អា​មេ​រិ​ក​នឹង​បញ្ជូនទាហាន​300​នាក់​ទៅ​កា​មី​រូ​ន រួម​ប្រឆាំង​ក្រុម​បូ​កូ​ហា​រ៉ា​ម

បណ្តា​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​គូសបញ្ជាក់​ថា សហរដ្ឋ​អា​េ​ម​រិ​ក​នឹង​បញ្ជូនទាហាន​៣០០​នាក់ ព្រមទាំង​យន្តហោះ​គ្មាន​មនុស្ស​បើក​ស៊ើបការណ៍​មក​កាន់​ប្រទេស​កា​មី​រូ​ន ដើម្បី​ជួយ​ទ្រទ្រង់​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​កងកម្លាំង​អន្តរាគមន៍​អាហ្វ្រិក ដែល​កំពុង​តស៊ូ​ប្រឆាំង​ពួក​អ៊ិ​ស្លា​ម​និយម​ក្រុម​បូ​កូ​ហា​រ៉ា​ម ។

ប្រធានាធិបតី​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា កាលពី​ថ្ងៃ​ទី​១៤ តុលា បាន​ជម្រាប​ជូន​សភា​ពី​ការ​សម្រេចចិត្ត​របស់​លោក ហើយ​បញ្ជាក់​ថា បុគ្គលិក​យោធា​៩០​នាក់​ត្រូវ​បាន​បញ្ជូន​នា​ថ្ងៃ​ទី​១២ តុលា ទៅ​កាន់កា​មី​រូ​នតា​មរយៈ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​រដ្ឋាភិបាល​ប្រទេស​នេះ ។ ទាហាន​ទាំងនេះ​នឹង​ធ្វើ​ប្រតិបត្តិការ​ក្នុង​ការ​ប្រមូល​ព័ត៌មាន​ស៊ើប​ការណ៍​ពីលើ​អាកាស ព្រមទាំង​ធ្វើការ​ត្រួតពិនិត្យ ។ ពួក​គេ​នឹង​បំពាក់​ដោយ​គ្រឿង​សព្វាវុធ​សម្រាប់​ការពារ​ខ្លួន រួច​នឹង​ស្ថិត​នៅ​ក្នុង​ប្រទេស​កា​មី​រូ​ន ដរាបណា​ការ​ជួយ​ទ្រទ្រង់​របស់​ពួក​គេ​ត្រូវការ​ចាំបាច់ ។

កង​ទាហាន​អា​​មេ​រិ​ក​ដែល​បញ្ជូន​ទៅ​កាន់​ប្រទេស​កា​មី​រូ​ន​មាន​បេសកកម្ម​ផ្តល់​ព័ត៌មាន​ស៊ើបការណ៍​ដល់​កង​កម្លាំងយោធា​ប្រមូលផ្តុំ​ដោយ​ប្រទេស​នី​ហ្សេ​រី​យ៉ា នី​ហ្សេ កា​មី​រូ​ន ឆា​ដ និង​បេ​ណាំង ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ពួក​បូ​កូ​ហា​រ៉ា​ម ។ កង​ទាហាន​អា​មេ​រិ​ក​ក្នុង​គ្រា​ដំបូង​នឹង​ដាក់​ពង្រាយ​នៅ​ទីក្រុង​ហ្គា​រូ​អា នា​ភាគ​ខាងជើង​កា​មី​រូ​ន ក្បែរ​ព្រំដែន​នី​ហ្សេ​រី​យ៉ា ។ កង​ទាហាន​ទាំងនេះ​នឹង​មាន​បណ្តា​យន្តហោះ​គ្មាន​មនុស្ស​បើក​ស៊ើបការណ៍​ប្រភេទ PREDATOR ។

សេត​វិមាន​អះអាង​ថា ការ​សម្រេចចិត្ត​នេះ​របស់​លោក​អូ​បា​ម៉ា ពុំ​មែន​មក​ពី​ហេតុផល​នៃ​ការ​ផ្លាស់​ប្តូរ​ក្នុង​ការ​វាយតម្លៃ​ការ​គំរាមកំហែង​របស់​ពួក​អ៊ិ​ស្លា​ម​និយម​ក្នុង​តំបន់​ឡើយ ។ សហរដ្ឋ​អា​មេ​រិ​ក​ពុំ​មាន​កងទ័ព​ប្រយុទ្ធ​នៅ​អាហ្វ្រិក​ឡើយ ក៏​ប៉ុន្តែ​ជួយ​ផ្តល់​ការ​ទ្រទ្រង់​កាន់តែ​ខ្លាំង​ដល់​បណ្តា​សម្ព័ន្ធមិត្ត​ក្នុង​ការ​តស៊ូ​ប្រឆាំង​ពួក​បូ​កូ​ហា​រ៉ា​ម ៕