ម្ចាស់​ខ្សែក្រវាត់​ឡៅ ច​ន្ទ្រា និង​មាស ច័ន្ទ​មាន ឡើង​ការពារ​តំណែង​ជា​មួ​​យ​កីឡាករ​ថៃ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍​ទី​១៧ តុលា កីឡាករ​ជើង​ខ្លាំង​២​រូប​របស់​កម្ពុជា ដែល​សុទ្ធតែ​ជា​ម្ចាស់​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់​រៀងខ្លួន នឹង​ឡើង​ប្រកួត​អន្តរជាតិ​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​K.Cement​។ ជំនួប​ប៉ះ​គ្នា​រវាង​កីឡាករ​កម្ពុជា​ឡៅ ច​ន្ទ្រា និង​មាស ច័ន្ទ​មាន ជាមួយ​កីឡាករ​ថៃ ត្រូវ​គេ​មើលឃើញ​ថា​ទាក់ទាញ​អ្នក​ស្នេហា​ការ​ប្រដាល់​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​អ្នក​ជឿ​ថា កីឡាករ​កម្ពុជា​នឹង​ឈ្នះ​១០០%​សម្រាប់​ថ្ងៃស្អែក​ក៏​មាន​មិន​តិច ខណៈ​ដែល​ម្ចាស់​ខ្សែក្រវាត់​ទាំង​២ គឺ​មិន​អាច​ចាញ់​បាន​ទេ ដើម្បី​ការពារ​មុខមាត់ ។

កីឡាករ​ឡៅ ច​ន្ទ្រា មក​ពី​ក្លិប​កងពលតូច​ទ័ព​ឆត្រយោង​៩១១ ត្រូវ​ជួប​ប្រកួត​ជាមួយ​ម្ចាស់​ខ្សែក្រវាត់​មក​ពី​ប្រទេស​ថៃ​ឈ្មោះ​Sing Phichnoy ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ តាំងពី​ឆ្លងកាត់​ការ​ប្រកួត​រាប់​មិន​អស់​នៅ​លើ​សង្វៀន កីឡាករ​វ័យក្មេង​របស់​កម្ពុជា​រូប​នេះ មិន​ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខកចិត្ត​ម្ដងណា​ឡើយ ជាមួយនឹង​ថ្វីដៃ​ឡើង​ប្រកួត​របស់​គេ ។ បើ​ទោះជា​មុន​នេះ​បន្តិច​គេ​ភ្លាត់​ឲ្យ​កីឡាករ​ថៃ​ឈ្មោះ KaophongChaiphum វាយ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២​ម្តង ប៉ុន្តែ​គេ​មើលឃើញ​ថា កម្រិត​នៃ​ការ​ប្រកួត​របស់​កីឡាករ​រូប​នេះ នៅ​តែ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ទុកចិត្ត បើ​ធៀប​នឹង​កីឡាករ​ផ្សេង ។ ក្នុង​ការ​ឡើង​រេញ​បន្ទាប់​ពី​ភ្លាត់ស្នៀត​ម្ដងនោះ កីឡាករ​ឡៅ ច​ន្ទ្រា ហាក់​ផ្លាស់​ប្ដូរ​ឥរិយាបថ​មិន​ប្រកួត​វាយ​ដោយ​បង្ខំ​ទៀត​ទេ ហើយ​ក៏​មិន​ចាំ​ទាល់តែ​គូបដិបក្ខ​វាយ​មុន​ទើប​ប្រឹង​វាយបក​នោះ​ដែរ គឺ​គេ​ប្រើ​យុទ្ធសាស្ត្រ​វាយ​មុន​តែ​ម្ដង​ដើម្បី​ងាយស្រួល​រក្សា​លំនឹង​ក្នុង​ការ​វាយលុក​។ ជាក់ស្ដែង​លទ្ធផល​ដែល​គេ​អាច​យកឈ្នះ​ជើង​ខ្លាំង​មួយ​រូប​មក​ពី​ប្រទេស​ថៃ​ឈ្មោះ​Pheach Nam Ek កាលពី​ថ្ងៃ​ទី​៤ តុលា កន្លង​ទៅ​ដោយ​ពិន្ទុ គឺជា​ភស្ដុ​តាង​ស្រាប់ ។

ឡៅ ច​ន្ទ្រា គឺជា​ម្ចាស់​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ដែល​មាន​ថ្វីដៃ​គួរ​ឲ្យ​ស្ងើចសរសើរ​បើ​ធៀប​នឹង​កីឡាករ​ជើង​ខ្លាំង​ផ្សេង​ទៀត​នៅ​កម្ពុជា ។ ប្រើ​រយៈពេល​មិន​ដល់​២​ឆ្នាំ​នោះ​ឡើយ កីឡាករ​រូប​នេះ​អាច​សាង​កេរ្តិ៍ឈ្មោះ​ឈាន​ដល់​ចំណុច​ល្បីល្បាញ ដោយសារ​តែ​បាន​ប្រកួត​ឈ្នះ​ស្ទើរ​មិន​មាន​តួលេខ​ចាញ់​ក្នុង​ដំណាក់កាល​ដំបូង និង​មាន​ស្នាដៃ​វាយ​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​មុន​ចប់​ទឹក​ទី​៥​ភាគច្រើន​។ ក្រុម​អ្នក​ស្នេហា​ការ​ប្រដាល់​សុទ្ធតែ​មានការ​ជឿជាក់​ថា ឡៅ ច​ន្ទ្រា នឹង​ឈ្នះ​១០០% សម្រាប់​ការ​ប្រកួត​ថ្ងៃស្អែក ដោយសារ​តែ​ផ្អែក​លើ​ភាព​ជាក់ស្ដែង គឺ​គេ​ខ្លាំង​ទាំង​ជើង កែង ជង្គង់ និង​ទាត់ ។ កីឡាករ​រូប​នេះ​ល្អ​គ្រប់​ផ្នែក ហើយ​បើ​និយាយ​ពី​កម្លាំង​ក្នុង​ប្រកួត ក៏​ពេញ​ខ្លាំង និង​នៅ​រឹងប៉ឹង​ណាស់​ដែរ ដែល​អាច​ឲ្យ​អ្នកគាំទ្រ​មាន​ទំនុកចិត្ត​។ យ៉ាងណា​ក៏​ដោយ​កីឡាករ Sing Phichnoy ដែល​គេ​ប៉ះ​ជាមួយ​លើក​នេះ ក៏​មិនធម្មតា​នោះ​ដែរ ដោយសារ​តែ​ធ្លាប់​ឈ្នះ​ផា​ន់ គ្រាន់ ជើង​ខ្លាំង​មក​ពី​ក្លិប​គជសារ​កីឡា​ដោយ​ពិន្ទុ កាលពី​ពេល​ថ្មី​ៗ និង​មានការ​អះអាង​ថា នៅ​ក្នុង​ប្រទេស​ថៃ​កីឡាករ​Sing Phichnoy ក៏​ស្ថិត​នៅ​ក្នុង​បញ្ជី​ជើង​ខ្លាំង​មួយ​រូប​ដែរ ។ កីឡាករ​ថៃ​រូប​នេះ ធ្លាប់​ប្រកួត​៨៩​លើក ឈ្នះ​៧៣​លើក ចាញ់​១៥​លើក នឹង​ស្មើ​១​លើក ចំណែក​ឡៅ ច​ន្ទ្រា ធ្លាប់​ប្រកួត​៦៣​លើក ឈ្នះ​៦០​លើក ចាញ់​៣​លើក និង​មិន​ដែល​ស្មើ ។ បើ​ទោះជា​ឡៅ ច​ន្ទ្រា ធ្លាប់​ប្រកួត​តិច​ជាង ក៏​ក្រុម​អ្នកគាំទ្រ​នៅ​តែ​ជឿជាក់​ថា ឈ្នះ​ច្រើន​ជាង ដោយសារ​ការ​ប៉ះ​ប្រកួត​ជាមួយ​ថៃ​ទាំង​១៩​លើក​កន្លង​មក វាយ​ចាញ់​តែ​៣​នាក់ ហើយ​ក៏​ជា​លទ្ធផល​ចាញ់​ដោយ​ភ្លាត់ស្នៀត​ទៀត ។

ម្ចាស់​ខ្សែក្រវាត់​មាស ច័ន្ទ​មាន មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ឯណេះ​វិញ ក៏​ត្រូវ​ឡើង​ប្រកួត​ការពារ​មុខមាត់​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ RE DA ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ដែរ ។ នេះ​ជា​លើក​ទី​៧ ដែល​ម្ចាស់​ខ្សែក្រវាត់​រូប​នេះ​បាន​ប្រកួត​ជាមួយ​ថៃ ដោយ​មាន​លទ្ធផល​ឈ្នះ​ច្រើន​ជាង​ចាញ់ ។ គេ​ធ្លាប់​ឡើង​ប្រកួត​១១២​លើក ឈ្នះ​៨៩​លើក ចាញ់​២៣​លើក និង​មិន​ដែល​ស្មើ នឹង​បាន​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​របស់​ក្រុមហ៊ុន​K.Cement កាលពី​ពេល​ថ្មី​ៗ ។ ការ​ប្រកួត​ចុង​ក្រោយ​គេ​ឈ្នះ​កីឡាករ​ថៃ Phath Cham Boeung​ក្នុង​ទឹក​ទី​៤ នៅ​លើ​សង្វៀន​SEA-TV​។ ដោយឡែក​កីឡាករ​ថៃ​RE DA វិញ គេ​ធ្លាប់​មក​ស្រុក​ខ្មែរ​ម្តង​ហើយដោយ​វាយ​ឈ្នះ​សេក គឹ​ម​ផៃ មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប​ដោយ​ពិន្ទុ​។ គេ​ធ្លាប់​ប្រកួត​៨៩​លើក ឈ្នះ​៧៥​លើក ចាញ់​១៤​លើក និង​មិន​ដែល​ស្មើ​ដូច​គ្នា​។ ការ​ប្រកួត​គូ​នេះ កីឡាករ​កម្ពុជា​មាន​គេ​ជឿ​ថា​ឈ្នះ​១០០% បើ​ទោះជា​កីឡាករ​ខាង​ថៃ​ត្រូវ​បាន​អ្នកដឹកនាំ​មក​ប្រកួត​អះអាង​ថា គឺជា​ជើង​ខ្លាំង ហើយ​លទ្ធភាព​ដែល​គេ​បាន​ឈ្នះ​សេក គឹ​ម​ផៃ គឺជា​ភស្ដុ​តាង​ស្រាប់ ។ ម្យ៉ាង​មក​ពី​មាស ច័ន្ទ​មាន ត្រូវការ​រក្សា​កេរ្តិ៍ឈ្មោះ និង​ក្រេ​ឌី​ត ក្នុង​នាម​ជា​ម្ចាស់​ខ្សែក្រវាត់​កុំ​ឲ្យ​បាក់មុខ​នោះ​ផង ទើប​ការ​ប្រកួត​ដែល​កើតឡើង​ថ្ងៃស្អែក​គឺ​ពិតជា​មាន​លទ្ធផល​វិជ្ជមាន​ច្រើន​ជាង ។

នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នោះ​ដែរ ចាប់ពី​ម៉ោង​៨​ព្រឹក ក៏​មានការ​ប្រកួត​កម្រិត​ជាតិ​រវាង​កីឡាករ​ក្នុងស្រុក​ដែល​សុទ្ធតែ​ជា​គូ​ល្អ​ៗ​ផង​ដែរ ។ ដោយឡែក​នៅ​សង្វៀន​ប៉ុស្ដិ៍​លេខ​៥​ឯណោះ​វិញ ចាប់ពី​ម៉ោង​៥​ល្ងាច​តទៅ ការ​ប្រកួត​គឺ​កាន់តែ​ក្ដៅ​គគុក ដោយសារ​តែ​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែក្រវាត់​របស់​ក្រុមហ៊ុន​ស៊ីម៉ង់ត៍​អូដ្ឋ​បាន​ឈាន​ដល់​វគ្គ​វាយ​ឆ្លង​ពូ​ល ឆ្ពោះទៅ​រក​តំណែង​ជើងឯក ។ ការ​ប្រកួត​នឹង​មាន​អ្នក​តាមដាន​ច្រើន​ដោយសារ​តែ​អ្នក​ស្នេហា​ប្រដាល់​ភាគច្រើន​សុទ្ធតែ​ចង់​ដឹង​ថា​រវាង​កីឡាករ​៤​រូប​ចុង​ក្រោយ គឺ​កីឡាករ​ថៃ កីឡាករ​ឈាន ហុង កីឡាករ​ថៃ ប៊ុ​ន​ហាន និង​កីឡាករ​វ៉ា​ន់ ចាន់​វ៉េ​ត អ្នក​ណា​បាន​ឡើង​បន្ត ៕