មន្ត្រីរាជការ​​និងពលរដ្ឋ​​ ​ចូលរួម​គោរពព្រះ​វិញ្ញាណ​ក្ខន្ធ ថ្វាយ​អតីត​ព្រះ​មហា​វីរក្សត្រ​ ព្រះ​បរម​រតនកោដ្ឋ

ខេត្តសៀមរាប​ ៖​ នៅ​​​ព្រះរាជ​ដំណាក់​ខេត្ត​ នា​ព្រឹក​ថ្ងៃ​ទី១៥ តុលា ២០១៥​ នេះ មន្ត្រីរាជការ កង​កម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្តសៀមរាប បាន​ចូលរួម​គោរព​ព្រះ​​វិញ្ញាណ​ក្ខន្ធ អតីត​ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប​៣ឆ្នាំ បន្ទាប់​ពី​ព្រះ​អង្គ​យាង​ចូល​ទិវង្គត កាលពី​ថ្ងៃ​ទី​១៥ ​ខែតុលា ឆ្នាំ​២០១២ ​កន្លង​មកនេះ ។

តាម​រយៈ​ព្រះរាជ​ពិធីបុណ្យ​នេះ​ដែរ អាជ្ញាធរខេត្ត​ក៍បាន​ធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ ព្រះសង្ឃ នៅ​តាម​ទីវ​ត្ដ​អារាម ស្ថាប័ន មន្ទីរ អង្គភាព​នានា រួម​ទាំង​បណ្តា​សាលារៀន​ គ្រឹ​ស្ថាន​សិក្សា វិស័យ​ឯកជន និង​គ្រប់​លំនៅ​​ឋាន​​របស់​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្តសៀមរាប ដើម្បី​​ចូល​រួម​​បោស​សម្អាត​​ទីធ្លា​កន្លែង​សក្ការបូជា ព្រម​ទាំង​​ការ​ដាក់​តាំង​រូប​ព្រះ​ឆាយា​ល័​ក្ខណ៍របស់​ព្រះ​អង្គ តុបតែង​លម្អ​ដោយ​ផ្កា​ភ្ញី ភ្លើងពណ៌ ចងបដា ពាក្យស្លោក ទង់ជាតិ ទង់សាសនា និង​ទង់ជ្វាលា​ពីនៅ​មុខ​ខ្លោងទ្វារ​ចូល​ក្នុង​វត្ដ​អារាម​ជាដើម​ ។

យោង​តាម​ព្រះរាជ​ជីវប្រវត្តិ​សង្ខេប​របស់ព្រះករុណា ព្រះបាទ​សម្ដេច ព្រះនរោត្ដម សីហ​នុ ព្រះ​មហា​វីរក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​អង្គ​ប្រ​សូត នៅ​ថ្ងៃ​អង្គារ ១១ កើត ខែកត្តិក ឆ្នាំច ចត្វា​ស័ក ព​.​ស​.២៤៥៦ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា​ ។​ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ នរោត្ដម សីហ​នុ ព្រះ​មហា​វីរក្សត្រ​កម្ពុជា បាន​ឡើង​គ្រង​រាជសម្បត្តិ ក្នុង​ព្រះ​ជន្ម១៩ព្រះ​វស្សា គឺ​នៅ​ឆ្នាំ​១៩៤១​ ។ ព្រះ​អង្គ បាន​ទាមទារ​ឯករាជ្យ​ពេញលេញពី​បារាំង សម្រាប់​​កម្ពុជា នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ​។

​ព្រះ​មហា​វីរក្សត្រ​សម្តេចព្រះ​នរោត្តម សីហ​នុ ជា​ក្សត្រ​ដែល​មាន​ប្រជាប្រិយភាព​ និង​កិត្តិនាម​ជាទី​ស្រឡាញ់​ពេញចិត្តរបស់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប​តាម​រយៈ​ស្នា​ព្រះ​ហ​ស្ត​របស់​ព្រះ​អង្គ ក្នុង​ការ​កសាង​ជាតិមាតុភូមិ​ និង​ការពារ​បូរណភាព​ទឹកដី​ ។ ​ហើយដោយ​សារ​តែ​សក្ខីភាព​របស់​ព្រះ​អង្គ​យ៉ាង​ធំធេង​នេះ​ហើយ ​ទើប​នៅ​ព្រឹក​ថ្ងៃ​ទី១៥ តុលា ២០១៥ ​នេះ ខេត្តសៀមរាប​បាន​រៀបចំព្រះរាជ​ពិធី​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ ជា​ការ​រំឭក​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ព្រះ​អង្គ ជា​ព្រះ​បិតា​ឯករាជ ​បូរណភាព​ទឹកដី​ និង​ជា​អ្នក​មានគុណ​ចំពោះ​ប្រជារាស្ត្រ​គ្រប់​ស្រទាប់វណ្ណៈ​ ។

បន្ទាប់​ពី​ការ​បូជា​ទៀន ធូប ថ្វាយ​នៅ​ចំពោះ​មុខ​ព្រះ​​ឆាយាល័ក្ខណ៍របស់​ព្រះ​បរម​រតន​កោដ្ឋ និង​ការ​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធរបស់​ព្រះ​បរម​រតន​កោដ្ឋ ដោយ​បាន​ធ្វើការ​ស្មឹង​ស្មា​ត ដើម្បី​ឧទ្ទិស​ព្រះ​វិញ្ញាណ​ក្ខន្ធរបស់ព្រះ​អង្គ ​ទ្រង់បាន​យាន​ទៅ​កាន់​ព្រះ​បរម​សុគតិភព ឲ្យ​បាន​គ្រប់​ៗ​ជាតិ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​ ៕