​ផ្ទះ​សត្តឃាត​​ត្រូវ​ចោរ​ចូល​ប្លន់​យកលុយអស់​ជិត​២​ម៉ឺន​ដុល្លារ

​ខេត្តបន្ទាយមានជ័យ​៖​ចោរ​២​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​បាន​ចូល​វាយ​ស្ត្រី​ម្ចាស់ផ្ទះ​ទីសត្តឃាត​ជ្រូក​មួយកន្លែង​យកលុយ​សរុប​ជិត​២​ម៉ឺន​ដុល្លារ ខណៈ​ប្តី​រវល់​ទៅ​យាម​ការពារ​ព្រំដែន​ដែលមាន​ចម្ងាយ ប្រមាណ​ជាមួយ​រយ​ម៉ែត្រ​ពី​ផ្ទះ​។ ហេតុការណ៍​ប្លន់​នេះ​បាន​កើតឡើង​កាលពី​យប់​ម៉ោង​១២ និង​១០​នាទី ឈានចូល​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

​បើតាម​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្រុមចោរប្លន់​ខាងលើ​មាន​គ្នា​២​នាក់ ដោយ​ម្នា​ក់មាន​ឯកសណ្ឋាន​ស៊ីវិល និង​ម្នាក់ទៀត​ខោ​ប៉ា​រ៉ា​មាន​កាំភ្លើងខ្លី​១​ដើម ដោយ​មុន​ធ្វើ​សកម្មភាព​ប្លន់ ពួកគេ​បាន​គោះទ្វារ​ឲ្យ​ម្ចាស់ផ្ទះ​ដែលមាន​តែ​ប្រពន្ធ​ឈ្មោះ វេន សាមឿន អាយុ​៣២​ឆ្នាំ កំពុង​ដេកលក់​ក្នុងផ្ទះ​ខណៈដែល​បុរស​ជា​ប្តី​ជា​ទាហាន​បាន​ទៅ​យាម​ការពារ ព្រំដែន​នៅខាងមុខ​ផ្ទះ​ប្រមាណ​ជា​១០០​ម៉ែត្រ​នោះ ក៏បាន​បើកទ្វារ​ឲ្យ ស្មានតែ​ជា​ប្តី​ត្រឡប់​មកពី​យាម ធ្វើ​ឲ្យ​ក្រុមចោរ​បាន​ឧកាស​ចូល​ប្លន់ ហើយ​វាយ​ប្រពន្ធ​បែក​មាត់ និង​ប្រមូល​យកលុយ​រួមមាន​ប្រាក់​ដុល្លារ​១២.២០០​ដុល្លារ លុយ​បាត​២២​ម៉ឺន​បាត​ហើយ​គេចខ្លួនបាត់​ទើប​មានការ​ផ្អើល​ដល់​ប្តី និង​សមត្ថកិច្ច​នគរបាល​ដែល​នាំ​ដោយ​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត និង​លោក សិទ្ធ ឡោះ ស្នងការ​កណ្ដាល​ព្រហ្មទណ្ឌ រួម​នឹង​កម្លាំង​ការិយាល័យ​ជំនាញ​ចុះ​ទៅដល់​ត្រួតពិនិត្យ​ទីតាំង​កើតហេតុ និង​សួរ​ជនរងគ្រោះ​ដើម្បី​ឈានដល់​ការស្រាវជ្រាវ​បង្ក្រាប​ជនសង្ស័យ​ផងដែរ​។​

​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ​បាន​លើកឡើងថា នេះ​ជា​ករណី​ទីមួយ​ហើយ​ដែល​តំបន់​អូរ​បី​ជាន់​ដែលជា​តំបន់​ពោរពេញ​ដោយ ទាហាន​នៅ​គ្រប់ទិសទី បែរជា​ក្រុមចោរ​ហ៊ាន​ធ្វើ​សកម្មភាព​ប្លន់​ទៅវិញ​៕

​ផ្ទះ​សត្តឃាត​​ត្រូវ​ចោរ​ចូល​ប្លន់​យកលុយអស់​ជិត​២​ម៉ឺន​ដុល្លារ