ស្លាក​យីហោ​ពុំ​មាន​អក្សរ​ខ្មែរ​ក្នុង​ទឹកដី​ទេសចរ​ណ៍ខេត្ត​ព្រះ​សីហ​នុកំពុង​រង​ការ​រិះ​គន់​​ពី​​មហាជន

ខេត្ត​ព្រះ​សីហ​នុ ៖ ​អក្សរសាស្ត្រ​ខ្មែរ​ គឺជា​ដួង​ព្រលឹង​ជាតិ​របស់​ខ្មែរ ប៉ុន្តែ​នៅ​ពេល​បច្ចុប្បន្ន​នេះ នៅ​លើ​ស្លាក​យីហោ​​មួយ​ចំនួន​នៃ​ទីក្រុង​ទេសចរ​ណ៍ខេត្ត​ព្រះ​សីហ​នុ​ស្ទើ​រតែ​គ្មាន​អក្សរ​ខ្មែរ​ឡើយ ធ្វើ​ឱ្យ​​​​មហាជន​មួយ​ចំនួន​ធ្វើការ​រិះគន់​យ៉ាង​ចាស់ដៃ​ទៅ​លើ​មន្ទី​រវប្ប​ធម៌​ខេត្ត​ថា ពុំ​បាន​យកចិត្ត​ទុក​ដាក់អំពី​អត្តសញ្ញាណ​ជាតិ បណ្តោយឱ្យ​ម្ចាស់​ក្រុមហ៊ុន ម្ចាស់​អាជីវករ​មួយ​ចំនួន​ធ្វើ​អ្វី​តាម​ទំនើងចិត្ត ពុំ​បាន​គោរព​ច្បាប់រដ្ឋធម្មនុញ្ញនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​។

​អ្នក​រស់នៅ​ក្រុងព្រះសីហនុក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​​​ដែល​បាន​មក​កំសាន្ត​នា​រដូវ​ភ្ជុំ​បិ​ណ្យ​នា​ពេល​កន្លង​ទៅ​នេះ បាន​សម្តែង​ទស្សនៈ​ថា អាជ្ញាធរ​ខេត្ត និងមន្ត្រី​ជំនាញ មន្ទី​វប្ប​ធ​ម៌ខេត្ត មិន​គួរ​ណា​មើល​រំលង​អំពី​អត្ត​សញ្ញាណ​ខ្មែរ​ជុំវិញ​ការ​តាំង​ស្លាក​យីហោ​ដោយ​ពុំ​មាន​អក្សរ​ខ្មែរ​នោះ​ទេ​។

ប្រភព​រិះគន់​បាន​បន្ត​ទៀត​ថា នៅ​លើ​ស្លាក​យីហោ​​នៃ​ទីក្រុង​ទេសចរ​ណ៍វប្ប​ធ​ម៌ធម្មជាតិ​ជា​ច្រើន​នៅ​តាម​ដងផ្លូវ​សំខាន់​ៗ​ក្នុង​ក្រុង គេ​សង្កេត​ឃើញ​ថា ​ពុំ​មាន​សរសេរ​អក្សរ​ខ្មែរសូ​ម្បី​តែ​មួយ​តួ ដែល​ជា​ទ​ង្វើ​ផ្ទុយ​ទៅ​នឹង​ច្បាប់រដ្ឋធម្មនុញ្ញបាន​កំណត់​ឡើង​ដោយ​ស្ថា​ប័ន​កំពូល​ៗ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចែង​យ៉ាង​ច្បាស់​ថា គ្រប់​ស្លាក​យីហោរបស់​ក្រុមហ៊ុន ពាណិជ្ជករ អាជីវករ អង្គការក្រៅរដ្ឋាភិបាលនានាដែល​កំពុង​ប្រតិ​បត្តិការ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ចាំបាច់​ត្រូវ​តែ​សរសេរ​អក្សរ​ជាតិ​(​អក្សរ​ខ្មែរ​) នៅ​ផ្នែក​ខាងលើ​នៃ​ស្លាក​ទាំងនោះ​ជា​កំហិត បើ​ពុំនោះ​ទេត្រូវ​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់​ដែល​បាន​កំណត់​។​

ក្នុង​នាម​ពួក​គាត់​ជា​កូន​ខ្មែរសូម​អំពាវនាវ​យ៉ាង​ទ​ទួ​ចដល់​ស្ថាប័ន​ពាក់​ព័​ន្ធនានា ជា​ពិសេស​មន្ទីរ និងក្រសួង​វប្ប​ធ​ម៌ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល សូម​មេត្តា​ត្រួតពិនិត្យ​ឡើង​វិញ​អំពី​អត្តសញ្ញាណ​ខ្មែរ ពាក់​ព័​ន្ធ​ទៅ​នឹង​ស្លាក​យីហោរ​នេះ បើ​ពុំនោះ​ទេ​អត្តសញ្ញាណ​អក្សរសាស្ត្រ​ខ្មែរនឹង​ត្រូវ​បាត់បង់​បន្តិច​ៗ​ម្តង​ជាក់​ជា​ពុំខាន​។

ជុំវិញ​ការ​រិះគន់​ទាំងនេះ លោក ដេ​ត ណូ ប្រធាន​មន្ទី​វប្ប​ធ​ម៌ខេត្ត​ព្រះ​សីហ​នុ​បាន​គូស​បញ្ជា​ក់ថា ចំពោះ​បញ្ហា​ទាំងនេះ​ខាង​មន្ទីរ​ជំនាញ​របស់​លោកកំពុង​តែ​ដុតដៃដុតជើងធ្វើ​ជំរឿន ដោយ​បាន​ធ្វើការ​ណែនាំ​ពួក​គាត់ (​ម្ចាស់​ក្រុមហ៊ុន ម្ចាស់​អាជីវករ អង្គការក្រៅរដ្ឋាភិបាល នានា​)​ឱ្យ​កែប្រែ​ស្លាក​យីហោដែល​ពុំ​មាន​អក្សរសាស្ត្រ​ជាតិឱ្យមក​ដាក់​អក្សរសាស្ត្រ​ជាតិ​នៅ​ផ្នែក​ខាងលើ​វិញ ដោយ​ទុក​ពេល​ចាប់ពី​១​ខែ ទៅ​២​ខែ បើ​ពុំនោះ​ទេ មន្ត្រី​ជំនាញ​នឹង​ចាត់ការ​​​ទៅ​តាម​ផ្លូវច្បាប់​៕