វាយសីថ្នាក់ជាតិ កំពុងប្រកួតប្រជែងរកជើងខ្លាំង

អត្ត​ពលិក​វាយ​សី​មក​ពី​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​តែ​ធ្វើ​ការប្រកួត​ប្រជែង​គ្នាយ៉ាង​ស្វិត ក្នុង​ការប្រកួត​កីឡា​វាយ​សីជ្រើស​រើស​ជើងឯកថ្នាក់​​ជាតិ​ប្រចាំ​​ឆ្នាំ​ ២០១៥ ដែល​​បានចាប់ផ្ដើមកាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ហើយគ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី២០ ខែតុលា ឆ្នាំ​២០១៥។​

ទាក់​ទងទៅ​នឹង​ការប្រកួត​នេះ លោក​ ​ជាម សុភា​ អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​ បានប្រាប់​​ឲ្យ​ដឹងថា​ ​ការប្រកួត​កីឡា​វាយ​សីជ្រើស​រើស​ជើងឯកថ្នាក់​​ជាតិ​ប្រចាំ​​ឆ្នាំ​ ២០១៥នេះ មានកីឡាករ​ចំនួន១២៩​នាក់ និងកីឡាការិនី​១៧នាក់ ចូល​រួមដែល​ពួក​គេ​លេង​តំណាង​ឲ្យ​ក្លិប​ចំនួន​១១ រួម​មាន​ក្លិប​មកពី​ខេត្តកំពង់ឆ្នាំង​ ខេត្ត​កំពង់ចាម​ ខេត្ត​ស្វាយរៀង​ ខេត្ត​ព្រះសីហនុ​ ក្លិប​ត្រពាំង​ស្រែ​ ​ក្លិប​មុនី​ឋា​ប​នា​ ​ក្លិប​ខេមរៈ​ ​ក្លិប​ព្រះខ័ន​រាជ​ ​ក្លិប​ទីចាត់ការ​បច្ចេកទេស​ក​ងយោធពលខេមរភូមិន្ទ​ ក្លិប​ខេត្តកោះកុង និងក្លិប​ពហុ​កី​ឡ​ដ្ឋា​ន​ជាតិ ។
mm1
អត្ត​ពលិក​ទាំង​នេះ ត្រូវ​បាន​កំណត់ឲ្យធ្វើ​ការ​ប្រកួត​ប្រជែង​គ្នាជា​២​ក្របខ័ណ្ឌ​គឺ​ក្រប​ខ័ណ្ឌ​ក១ និងក២ ក្នុង​នោះ​មាន​ការប្រកួតវិញ្ញាសា​​វាយ​ទោល​(ក​១) វាយ​គូ​បុរស​(ក​១)  វាយ​ទោល​បុរស​(ក​២)​អាយុ​១៩​ឆ្នាំ​ឡើង វាយ​ទោល​បុរស​អាយុ​ក្រោម​១៩​ឆ្នាំ​ក្របខ័ណ្ឌក​២ វាយ​ទោល​បុរស​អាយុ​ក្រោម​១៦​ឆ្នាំ វាយ​គូ​បុរស​អាយុ​ក្រោម​១៩​ឆ្នាំ វិញ្ញាសា​វាយ​ទោល​បុរស​អាយុ​ក្រោម​១៣​ឆ្នាំ វាយ​គូ​បុរស​អាយុ​ក្រោម​១៣​ឆ្នាំ វិញ្ញាសា​វាយ​ទោល​នារី វិញ្ញាសា​វាយ​គូ​នារី និងវិញ្ញាសា​ប្រកួត​ជា​ក្រុម។

​តាម​ការ​ពិនិត្យ​មើល​ជាក់​ស្តែង ក្នុង​ការ​ប្រកួត​បើក​ឆាក កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នោះ គឺ​​ការប្រកួត​កីឡា​វាយ​សីជ្រើស​រើស​ជើងឯកថ្នាក់​​ជាតិ​ប្រចាំ​​ឆ្នាំ​ ២០១៥​នេះ មាន​យុវជន​ចូល​រួម​ច្រើន ដោយស្រប​ទៅ​តាម​ការ​ចង់​បាន​របស់អ្នក​​ដឹក​នាំសហព័ន្ធ​កីឡា​វាយ​សីកម្ពុជា ព្រោះ​ពួក​គេ​ជា​ថ្នាល​ដ៏​សំខាន់​បំផុត សម្រាប់​យក​មក​បណ្តុះ​បណ្តាល​បន្ថែម​ត្រៀម​ការ​ប្រកួត នៅលើ​ឆាក​អន្តរជាតិ ពិសេស​ការ​បក្រកួត​ស៊ីហ្គេម លើក​ទី៣២ ឆ្នាំ២០២៣ ដែល​កម្ពុជា​នឹង​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ៕