លិខិតមិត្តអ្នកអាន ៖ បេនរថយន្ត ចុងកៅស៊ូ ខេត្តសៀមរាប បង្កការរំខាន ដល់រថយន្តដឹក អ្នកដំណើរ និងអ្នករត់តាក់ស៊ី

សៀមរាប ៖ ភាពអនាធិបតេយ្យ និងភាពគ្មានសណ្តាប់ធ្នាប់ នៅតែបន្តរហូតមកដល់ពេលនេះ ទោះបីជាសម្តេចតេជោ ហ៊ុន សែន និងអជ្ញាធរមូលដ្ឋានបានធ្វើការណែនាំរួចហើយក្តី ជាពិសេសតាមផ្លូវជាតិលេខ៦ ពីកំណាត់ផ្លូវម្តុំ អតីតបេនឡានចុងកៅស៊ូ ទៅមុខច្រកចូលបេនឡាន ក្នុងបុរីសៀងណាំ ធ្វើឲ្យអ្នកដំណើរទាំងអស់ ស្ទើរតែធ្វើដំណើរឆ្លងកាត់មិនរួច នៅក្នុងក្រុងទេសចរណ៍មួយនេះ ដែលបង្ករឡើងដោយ ក្រុមអ្នកចាប់ម៉ូយ និង តៃកុងឡានតាក់ស៊ី បើទោះជាមានលិខិតជូនដំណឹងលេខ ១៧០ ស.ជ.ណ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០១៥ របស់សាលាក្រុងសៀមរាប។

ក្នុងសេចក្តីជូនដំណឹងនោះបានកំណត់ឲ្យម្ចាស់រថយន្តដឹកទំនិញឯកជនតូចធំ និង តាក់ស៊ី ទាំងអស់ចូលចតក្នុងចំណតបេនរថយន្ត ដែលមានទីតាំងស្ថិតនៅបុរីសៀងណាំ ត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៥ ប៉ុន្តែសេចក្តីជូនដំណឹងនេះពុំមានប្រសិទ្ធិភាពទេ ។  

បច្ចុប្បន្ននេះគេបានសង្កេតឃើញថា ថៅកែរូបមួយកាក់កបជាខ្លាំង ដែលគេស្គាល់ថា ជាម្ចាស់ក្រុមហ៊ុនដឹកអ្នកដំណើរ សិលាអង្គរខ្មែរ អ៊ិចប្រេស (SEILA ANGKOR KHMER EXPRESS Co., Ltd.) ពីការដាក់ពង្រាយកំលាំងចាំយកលុយពីរថយន្តតាក់ស៊ី រថយន្តដឹកទំនិញ គ្រប់ប្រភេទ រួមទាំងរថយន្តរបស់ក្រុមហ៊ុនដឹកអ្នកដំណើរ តូច ធំ ទាំងអស់ ទោះបីជាក្រុមហ៊ុនទាំងនោះមានចំណត និងទីតាំងផ្ទាល់ខ្លួនក្តី ចាប់ពី៥០០០រៀល ទៅ ២០០០០រៀល ក្នុងមួយក្បាលឡាន ដោយទទួល បានការម៉ៅការបន្តពីលោកឧកញ៉ា ទួច សៀ ដែលជាអតីតម្ចាស់បេននោះ, នេះបើយោងតាមសម្តីបុគ្គលិកមួយរូប សុំមិនបញ្ចេញឈ្មោះនិយាយប្រាប់យ៉ាងដូច្នេះ។

ហើយនៅពេលនេះថៅកែក្រុមហ៊ុនសិលាអង្គរខ្មែរ បាននឹងកំពុងធ្វើព្យុះធ្វើភ្លៀងក្នុងការដាក់កំលាំងចាំកាក់ទារលុយពីរថយន្ត ដែលឆ្លងកាត់ទាំងយប់ ទាំងថ្ងៃ ២៤ ម៉ោង ដោយពុំមានអាជ្ញាធរណាអើរពើឡើយ ក្នុងនោះបែរជាមានកំលាំងនគរបាលសណ្តាប់ធ្នាប់របស់ខេត្តមួយក្រុម ដែលត្រូវគេដឹងថា ជាកូនចៅរបស់លោកសក្តិ៥ កែវ រក្សា នាយការិយាល័យ នគរបាលសណ្តាប់ធ្នាប់ខេត្ត សៀមរាប មានគ្នាប្រមាណ ៥ ទៅ ៦ នាក់ បានកំពុងល្បាត កំណាត់ផ្លូវខាងលើ និងបោះទីតាំងនៅមុខបុរីសៀងណាំ ប្រតិបត្តការយកលុយក្បាលឡានជាមួយកំលាំង សន្តិសុខរបស់ក្រុមហ៊ុន សិលាអង្គរខ្មែរ មានគ្នា ប្រមាណ ៧ ទៅ៨នាក់ ដែល ត្រូវបានគេស្គាល់ ឈ្មោះ ធឿន, ថា, ហោ, រី……..និង មួយចំនួនផ្សេងទៀត។

មតិសាធារណ: មានការងឿងឆ្ងល់ជាខ្លាំងថា តើប្រាក់ដែលថៅកែក្រុមហ៊ុនមួយនេះកំពុងតែប្រមូល យ៉ាងច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ថ្ងៃនេះ យកទៅណា?

ហេតុអ្វីបានជាការយកប្រាក់នេះ គ្មានវិក័្កយប័ត្រដែលចេញដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ? ចុះក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ ដែលបានចុះបញ្ជី ពាណិជ្ជកម្ម មានអាជ្ញាបណ្ណ័ធ្វើអាជីវកម្មត្រឹមត្រូវ ដែលបាននឹងកំពុងពង្រឹងសេវាកម្មរបស់ខ្លួន រួមទាំងកំណត់តំលៃសមរម្យ និងផ្តល់ សុវត្ថិភាពជូនភ្ញៀវអ្នកធ្វើដំណើជាតិ និង អន្តរជាតិ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់ចរាចរ ជាពិសេសអនុវត្តតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលក្នុងការទាក់ទាញភ្ញៀវទេសចរដូចដែលមានពាក្យ ស្លោកមួយ (ទេសចរចំហរជើងមេឃ និង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ) ។ ដូច្នេះក្រុមហ៊ុនបាន ខិតខំរៀបចំតុបតែងសំអាតបរិស្ថាន និងអនាម័យ របស់ចំណតផ្ទាល់ខ្លួនរបស់គេ ហេតុអ្វី បានជាក្រុមសន្តិសុខ និង ក្រុមប៉ូលិសមួយក្រុមនេះចាំតែ កាក់យកលុយទៅវិញ?

តើការរំខានរបស់ក្រុមហ៊ុនអង្គរសិលាខ្មែរអ៊ិចប្រេស ដែលបានទទួលការផ្តល់សិទ្ធិក្នុងការប្រមូលលុយ បន្តពីអាជ្ញារប័ណ្ណរបស់លោកឧកញ៉ា ទូច សៀ បានរួមចំណែកអ្វីខ្លះដល់សង្គម ក្រៅតែពីការរំខានដល់ការធ្វើ ដំណើររបស់ភ្ញៀវជាតិ អន្តរជាតិ និងអ្នកប្រកបរបររត់តាក់ស៊ី និង ក្រុមហ៊ុនទេសចរណ៍ដឹកអ្នកដំណើរមួយចំនួន នោះ ?

មតិសាធារណៈយល់ឃើញថា ប្រយោជន៍បានទៅដល់បុគ្គលតែម្នាក់ រឺ មួយក្រុមតូចតែប៉ុណ្ណោះ ប៉ុន្តែបានប៉ះពាល់យ៉ាងធ្ងន់ដល់នីត្យានុភាពរបស់ជាតិ (អាជ្ញាធរខ្វះសមត្ថភាព ភ្ញៀវជាតិ និង អន្តរជាតិត្រូវបានរំខាន ក្នុងការធ្វើដំណើរ ថ្លៃដើមរបស់ក្រុមហ៊ុនដឹកអ្នកដំណើរ រឺ តាក់ស៊ីកើនឡើង និងភាពអនាធិបតេយ្យមួយចំនួន ទៀត) ។

កន្លងមក ទោះបីជាមានការតវ៉ាពីសំណាក់ម្ចាស់ ក្រុមហ៊ុនដឹកអ្នកដំណើរ និងអ្នករត់តាក់ស៊ីជាច្រើនក្តី តែគេពុំឃើញមានអាជ្ញាធរណាចេញមកដោះស្រាយ ជូន ពួកគាត់ឡើយ។ ជាចុងក្រោយ សូមអោយអាជ្ញាធរ មេត្តាចុះពន្យល់ ណែនាំដល់ផ្នែកពាក់ព័ន្ធដើម្បីភាពសុខសាន្តក៏ដូចជា បង្កើននូវកិត្យានុភាពដល់រាជរដ្ឋាភិបាល ដែលបានខិតខំជាប្រចាំដើម្បីអោយពលរដ្ឋរបស់ខ្លួន រស់នៅដោយសុខសន្តិភាព ជាពិសេសគឺការគិតប្រយោជន៍ ដល់ប្រជាពលរដ្ឋជាធំ។ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល រង់ចាំការបំភ្លឺ ជុំវិញបញ្ហានេះ ពីក្រុមហ៊ុនដឹកអ្នកដំណើរ សិលាអង្គរខ្មែរ អ៊ិចប្រេស ៕

លិខិតមិត្តអ្នកអាន ៖ បេនរថយន្ត ចុងកៅស៊ូ ខេត្តសៀមរាប បង្កការរំខាន ដល់រថយន្តដឹក អ្នកដំណើរ និងអ្នករត់តាក់ស៊ី

លិខិតមិត្តអ្នកអាន ៖ បេនរថយន្ត ចុងកៅស៊ូ ខេត្តសៀមរាប បង្កការរំខាន ដល់រថយន្តដឹក អ្នកដំណើរ និងអ្នករត់តាក់ស៊ី

លិខិតមិត្តអ្នកអាន ៖ បេនរថយន្ត ចុងកៅស៊ូ ខេត្តសៀមរាប បង្កការរំខាន ដល់រថយន្តដឹក អ្នកដំណើរ និងអ្នករត់តាក់ស៊ី