សព​ស្ត្រី​ចំណាស់​ម្នាក់​អណ្តែត​ជាប់មង​អ្នកនេសាទ​ខ្មែរ​-​អ៊ិ​ស្លា​មទាំង​ព្រលឹម

ខេត្តកំពង់ចាម ៖ សព​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ មាន​ស្លៀកខោ​ជើងវែង​ពណ៌​ខ្មៅ​ឆ្នូត​ស ក្រឡា​ការ៉ូ​អុជ​ៗ និង​ពាក់​អាវដៃវែង  អាយុ​ប្រហែល​ជាង​៥០​ឆ្នាំ បាន​អណ្តែត​ជាប់​មង​របស់​អ្នកនេសាទ​ខ្មែរ​អ៊ិ​ស្លា​ម​នៅ​កណ្តាលទន្លេ​មេគង្គ ស្ថិត​ត្រង់​ចំណុច​ភូមិ​ទី​១១ ឃុំ​កោះសូទិន ស្រុក​កោះសូទិន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១៥ តុលា ២០១៥ ។

លោក​វរសេនីយ៍ទោ ប្រេង ហ៊ី​ម អធិការ​នគរបាល​ស្រុក​កោះសូទិន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​វេលា​ព្រឹក អ្នកនេសាទ​ខ្មែរ​អ៊ិ​ស្លា​ម​បាន​សារ​មង​ឡើង​លើ​ទូក​របស់​ខ្លួន ស្រាប់តែ​តឹង​ខុស​ពី​ធម្មតា លុះ​ពេល​ទាញ​មក​មើល​ទើប​ដឹង​ថា ជាប់​សព​ស្ត្រី​ចំណាស់​ម្នាក់ ដែល​មាន​សភាព​ហើម​ទៅ​ហើយ​នោះ ។

លោក​បន្ត​ថា បន្ទាប់​មក​អ្នកនេសាទ​បាន​អូស​យក​មក​ទុក​នៅ​ច្រាំង​ទន្លេមេគង្គ រួច​រាយ​ការ​ណ៏​ទៅ​សមត្ថកិច្ច​នៅ​មូលដ្ឋាន​ឱ្យ​បានដឹង​ហើយ​រូប​លោក​ក៏​ចាត់​ឱ្យ​អ្នកជំនាញ​ព្រហ្មទណ្ឌ​ស្រុក​ចុះ​ទៅ​ពិនិត្យ​សព តែ​មិនឃើញ​មាន​ស្លាកស្នាម​នៅ​លើ​រាង​កាយ​នោះ​ទេ ។   តាម​រយៈ​អ្នក​ភូមិ​ទី​១១  និង​អ្នក​នៅ​ក្រៅ​ភូមិ ដែល​បាន​នាំ​គ្នា​មក​មើល ក៏​មិន​ស្គាល់​ពី​ភិនភាគ​ថា សព​ស្ត្រី​នោះ មាន​ទីលំនៅ​ឯណា​ដែរ រហូត​ម​ដល់​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល​នេះ ។

ដូច្នេះ​គណៈកម្មការ​ចម្រុះ រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​បាន​សម្រេច​កប់ស​ពស្ត្រី​ចំណាស់​នៅ​ត្រង់​ច្រាំង​ទន្លេ ក្រែង​មាន​សាច់ញាតិ​នៅ​ឆ្ងាយ​ណា​មក​សួរ​រក  ។ នៅ​លើ​ខ្លួនប្រាណ​សព មិន​មាន​អត្តសញ្ញាណ​ប័ណ្ណសម្គាល់ខ្លួន ដែល​កត្តា​នេះ​ធ្វើ​ឱ្យ​សមត្ថកិច្ច​ពិបាក​នឹង​ស្រាវជ្រាវ​រក​ពី​អាសយដ្ឋាន  ។  ជាមួយ​នោះ លោក​សូម​អំពាវនាវ​ដល់​សមាជិក​ក្រុម​គ្រួសារ​ណា ដែល​មាន​បាត់​សមាជិក​មាន​ភិនភាគ​ដូច​ខាងលើ ៕