បើក​ការ​ប្រកួត​កីឡា​វាយ​សី​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​2015

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​វាយ​សី​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៥ បាន​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​ទី​១៥ តុលា កន្លង​ទៅ​នេះ នៅ​ទីលានកីឡា​វាយ​សី​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ។

លោក ជាម សុភា អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​បានឱ្យ​ដឹង​ថា សម្រាប់​ការ​ប្រកួត​ឆ្នាំ​នេះ​មាន​ក្លិប​មក​ពី​ខេត្ត​-​រាជធានី​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ច្រើន​ជាង​ឆ្នាំ​មុន ។ កាល​ឆ្នាំ​មុន​មាន​តែ​៩​ក្លិប​ប៉ុណ្ណោះ ឯ​ឆ្នាំ​នេះ​មាន​រហូត​ដល់​ទៅ​១១​ក្លិប​គឺ​ក្លិប​ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តស្វាយរៀង ខេត្ត​ព្រះ​សីហ​នុ ខេត្តកោះកុង ក្លិប​ត្រពាំង​ផ្លុ​ង ក្លិប​មុនី​ឋា​ប​នា ក្លិប​ខេ​នរៈ ក្លិប​ព្រះ​ខ័ន​រាជ ក្លិប​ពហុ​កីឡដ្ឋាន​ជាតិ និង​ក្លិប​ទីបញ្ជាការ​បច្ចេកទេស​អគ្គបញ្ជាការ​។ សរុប​អត្ត​ព​លិ​ក​ចូលរួម​ប្រកួត​មាន​ចំនួន​១៨៣​នាក់​ក្នុង​នោះ​កីឡាករ​១២៩​នាក់ កីឡាការិនី​១៧​នាក់ និង​ប្រតិភូ​កីឡា​៣៧​នាក់ ។ ការ​ប្រកួត​ចាប់ផ្ដើម​ធ្វើ​ពី​ថ្ងៃ​ទី​១៥​ដល់​ថ្ងៃ​ទី​២០​តុលា ដោយ​បែងចែក​ជា​២​ក្របខ័ណ្ឌ គឺ​ក្របខ័ណ្ឌ​បុរស ក​១ និង​ក​២ ។ ក្របខ័ណ្ឌ​ក​១​មិន​គិត​ពី​អាយុ​លើ​វិញ្ញាសា​វាយ​ជា​ក្រុម វាយ​គូ​បុរស និង​វាយ​ទោល ។ ចំណែក​ក្របខ័ណ្ឌ ក​២ វិញ​មាន​វិញ្ញាសា​វាយ​គូ និង​វាយ​ទោល​បុរស​អាយុ​១៩​ឆ្នាំ​ឡើង អាយុ​១៩​ឆ្នាំ​ចុះ អាយុ​១៦​ឆ្នាំ វាយ​គូ​បុរស​អាយុ​១៣​ឆ្នាំ និង​វិញ្ញាសា​វាយ​គូ និង​វាយ​ទោល​នារី មិន​គិត​ពី​អាយុ ។

លោក ជាម សុភា បានឱ្យ​ដឹង​ទៀត​ថា ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ចំនួន​កីឡាករ និង​ក្លិប​ចូលរួម​ប្រកួត​មានការ​កើន​ឡើងជា​លំដាប់ ។ កំណើន​នេះ​ដោយសារ​តែ​ការ​ខិតខំ​ប្រឹងប្រែង​ដឹកនាំ​របស់​ប្រធាន​សហព័ន្ធ​ក្នុង​ការ​ស្វែងរក​កីឡាករ​ល្អ​ៗ​មាន​សមត្ថភាព​ពិតប្រាកដ​ដើម្បី​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ត្រូវ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​។ ជាង​នេះ​ទៀត សហព័ន្ធ​តែង​យកចិត្តទុកដាក់​បណ្ដុះបណ្ដាល​កីឡាករ​ក្មេង​ៗ​សម្រាប់​បន្តវេន​កីឡាករ​ចាស់​ៗ​បាន​មួយ​ចំនួន​ផង​ដែរ ។ លោក​ឱ្យ​ដឹង​ទៀត​ថា ឆ្លងកាត់​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៨ នៅ​ប្រទេស​សិង្ហ​បុរី​នា​ពេល​កន្លង​មក ថ្វី​ត្បិត​តែ​យើង​មិន​ទទួល​បាន​មេដាយ​មែន ប៉ុន្តែ​កម្រិត​នៃ​ការ​លេង​របស់​កីឡាករ​យើង​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ទើប​លោក​សង្ឃឹមថា ទម្រាំ​ដល់​ថ្ងៃ​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡាករ​យើង​នឹង​មាន​សមត្ថភាព​អាច​រក​មេដាយ​មក​ជូន​ជាតិ​មិន​ខាន​៕