​រដូវ​​បុណ្យ​ភ្ជុំ​បិ​ណ្ឌ​​ឆ្នាំនេះ ភ្ញៀវ​ទេសចរ​​សម្រុកមក​លេង​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី​

​ខេត្ត​មណ្ឌលគិរី​ ៖ ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាក​ក្រោយ​បុណ្យ​ភ្ជុំ​បិ​ណ្ឌឆ្នាំ​នេះ​ សម្រាប់​ខេត្តមណ្ឌលគិរី​ភ្ញៀវ​ទេសចរ​​នៅ​តែ​សម្រុកមក​លេង​កម្សាន្ត​ដូច​រៀង​រាល់​ឆ្នាំ​ ហើយ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិ​ណ្ឌឆ្នាំ​នេះ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​​ជាតិ​-​អន្តរជាតិ​ជាង​៧​ពាន់នាក់ឲ្យ​មក​លេង​កម្សាន្ត​ ប៉ុន្តែ​តួលេខ​នេះ​បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ ក្នុង​ឱកាស​បុណ្យភ្ជុំ​បិ​ណ្ឌ​កាលពី​ឆ្នាំ​មុន​ ក្នុង​នោះ​ភ្ញៀវជាតិ​មានការ​ថយ​ចុះ​តិចតួច ។

លោក ងិ​ន សុ​វិមាន ប្រធាន​មន្ទី​ទេសចរណ៍​ខេត្ត​ បាន​ឲ្យ​ដឹង​ថា ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិ​ណ្ឌឆ្នាំ​នេះ​ ភ្ញៀវ​ទេសចរ​ដែល​ម​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី​ ​សម្រាប់​ភ្ញៀវ​ជាតិ​បាន​ថយ​ចុះ​តិច​តួច​ ប៉ុន្តែ​​សម្រាប់​ភ្ញៀវ​អន្តរជាតិ​វិញ​​មានការ​កើនឡើង​ ហើយ​កត្តា​ដែល​ធ្វើ​ឲ្យភ្ញៀវ​ជាតិ​មានការ​ថយ​ចុះ​តិចតួច​ក្នុងឆ្នាំនេះ លោក​សន្និដ្ឋាន​ថា​ ដោយសារ​តែ​ប្រទេស​កម្ពុជា​បាន​និង​កំពុង​បង្កើត ​និង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ជា​ច្រើន​កន្លែង​ផ្សេង​គ្នា ​ព្រមទាំង​ផ្លូវថ្នល់​នៅ​តាម​បណ្ដា​ខេត្ត​នានា​ក្នុង​ប្រទេស ​ដូច្នេះ​​​ពួក​គាត់​តែង​សម្រុក​ទៅ​លេង​តំបន់​ទេសចរណ៍ដែល​ទើប​ល្បីឈ្មោះ នៅ​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ ​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​​ដែល​មក​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី​មាន​ថយ​ចុះ​តិចតួច ។

លោក ងិ​ន សុ​វិមាន បាន​​បន្ត​​ថា ទោះបី​ជា​យ៉ាងណា​​ក្តី មន្ទីរ​ទេសចរណ៍​នឹង​រៀបចំ​កែ​​​លម្អ​តំបន់​ទេសចរណ៍​នានា​ក្នុង​ខេត្ត​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​នេះ​ថែម​ទៀត​ ដើម្បី​​ផ្ដល់​​សេវា​កម្សាន្ត​ដល់​ភ្ញៀវ ។​ ​​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ទេសចរ​​ចាប់អារម្មណ៍​ដល់​វិស័យ​ទេសចរណ៍​នៅ​ក្នុង​តំបន់​នេះ ​គឺ​អ្នក​ទេសចរ​​ចង់​ឃើញ​ទេសភាព និង​របស់​វិសាលភាព​ព្រៃ​-​ភ្នំ  តំបន់​រមណីយ​ដ្ឋា​ន​ធម្មជាតិ​ ​ទឹកជ្រោះ​តូច​-​ធំ សត្វព្រៃ​ជិះដំ​រី​ចូល​​កម្សាន្ត​ក្នុង​​ព្រៃ នាំ​គ្នា​បួងសួង​សុំ​សេចក្តីសុខ​នៅភ្នំ​ដោះ​ក្រមុំ​ ទស្សនា​សមុទ្រ​ឈើ មើល​ភូមិ​ជនជាតិភាគតិច​រស់នៅ និង​នាំ​គ្នា​ទៅ​កម្សាន្ត​សិប្បកម្ម​ត្បាញ​រវៃដោយ​ដៃ​របស់​ជនជាតិ ជា​ពិសេស​នោះ ​ពួក​គាត់​​ចូល​ចិត្ត​ធាតុអាកាស​ត្រជាក់​​ក្នុង​ខេត្ត​​នេះ​​តែ​ម្ដង ។

លោក​ប្រធាន​មន្ទី​ទេសចរណ៍​ខេត្ត​ បាន​បញ្ជាក់​ថា​ ក្នុង​រយៈពេល​៣​ថ្ងៃ​ចុង​ក្រោយ​នៃ​ឱកាស​បុណ្យ​ភ្ជុំ​បិ​ណ្ឌ​ឆ្នាំនេះ​ មាន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ចំនួន៧.០៤៩នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​៦.៨៩២​នាក់ ​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន១៥២​នាក់​ ហើយ​តួលេខ​នេះ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៤ ​កន្លង​ទៅ ​សម្រាប់​ភ្ញៀវ​ទេសចរ​សរុប​មានការ​ថយចុះ​ចំនួន​១២.៣៦%​ ក្នុង​នោះ​ភ្ញៀវ​ជាតិ​ថយ​ចុះ​១៣.៧២% ភ្ញៀវ​អន្តរជាតិ​កើនឡើង​១៨០.៣៥% ៕