទីក្រុងប៉េកាំង ប្រទេសចិន បានផ្ញើសារសម្តែង នូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ចំពោះព្រះបរមរតនកោដ ដែលព្រះអង្គបានលះបង់និងបូជាចំពោះជាតិ ទន្ទឹមនឹងនោះបានប្តេជ្ញាបន្តដង្ហែតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះអង្គដើម្បីផ្តល់សុខសន្តិភាព ជូនប្រជារាស្រ្តខ្មែរ និងថែរក្សាការពារ ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ដើម្បីព្រះអង្គទាំងទ្វេគង់ជាម្លប់ដ៏ត្រជាក់ សម្រាប់ប្រទេសជាតិទាំងមូល។

ខាងក្រោមនេះជាសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងថ្ងៃគម្រប់ខួប៣ឆ្នាំ នៃការសោយទិវង្គតរបស់សម្តេចឪ៖

«ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥នេះ គឺជាថ្ងៃគម្រប់ខួប ៣ឆ្នាំគត់ដែល សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទ
សម្តេចព្រះ នរោត្ដម សីហនុ ព្រះអង្គបានសោយទីវង្គត នៅទីក្រុងប៉េកាំងប្រទេសចិន។ ទូលព្រះបង្គំ និងប្រជារាស្រ្តខ្មែរទូទាំងប្រទេសសែនក្ដុកក្ដួល និងសោកស្តាយឥតគណនា ដែលកម្ពុជាបានបាត់បង់ព្រះមហាវីរក្សត្រដ៍ឆ្នើមបំផុត។ ទោះបីព្រះអង្គបានសោយទីវង្គតទៅហើយក្តី ក៏ប្រជារាស្រ្តទូទាំង ប្រទេសនៅចងចាំចំពោះ ព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់ព្រះអង្គ។

ពេញមួយព្រះជន្មាយុរបស់ សម្តេចឪ សម្តេចតា សម្តេចតាទួតនៃយើង គឺព្រះអង្គបានបូជានិងបំពេញនូវកាតព្វកិច្ចជាព្រះប្រមុខរដ្ឋ និងជាព្រះមហាក្សត្រ ដែលបាននាំមកនូវម្លប់សុខសន្តិភាព ដល់ប្រទេសជាតិទាំងមូល។ ប្រជារាស្រ្តទូទាំងប្រទេសចងចាំគ្មានថ្ងៃបំភ្លេចបានចំពោះស្នាព្រះហស្ថ ព្រះអង្គក្នុងការទាមទារឯករាជ្យជាតិពី បារាំងនៅ ថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ ១៩៥៣ ដែលបានធ្វើឲ្យកម្ពុជាងើបមុខមាត់រីកចម្រើនជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃ។

ទូលព្រះបង្គំ សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ចំពោះព្រះបរមរតនកោដ្ឋិ ដែលព្រះអង្គបានលះបង់និងបូជាចំពោះជាតិ ទន្ទឹមនឹងនេះ ទូលព្រះបង្គំប្តេជ្ញាបន្តដង្ហែតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះអង្គដើម្បីផ្តល់សុខសន្តិភាពជូនប្រជារាស្រ្តខ្មែរ និងថែរក្សាការពារ ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ដើម្បីព្រះអង្គទាំងទ្វេគង់ជាម្លប់ដ៏ត្រជាក់សម្រាប់ប្រទេសជាតិទាំងមូល។

នៅក្នុងថ្ងៃគម្រប់ខួបទី ៣ នៃថ្ងៃដែលព្រះអង្គចូលទីវង្គត ទូលព្រះបង្គំ សូមក្រាបថ្វាយព្រះពរដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋិ សូមបានយាង ទៅសោយសុខនៅឋានសួគ៌ា និងសូមកម្ពុជាទទួលបានតែសុខសន្តិភាពវិបុលភាព និងរីកចម្រើនជានិច្ចនិរន្តរ៌»៕

សម្តេចតេជោ ហ៊ុន សែន៖ «ប្រជារាស្រ្ត ទូទាំងប្រទេស ចងចាំគ្មានថ្ងៃបំភ្លេច ចំពោះស្នាព្រះហស្ថ សម្តេចឪទាមទារ ឯករាជ្យពីបារាំង»

  • សម្តេចតេជោ ហ៊ុន សែន៖ «ប្រជារាស្រ្ត ទូទាំងប្រទេស ចងចាំគ្មានថ្ងៃបំភ្លេច ចំពោះស្នាព្រះហស្ថ សម្តេចឪទាមទារ ឯករាជ្យពីបារាំង»已关闭评论
  • 275 views
  • Hide Sidebar
    A+