លូនតាម​របង​លួស​ចូល​លួច​ទ្រព្យសម្បត្តិ​ត្រូវ​ម្ចាស់ផ្ទះ​ចាប់​បានប្រគល់ឱ្យប៉ូលិស

​រាជ​ធានី​ភ្នំពេញ ៖ ជនសង្ស័យ​បែក​ថ្នាំ​ហែក​របង​លួស​ចូល​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​មិន​បាន​សម្រេច​២​ដង ​ត្រូវ​ម្ចាស់ផ្ទះ​ចាប់​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​យក​ទៅ​អប់រំ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ​តុលា នៅ​ភូមិ​ថ្មគោល​២ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

​ម្ចាស់ផ្ទះ​ឈ្មោះ ធី បូ​នី ភេទ​ប្រុស អាយុ៣៧​​ឆ្នាំ ​ជា​ជាងសំណង់ រស់នៅ​កន្លែង​កើតហេតុ​ ។ ចំណែក​ជនសង្ស័យ​​ឈ្មោះ អា​មាស ភេទ​ប្រុស អាយុ២៥​​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ ស្នាក់​នៅផ្ទះ​ជួល ​ភូមិ​ថ្មគោល​១​ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័​ត៌​មាន​ពី​​ម្ចាស់ផ្ទះបានដឹង​ថា មុន​ពេល​កើតហេតុ​ មាន​​​ភ្លៀង​ធ្លាក់​មួយ​ប្រាវ ស្រាប់តែ​ឮ​​សូរ​សំឡេង​​ឆ្កែ​ព្រូស​ គាត់​​ក៏​ចេញ​ទៅ​​បើកទ្វារ​​មើល ស្រាប់​តែ​ឃើញ​ជន​សង្ស័យ​ម្នាក់​កំពុង​​ហែក​របង​លួស​​លូន​ចូល​ក្នុងផ្ទះ​​​គាត់​លក់​​គ្រឿង​ទេស​​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ ពេល​ជនសង្ស័យ​ឃើញ​គាត់​បើកទ្វារ​ចេញ​មក​ក៏​រត់គេច​ខ្លួន​បាត់ ភ្លាម​ៗ​នោះ​គាត់​បាន​ទូរស័ព្ទ​ប្រាប់សាច់ញាតិ​ឲ្យ​ជួយ​ព័ទ្ធ​ចាប់​​តែ​ចាប់​មិន​​​បាន ។ លុះ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ជនសង្ស័យ​បានមក​ពួន​ក្បែរ​រថយន្ត​នៅ​ជាប់​របង ​រួច​បាន​ហែក​របង​លួស​លូន​ចូល​បាន​ពាក់កណ្តាល​ខ្លួន​ទៀត ​គាត់​​ក៏​បើកទ្វារ​ចេញ​មក​ម្តង​ទៀត​​ឃើញ​ក៏​ហើយ​ស្រែកហៅ​អ្នក​ជិតខាង​ឲ្យ​ជួយ​ចាប់​បាន​រួច​​វាយ​មួយ​ដៃ​មួយ​ជើងទ្រ​ម​​ខ្លួន​ហើយ​​​ក៏​ដឹក​យក​ទៅ​ប្រគល់​ឲ្យនគរបាល​ប៉ុស្តិ៍​​រដ្ឋ​បាល​ចោម​ចៅ តែ​​ម្ចាស់​ផ្ទះ​មិន​បាន​ដាក់​ពាក្យបណ្តឹង​ទេ​ គ្រាន់តែ​ឲ្យ​សមត្ថកិច្ចធ្វើការ​អប់រំ​​​និង​​ដោះ​លែង​វិញ ៕​