បុណ្យ​ភ្ជុំបិណ្ឌ នៅ​បន្ទាយមានជ័យ លង់ទឹក​ស្លាប់​៥​នាក់ គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ ៤៤ ភាគរយ​

បន្ទាយមានជ័យ: នៅ​ខេត្តបន្ទាយមានជ័យ ក្នុងឱកាស​រដូវ​ភ្ជុំបិណ្ឌ​នេះ ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយចុះ ៤៤ ភាគរយ​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៤​ពិសេសនៅឆ្នាំនេះ គឺមិនមាន​អ្នកស្លាប់។ ប៉ុន្តែ​មាន​មនុស្ស​ស្លាប់​ ៥​នាក់ ​ដោយសារ​លង់​ទឹក។​​

​លោក ​សួន នី​ប៉ូ នាយរង​នគរបាល​ចរាចរណ៍​ផ្លូវគោក នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថ្ងៃទី​១៥ តុលា ​ឆ្នាំ​២០១៥​ ថា អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​ កន្លងមក គ្រោះថ្នាក់​ចរាចរណ៍​​មានតែ ៥ ករណី បង្ក​មនុស្ស​របួសធ្ងន់ ៥ នាក់ ក្នុងនោះ​ស្រី ៣ នាក់ ខូចខាត​ធ្ងន់​ស្រាល​ម៉ូតូ ៥ គ្រឿង រថយន្ត ២ គ្រឿង​។​

​លោក​បន្តថា កាល​ពីបុណ្យ​ភ្ជុំបិណ្ឌ​ កាលពី​ឆ្នាំ​២០១៤ មាន ៩ ករណី ហើយ​គ្មាន​មនុស្ស​​ស្លាប់​ដូច​ឆ្នាំ​នេះដែរ​។

​រីឯ​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល និង​អធិការដ្ឋាន ក្នុង​ខេត្ត ឲ្យ​ដឹងថា ក្នុងអំឡុង​បុណ្យ​ភ្ជុំបិណ្ឌ (​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៥) កន្លងមក នៅ​ខេត្តបន្ទាយមានជ័យ ជួប​គ្រោះរាំងស្ងួត គ្មាន​ទឹកជំនន់​សោះ តែមាន​ឧ​ប​ទ្ទ​វហេតុ​ចម្លែក​ ស្លាប់​មនុស្ស ៥ នាក់​​ដោយសារ​លង់ទឹក ក្នុងនោះ ​​រងគ្រោះ​ បាន​ទៅ​កម្សាន្ត​សប្បាយ​តាម​ទីកន្លែង​កម្សាន្ត និង​រមណីយដ្ឋាន​ធម្មជាតិ និង​កែច្នៃ​នានា​ក្នុង​ខេត្ត​។ ទីកន្លែង​កម្សាន្ត និង​រមណីយដ្ឋាន ដែល​បង្ក​មាន​មនុស្ស​ស្លាប់​ ដោយ​លង់ទឹក ​រួមមាន នៅ​ប្រឡាយ​ស្ពាន​តា​ផាន់ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ លង់ទឹក​ស្លាប់​ម្នាក់ រមណីយដ្ឋាន​ធម្មជាតិ​អភិរក្ស​សត្វ​ក្រៀល​អាង​ត្រពាំងថ្ម ឃុំ​ប៉ោយប៉ែត ស្រុក​ភ្នំស្រុក លង់ទឹក​ស្លាប់​ម្នាក់ រមណីយដ្ឋាន​ទំនប់ទឹក​ដុង​អារញ្ញ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត លង់ទឹក​ស្លាប់ ​២​នាក់ និង​អាង​ទឹកអូ​រ​ខៃ​ដន​ ក្បែរផ្លូវ​រថភ្លើង សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត លង់ទឹក​ស្លាប់​ម្នាក់​៕ 

បុណ្យ​ភ្ជុំបិណ្ឌ នៅ​បន្ទាយមានជ័យ លង់ទឹក​ស្លាប់​៥​នាក់ គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ ៤៤ ភាគរយ​
បុណ្យ​ភ្ជុំបិណ្ឌ នៅ​បន្ទាយមានជ័យ លង់ទឹក​ស្លាប់​៥​នាក់ គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ ៤៤ ភាគរយ​
 គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ​ គ្មាន​អ្នកស្លាប់ តែ ៥ នាក់​ស្លាប់ ដោយ​លង់ទឹក​ កាលពី​ភ្ជុំបិណ្ឌ នៅ​បន្ទាយមានជ័យ ​ឆ្នាំនេះ (​រូប​:​សូ​ផុន​)