​លោក ពៅ ប៉ូ​លី​ណែ​ល ផ្តល់​អនុសាសន៍​ដល់​សមាគម​នាវា​យុវជន​អាស៊ី​អាគ្នេយ៍

រាជធានី​ភ្នំពេញ ​៖ ​នៅ​ក្នុង​ពិធី​សំណេះសំណាល់​ជាមួយ​សមាគម​នាវា​យុវជន​អាស៊ី​អាគ្នេយ៍ នា​ថ្ងៃ​ទី​១៤ ​តុលា​​ លោក ពៅ ប៉ូ​លី​ណែ​ល អនុរដ្ឋលេខាធិការ​នៃ​រដ្ឋលេខា​ធិការ​ដ្ឋាន​អាកាស​ចរ​ស៊ី​វិល​ បាន​ផ្តល់​នូវ​អនុសាសន៍​ចំនួន​៤​ចំណុច​ដល់​សមាគម​មួយ​នេះ ដោយ​ផ្តោត​ជា​សំខាន់​លើ​ការ​ប្រកាន់ខ្ជាប់​នូវ​អរិ​យធម៌​ វប្បធម៌​ របស់​ប្រទេស​កម្ពុជា រួម​ទាំង​ការ​ផ្សព្វផ្សាយ​​​វប្បធម៌ ​អរិយធម៌​ ទាំងនោះ​ដល់​បណ្តា​ប្រទេស​ដែល​សមាគម​បាន​ទៅ​ដល់ ។

លោក ពៅ ប៉ូ​លី​ណែ​ល ថ្លែង​បញ្ជាក់​ប្រាប់​សមាគម​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​ថា តាម​សាវតា​រវិស័យ​អាកាស​ចរ​ស៊ី​វិល សំខាន់​បទដ្ឋាន​ផ្លូវការ​របស់​អាកាស​ចរ​ស៊ី​វិល​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ចាប់តាំងពី​ពេល​ដែល​កម្ពុជា​ បាន​ក្លាយជា​ប្រទេស​ហត្ថលេខី​មួយ​នៃ​អនុសញ្ញា​អន្តរជាតិ ស្តី​ពី​អាកាស​ចរ​ស៊ី​វិល​នា​ឆ្នាំ​១៩៥៣ និង​ត្រូវ​បាន​អនុវត្ត​ទៅ​តាម​លិខិត​បទដ្ឋាន​បារាំងជា​មូលដ្ឋាន​បណ្តោះ​អាសន្ន​ចាប់ពី​ឆ្នាំ​១៩៥៤ រហូត​ដល់​លិខិត​បទដ្ឋាន​ជាតិ​អាច​ត្រូវ​បាន​បង្កើត​ឡើងនិង​អនុវត្ត ។

​​លោក ពៅ ប៉ូ​លី​ណែ​ល បាន​បញ្ជាក់​ថា នៅ​ក្នុង​រយៈពេល​៦២​ឆ្នាំ ដែល​បាន​កន្លង​ផុត​ទៅ ​គិត​ចាប់ពី​ពេល​នោះ​មក ការ​ទទួលខុសត្រូវ​ទៅ​លើ​ការ​គ្រប់គ្រង​អាកាស​ចរ​ស៊ី​វិល​ត្រូវ​បាន​ពឹងផ្អែក​ទៅ​ក្រសួង​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​​​ចុង​ក្រោយ​បាន​ក្លាយទៅជា​ទីភ្នាក់ងារ​គ្រប់គ្រង​នា​បច្ចុប្បន្ន​នេះ​ គឺ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល ក្រោម​ការ​គ្រប់គ្រង​ផ្ទាល់​របស់​នាយក​រដ្ឋមន្ត្រី និង​ចំណុះ​ទីស្តីការគណៈរដ្ឋមន្ត្រី ។​

​ទោះបី​ជា​​យ៉ាងណា​ក៏​ដោយ​ លោក​អនុរដ្ឋលេខាធិការ​ក៏​បាន​លើក​ឡើង​ផង​ដែរ​អំពី​តួនាទី​សំខាន់​ៗ របស់​រដ្ឋលេខាធិការ​អាកាស​ចរ​ស៊ី​វិល​សំខាន់​តួនាទី​វិ​និយតករ​ និង​ការ​ត្រួតពិនិត្យ​លើ​សុវត្ថិភាព​ជើងហោះហើរ​ រួម​ទាំង​បញ្ញត្តិ​កម្ម​អាកាសយានដ្ឋាន ​និង​ការ​ត្រួតពិនិត្យ​លើ​ប្រតិបត្តិការ ។ បញ្ញត្តិ​កម្ម​ប្រតិបត្តិការ​លំហ​អាកាស​ និង​ប្រតិបត្តិការ​រួម​ទាំង​ការ​ត្រួតពិនិត្យ​ផ្នែក​សេដ្ឋកិច្ច​អាកាសចរណ៍​ជាដើម ៕