គណបក្ស​ហ្វ៊ិ​ន​ស៊ិនប៉ិច និង​គណបក្ស​សង្គ្រោះ​ជាតិ មិនអាច​បង្រួបបង្រួម​បានទេ

ភ្នំពេញ: នៅ​ប៉ុន្មាន​ថ្ងៃនេះ មានការ​ឆ្លងឆ្លើយ​តាម​កាសែតបំណង​បោះដៃ​រកគ្នា ដើម្បី​ឈាន​ដល់​ការជួប និយាយ​ពីការ​​បង្រួបបង្រួម រវាង​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្តេច​​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​គណបក្ស​សង្គ្រោះ​ជាតិ របស់លោក​សមរង្ស៊ី និង​លោក​កឹម​សុខា​។ ក៏ប៉ុន្តែ​គណបក្ស​ហ្វ៊ិ​ន​ស៊ិនប៉ិច និង​គណបក្ស​សង្គ្រោះ​ជាតិ ​មិន​អាច​​​ឈានដល់​កិច្ចព្រមព្រៀង​បង្រួបបង្រួម​គ្នា​បានទេ​។  

​មាន​​មូលហេតុ​​ច្រើនយ៉ាង ដែល​គណបក្ស​ទាំងពីរ​នេះ មិនអាច​រួបរួមគ្នាបាន​​។ ហេតុ​ផល​​​ទី​១ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ប្រកាស​​ស្វាគមន៍ និង​រង់ចាំ​ជួប​លោក​សមរង្ស៊ី និង​លោក​កឹម​សុខា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​និយាយ​ពី​ការ​បង្រួប​​​បង្រួម​នោះ គឺ​គ្រាន់តែ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចង់​បាន​​សន្លឹក​​អាត់​មួយនៅក្នុងដៃ​ ដើម្បី​តថ្លៃ នឹង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន តែប៉ុណ្ណោះ​។

​ហេតុផល​​មួយទៀត ដែល​គណបក្ស​ទាំង​ពីរ មិនអាច​រួបរួមគ្នា គឺ​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស​សម្តេច​ហ៊ុនសែន មិន​ព្រម​ជាដាច់ខាត​។ ម្យ៉ាង​ទៀត ក្រុម​​លោក​​ញឹក​ប៊ុនឆៃ ក្នុង​​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក៏​នឹងមិន​ដង្ហែ​តាម​សម្តេចក្រុមព្រះ ទៅ​ចងសម្ព័ន្ធ​មេត្រីភាព​​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ ខណៈដែល​ហ្វ៊ុនស៊ិនប៉ិច កំពុង​តែ​មាន​សម្ព័ន្ធភាព​​រួចហើយ​ ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​។​

​មួយវិញទៀត បើសិនជា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​សង្គ្រោះ​ជាតិ រួបរួម​មែន​នោះ តើ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងត្រូវ​កាន់តំណែង​អ្វី​? ពិត​ណាស់ ព្រះអង្គ ត្រូវតែ​មាន​​តួនាទី​​ដឹកនាំ​​ក្នុង​គណបក្ស ខ្ពស់ជាង​​លោក​សមរង្ស៊ី និង​លោក​កឹម​សុខា​។ ដូច្នេះ នៅ​ពេល​នោះ ភ្នំ​សង្គ្រោះ​ជាតិមូយ​ នឹងមាន​ខ្លាដល់ទៅ​​៣ ខណៈដែល​សព្វថ្ងៃ ភ្នំ​​សង្គ្រោះ​​ជាតិ មាន​ខ្លា​ពីរ គឺ​សមរង្ស៊ី និង​កឹម​សុខា រួចទៅហើយ​នោះ​។​

លោកសមរង្ស៊ី និងលោកកឹមសុខា សុទ្ធតែជា​កូនចៅរបស់សម្តេចក្រុមព្រះ នៅក្នុង​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច កាល​ពី​អតីត​កាល មុនពេល​ចេញ​មកបង្កើតគណបក្ស​នយោបាយ​​រៀងៗខ្លួន​​។ ដូច្នេះ​លោកទាំងពីរ ច្បាស់​ជាស្គាល់​សម្តេច​​​ក្រុម​ព្រះ​ ច្បាស់​ ហើយ​សម្តេចក្រុមព្រះ ក៏ស្គាល់​លោកទាំងពីរ​​ដែរ​។​

​បើ​ស្តាប់​ប្រសាសន៍​លោក​កឹម​សុខា នៅ​ព្រឹក​ថ្ងៃទី​១៥​តុលា​នេះ ហាក់ដូចជា ចាត់ទុក​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​តួអង្គ​នយោបាយ ដែល​ប្រឡាក់ប្រឡូស និង​មាន​កេរ្តិ៍ឈ្មោះ​​មិនល្អ មិនសំខាន់ ដែល​សង្គ្រោះ​ជាតិ នឹង​​ទាក់ទង ដើម្បី​សម្រេច​គោល​ការណ៍​​បង្រួបបង្រួម​អ្នកស្នេហាជាតិ និង​អ្នកប្រជាធិបតេយ្យ​របស់​​គណបក្ស​សង្គ្រោះ​ជាតិ​​នោះទេ​។​

​សរុបមក ហ្វ៊ុនស៊ិនប៉ិច​របស់​ស​ម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​សង្គ្រោះ​ជាតិ​របស់​លោក​​សម​រង្ស៊ី និង​​លោក​​កឹម​​សុខា នឹង​មិន​​មាន​​ថ្ងៃ​​ចាប់​ដៃ​គ្នា ក្នុង​សម្ព័ន្ធភាព​ថ្មី ដើម្បី​ប្រជែង​ការបោះឆ្នោត​ជាមួយនឹង​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ​។ ដំណឹង​នៃ​ការចង់​បង្រួបបង្រួម ផ្ញើ​តាម​អ្នកកាសែត​នៅពេលនេះ គ្រាន់តែ​ជា​សារ​នយោបាយ តែ​មិនមាន​ថ្ងៃ ក្លាយជា​ការពិត​បានឡើយ​៕​

គណបក្ស​ហ្វ៊ិ​ន​ស៊ិនប៉ិច និង​គណបក្ស​សង្គ្រោះ​ជាតិ មិនអាច​បង្រួបបង្រួម​បានទេ