អាជ្ញាធរ​ខេត្តកំពង់ធំ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ​​ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប​៣​ឆ្នាំ​

​ខេត្ត​កំពង់ធំ ៖ ដើម្បី​តបស្នង​នូវ​ព្រះករុណា​ទិ​គុណ​ដ៏​ឧត្តុ​ង្គឧត្តម ​វិសេសវិសាល​ថ្លៃថ្លា​របស់​ព្រះ​អង្គ សាលាខេត្ត​កំពង់ធំ​​នា​ព្រឹក​ថ្ងៃ​ទី​១៥ ​តុលា ​​២០១៥ ​នេះ មាន​រៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហ​នុ ព្រះ​មហា​វី​រក្ស​ត្រ ព្រះ​វររាជ​បិតាឯករាជ្យ ​បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ​«​ព្រះ​បរម​រតន​កោដ្ឋ​» គម្រប់​ខួប​៣​ឆ្នាំ​ ​ក្រោម​ការ​អញ្ជើញចូលរួម​ពី​លោក​ ឈុ​ន ឈ​ន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​មន្ត្រីរាជការ​ជា​ច្រើន​រូប​​ ។​

ថ្លែង​នៅ​ក្នុង​ពិធី​នេះ ​លោក​ អ៊ុត សំ​អន អភិបាល​​ខេត្ត​ បាន​អាន​នូវ​ជីវប្រវត្តិ​សង្ខេប​របស់​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហ​នុ ក្នុង​ការ​ទាមទារ​ឲ្យ​ប្រទេស​​​ថៃ​​ សង​មក​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ជា​ដាច់ខាត​នូវ​ខេត្ត​ខ្មែរ​មួយ​ចំនួន​ដែល​បាត់បង់ ដោយ​ថៃ​បាន​យក​ពី​ខ្មែរ​ទៅ​កាលពី​សង្គ្រាមលោក​លើក​ទី​២ ក្នុង​នោះ​មាន​ខេត្តបាត់​ដំបង សៀមរាប កំពង់ធំ និង​ខេត្តស្ទឹងត្រែង​ ​ព្រះ​អង្គបាន​ទាមទារ​ឲ្យ​ប្រទេស​បារាំង​បញ្ឈប់​នូវ​សន្ធិសញ្ញា​អាណាព្យាបាល​នៅ​ឆ្នាំ​១៨៦៣ និង​១៨៨៤ ហើយ​នៅ​ឆ្នាំ​១៩៤៩​ ព្រះ​អង្គបាន​ឡាយ​ព្រះ​ហ​ស្ត​លេខា​លើស​ន្ធិសញ្ញា​ឯករាជ្យ​ ​ដែល​ប្រទេស​បារាំង​ព្រម​ទទួលស្គាល់​តាម​ផ្លូវច្បាប់​នូវ​ឯករាជ្យរបស់​ព្រះរាជា​ណា​ចក្រ​កម្ពុជា ព្រម​លុប​ចោល​នូវ​សន្ធិសញ្ញា​អាណាព្យាបាល​នៅ​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤​ ។ ​ព្រះករុណា ​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហ​នុ នៅ​ឆ្នាំ​១៩៥២ ​ដល់​ឆ្នាំ​១៩៥៣ ព្រះ​អង្គ​បាន​យាង​បំពេញ​ព្រះ​រាជ​បូជនីយកិច្ច​ទាមទារ​កេ​ន​ភណ្ឌ​ឯករាជ្យ​១០០% ​ជូន​ជាតិ​មាតុភូមិ នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ដោយ​ស្នា​ព្រះ​ហស្ត​ដ៏​ឧត្តុ​ង្គ​ឧត្តម​របស់​ព្រះ​អង្គ ព្រះរាជា​ណា​ចក្រ​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ទាំងស្រុង​ពី​សាធារណរដ្ឋ​បារាំង​ ​ធ្វើ​ឲ្យ​ប្រជានុរាស្ត្រ​កម្ពុជា​ទូ​ទាំង​ប្រទេស ​ថ្វាយ​ព្រះ​កិត្តិនាម​ព្រះ​អង្គជា «​ព្រះ​មហា​វីរបុរស​ជាតិ ព្រះ​បិតា​ឯករាជ្យ​ជាតិ​»