​​ឈប់​​រថ​យន្ត​ចុះបន្ទោបង់តាម​ផ្លូវភ្លេច​ពន្លត់​ម៉ាស៊ីន​រអិល​ធ្លាក់​ទឹក​ស្រះ​កិន​ជើង​ក្មេង​ប្រុស​ម្នាក់​របួស

ខេត្តព្រៃវែង ​៖ ​​កាល​ពីថ្ងៃ​ទី​១២ ​តុលា​ ២០១៥ ​វេលា​ម៉ោង​១​ និង​២០​នាទី​រសៀល​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ​ស្ថិត​ក្នុងភូមិ​ត្នោត​ច្រុះ​ ឃុំ​ល្វា ​ស្រុក​ព្រះស្តេច ​មាន​រថយន្ត​ម៉ាក​TOYOTA COROLLA(​កូ​រ៉ូ​ឡា​)​ស៊េរី​ទំនើប​​មួយ​គ្រឿង ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2N0219 បោល​ចុះ​ពីលើ​ថ្នល់ជាតិ​លេខ​១​ចូល​ទៅ​ក្នុង​ទឹកស្រះ​ហាវ​ថ្នល់​លិច​មួយ​កំណាត់​ខាង​មុខ​ និង​កិន​ជើង​ក្មេង​ប្រុស​អាយុ​៧​ឆ្នាំ​រង​របួសស្រាល​។

មូលហេតុ​នៃ​គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​ដោយ​សារ​អ្នកបើកបរ​វ​យ័​៥៥​ឆ្នាំ​ម្នាក់​ឈប់​រថ​យន្ត​ឲ្យ​ប្រពន្ធ​កូន​រួម​ដំណើរ​ជាមួយ​ចុះ​បន្ទោបង់​ ហើយ​អ្នកបើកបរ​​ចុះ​ចោល​ដៃចង្កូត​ដែរ​ដោយ​​​មិន​បាន​ពន្លត់​ម៉ាស៊ីនរថយន្ត​ និង​មិន​បាន​ដោះ​លេខ​ គ្រាន់តែ​ចុះ​ពីលើ​រថយន្ត​រួច​បិទ​ទ្វា​រធ្វើ​ឱ្យថយន្តនោះ​រអិល​ទៅ​មុខ​តិច​ៗ​ ។

ខណៈ​នោះ​អ្នកបើកបរ​ឈ​រស្រឡាំងកាំង​មើល​រថយន្ត​ទៅ​មុខ ​រីឯ​ស្ត្រី​ជា​ប្រពន្ធ​ក្រឡេក​មើលទៅ​ឃើញ​ចៅប្រុស​ម្នាក់​នៅ​ក្នុង​រថយន្ត​ក៏​រត់​តាមពី​ក្រោយ​​រថយន្តដើម្បី​​ទាញ​យក​ចៅ​ចុះ​ពីលើ​រថយន្ត​ ពេល​នោះ​រថយន្ត​បានរេ​ចង្កូត​ចុះ​ពីលើ​ថ្នល់ជាតិ​កម្ពស់​ប្រមាណ​មួយ​ម៉ែត្រ​កន្លះ​ដាំដូង​ចុះ​ទៅ​ក្រោម ​រីឯ​ស្ត្រី​ជា​ជីដូន​បានតស៊ូ​រត់​ទាញ​យក​ចៅ​ចេញពី​ក្នុង​រថយន្ត​តាំង​ពីលើ​ថ្នល់​ចុះ​ដល់​ក្រោម​ទើប​ទាញ​ចេញ​បាន​ក៏​ដួល​ទាំង​យាយ​ និង​ចៅ​ដេក​ទៅ​លើ​ដី​​​ត្រូវ​រថយន្ត​កិន​ចំ​ពីលើ​ស្មងជើង​ចៅប្រុស​ តែ​សំណាងល្អ​ដី​ទន់​មិន​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ឡើយ ។

​​នេះ​ជា​សំណាង​មួយក្នុង​មួយ​​ម៉ឺន​គ្រោះថ្នាក់ដែល​រថយន្ត​មិន​ក្រឡាប់​ ប្រសិនបើ​ក្រឡាប់​ប្រាកដជា​សង្កត់ពីលើ​យាយ​ និង​ចៅ​ស្លាប់​មិន​ខាន​ ហើយ​រថយន្ត​ក៏​បន្ត​ល្បឿន​ចុះ​ទៅ​ក្នុង​ទឹកស្រះ​ហាវ​ថ្នល់​លិច​ពាក់កណ្តាល​រថយន្ត​រលត់​ម៉ាស៊ីន​ទៅ​មុខ​លែង​រួច​បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​ដល់​អ្នកស្រុក​​នាំ​គ្នា​មក​ចងខ្សែ​ជួយ​អូស​ឡើងគោក​វិញ​ និង​ជួយ​ដឹក​កុមា​រា​រង​គ្រោះ​ និង​យាយ​យក​ទៅ​គ្លីនិក​ឯកជន​នៅ​ផ្សារ​ល្វា​ដើម្បី​ពិនិត្យ ​និង​សង្គ្រោះ​។

គ្រូពេទ្យ​ប្រាប់​ថា មិន​បាក់ឆ្អឹង​ទេ​គ្រាន់តែ​ជាំ​សាច់​ប៉ុណ្ណោះ​នេះ​ពិតជា​សំណាង​មែន​។ ​​ក្រុម​គ្រួសារជន​រង​គ្រោះ​ប្រាប់​ឲ្យ​ដឹង​ថា ​ពួក​គាត់​បាន​មក​ពី​រាជធានី​ភ្នំពេញ​ទៅ​ស្រុក​កំណើត​នៅ​ខេត្ត​ស្វាយរៀង​ ហើយ​បាន​ទៅ​ចូលរួមបុណ្យ​ឆ្លង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ក្រោយ​ពី​វេ​ចង្ហាន់​បិណ្ឌបាត្រ ​និង​ទេយ្យទាន​ប្រគេន​ព្រះសង្ឃ​រួច​ក៏​ធ្វើ​ដំណើរ​ត្រឡប់​មក​ផ្ទះ​វិញ​ លុះពេល​មក​ដល់​ចំណុច​កើតហេតុ​កូន​ៗ​ឈឺ​បត់ជើងតូច​ក៏​ឲ្យ​ឪពុក​អ្នកបើកបរ​ឈប់​អែប​ខាង​ដើម្បី​ចុះ​បត់ជើង​ ដឹង​អី​ប្តី​គាត់​ចុះ​ចោល​ដៃចង្កូត​មិន​បាន​ពន្លត់​ម៉ាស៊ីនរថយន្ត​ និង​ភ្លេច​ដោះ​លេខ​ទើប​រថយន្ត​ទៅ​មុខ​រេ​ចង្កូត​ធ្លាក់​ពីលើ​ថ្នល់ជាតិ​ សំណាង​ហើយសំ​យ៉ា​ប​ថ្នល់ ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​រៀប​ថ្ម​ និង​រែង​សំណាញ់​ការពារ​បាក់​ច្រោះ​ដោយ​មាន​ជម្រាល​បន្តិច​ផង​ខ្ពស់​មែន​ តែ​មិន​ក្រឡាប់​ដោយ​រថយន្ត​ទៅ​មុខ​យឺត​ៗ​ ហើយ​អ្នក​ជិះ​ក្នុងរថយន្ត​ទាំង​ចាស់​ក្មេង​មាន​៦​នាក់​៕