ជិះ​ម៉ូតូ​​បុក​ស្ពាន ដួល​សន្លប់​ ពេល​ប៉ូ​លិស​ទៅ ​ជួយ​អន្តរាគមន៍​​​ បែក​ធ្លាយ​​​រឿង​លួច​ម៉ូតូ​​​​គេ​

ខេត្តពោធិ៍សាត់​ ៖ ​បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​បាកាន ​ចាប់​​ឃាត់ខ្លួន​បញ្ជូន​ទៅ​​​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កាលពី​ថ្ងៃ​ទី​១១​ តុលា​ ​២០១៥ ​កន្លង​មក​ ​បន្ទាប់​ពី​បុរស​រូប​នេះ​ជិះ​ម៉ូតូ​ដួល​បែកក្បាល​ហូរ​ឈាម ​​​ពេល​ទៅ​ជួយ​អន្តរាគមន៍​ស្រាប់តែ​ឃើញ​ក្នុង​កាបូប​មាន​កាំភ្លើងខ្លី ស្លាក​លេខ​ម៉ូតូ និង​សម្ភា​រ​ជា​ច្រើន​ទៀត ​។ ​ដោយ​មានការ​សង្ស័យ​សមត្ថកិច្ច​ក៍​ហៅ​មក​សួរនាំ​ក៍​​បែក​ធ្លាយ​រឿង​លួច​ម៉ូតូ​ពី​ខេត្តបាត់ដំបង​តែ​ម្ដង ​។ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ​កាលពី​វេលា​ម៉ោង​៧​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​១០ ​តុលា​ ​២០១៥ ​​ត្រង់​ចំណុច​ស្ពាន​ថ្ម​ ភូមិ​ស្វាយដូនកែវ​ ឃុំ​ស្វាយដូនកែវ​ ស្រុក​បាកាន ។

​លោក​វរសេនីយ៍ត្រី ​នាង វុ​ធ ​អធិការ​នគរបាល​ស្រុក​បាកាន ​បាន​ឲ្យ​ដឹង​ថា ខ​ណៈ​​ដែល​កម្លាំង​សមត្ថកិច្ច​​​ធ្វើ​ការ​ពង្រឹងកម្លាំង​ការពារ​តាម​គោលដៅ​នីមួយ​ៗ​ដើម្បី​ធានា​សន្តិ​សុខ​ ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ ក្នុង​ឱ​កាស​បុណ្យកាន់បិណ្ឌ​ និង​ភ្ជុំបិណ្ឌ​​ ស្រាប់តែ​នៅ​យប់​ថ្ងៃ​ទី​១០ តុលា ​នោះ​ មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​​ម៉ាក​ហុងដា​ ​ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ​លុះ​មក​ដល់​ភូមិ​ស្វាយដូនកែវ​ ឃុំ​ស្វាយដូនកែវ​ ​ក៏​​បុក​ស្ពានថ្ម​បណ្ដាល​ឲ្យ​ដួល​បែកក្បាល​ហូរ​ឈាម​កក្លាក់​ ​ឃើញ​ដូច្នេះ​កម្លាំង​​ដែល​ឈរជើង​នៅ​គោលដៅ​នោះ​បាន​ជួយ​​អន្តរាគមន៍​បញ្ជូន​ទៅ​​​សង្គ្រោះ​នៅ​​មន្ទីរពេទ្យ​បង្អែក​ស្រុក​បាកាន​ទាំង​យប់​ ។​

ក្រោយមក​សមត្ថកិច្ច​​​ពិនិត្យ​ក្នុង​កាបូប​ស្រាប់​តែ​​ឃើញ​មាន​កាំភ្លើងខ្លី​មួយ​ដើម ​និង​គ្រាប់​​៦​គ្រាប់​ ​ស្លាក​លេខ​ម៉ូតូ​ចំនួន​​២ (​បន្ទាយ​មាន​ជ័យ​1K-4566​ និង​បាត់ដំបង​1Q-2632) តួ​ណឺ​វី​ស​ធំ​​២​ តូច​​២ ​សោខ្សៀរ​​២ ​សោចិញ្ចៀន​​២ ​សោ​អក្សរ​T១ ថ្នាំ​បាញ់​មួយ​កំប៉ុង​ ​សោ​ម៉ូតូ​២ និង​សម្ភា​រ​មួយ​ចំនួន​ទៀត​ ​​ដោយ​មានការ​សង្ស័យ​សមត្ថកិច្ច​​ក៍​ហៅ​ទៅ​សួរនាំ​នៅ​ប៉ុស្ដិ៍​នគរ​បាល​រដ្ឋបាល​ស្រាប់តែ​​បែក​ធ្លាយ​រឿង​​​​លួច​ទៅ​វិញ ​។

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​រូប​នេះ​​បាន​សារភាព​ថា ខ្លួន​​ឈ្មោះ​ សោម ភឿន​​ អាយុ​៣៤​ឆ្នាំ​ រស់នៅ​ភូមិ​វត្ត​លៀប​ សង្កាត់​ចំការ​សំរោង ​ក្រុង​បាត់ដំបង ​ខេត្តបាត់​ដំបង ​។ ​ម៉ូតូ​នេះ​ខ្លួន​បាន​លួច​កាច់​សោពី​ខេត្តបាត់ដំបង ​បម្រុង​​យក​ទៅ​លក់​នៅ​ភ្នំពេញ ប៉ុន្តែ​ទើបតែ​ជិះ​មក​ដល់​ឃុំ​ស្វាយដូនកែវ​​ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បុក​ស្ពាន​ដួល​សន្លប់​​​តែ​ម្ដង ​។

ករណី​នេះ​ សមត្ថកិច្ច​​​ខេត្ត​ពោធិ៍​សាត់​បាន​​ទាក់​ទង​ទៅ​ខាង​សមត្ថកិច្ច​ខេត្តបាត់ដំបង​ ដើម្បី​ស្រាវជ្រាវ​បន្ត ចំណែក​ជនសង្ស័យ​បាន​បញ្ជូន​ទៅ​សាលាដំបូង​កាលពី​ថ្ងៃ​ទី​១២​​តុលា ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​ ៕

ជិះ​ម៉ូតូ​​បុក​ស្ពាន ដួល​សន្លប់​ ពេល​ប៉ូ​លិស​ទៅ ​ជួយ​អន្តរាគមន៍​​​ បែក​ធ្លាយ​​​រឿង​លួច​ម៉ូតូ​​​​គេ​
ជិះ​ម៉ូតូ​​បុក​ស្ពាន ដួល​សន្លប់​ ពេល​ប៉ូ​លិស​ទៅ ​ជួយ​អន្តរាគមន៍​​​ បែក​ធ្លាយ​​​រឿង​លួច​ម៉ូតូ​​​​គេ​
ជិះ​ម៉ូតូ​​បុក​ស្ពាន ដួល​សន្លប់​ ពេល​ប៉ូ​លិស​ទៅ ​ជួយ​អន្តរាគមន៍​​​ បែក​ធ្លាយ​​​រឿង​លួច​ម៉ូតូ​​​​គេ​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត