កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​ភូមា និង​ក្រុម​ឧទ្ទាម​ជា​ច្រើន

ប្រទេស​ភូមា​កាលពី​ថ្ងៃ​ទី​១៥ តុលា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​ជាមួយ​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​ជា​ច្រើន​ក្រុម​តំណាង​ឱ្យ​ជនជាតិភាគតិច​ជា​ច្រើន​សិប​របស់​ប្រទេស ដែល​ជនជាតិភាគតិច​ទាំងនេះ​មាន​ជិត​១​ភាគ​៣​នៃ​ប្រជាជន​របស់​ប្រទេស ។

ទោះបី​ពេល​នេះ មាន​ពួក​ឧទ្ទាម​ប្រដាប់​អាវុធ​តែ​៨​ក្រុម​ក្នុង​ចំណោម​១៥​ក្រុម​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នោះ​ក្តី តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​អះអាង​ថា សន្តិភាព​ចាប់ផ្តើម​ហើយ​នា​ពេល​នេះ ។

ប្រធានាធិបតី​ភូមា លោក​ថេ​ន​សេន ដែល​ជា​អ្នក​ជំរុញ​ឱ្យ​សម្រេច​បាន​កិច្ចព្រមព្រៀង​នេះ​ក្រោយ​ការ​ចរចា​ដ៏​លំបាក​រយៈពេល​២​ឆ្នាំ មាន​វត្តមាន​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នោះ ។ ចំណែក​មេដឹកនាំ​ប្រឆាំង​លោកស្រី អ៊ួ​ង សាន់​ស៊ូ​ជី ដែល​គណបក្ស​លោកស្រី​សង្ឃឹម​ឈ្នះ​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​សភា​នា​ថ្ងៃ​ទី​៨ វិច្ឆិកា ខាង​មុខ ពុំ​មាន​វត្តមាន​ឡើយ ។

បណ្តា​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​សកម្ម​នៅ​រដ្ឋកា​ជី​ន និង​រដ្ឋ​សាន​ពុំ​ស្ថិត​ក្នុង​ចំណោម​ក្រុម​ឧទ្ទាម​ដែល​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​ឡើយ ។ ក្រុម​ឧទ្ទាម​ទាំងនេះ​បន្ត​ប្រឈម​មុខជា​មួយ​កងទ័ព​រដ្ឋាភិបាល​ក្នុង​ជម្លោះ​រយៈពេល​ជិត​៧០​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​ភូមា​ទទួល​បាន​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​កាលពី​ឆ្នាំ​១៩៤៨ ។

ដោយសារ​អំពើ​ហិង្សា​នៅ​បន្ត​ក្នុង​តំបន់​ទាំងនេះ នាំ​ឱ្យ​គណៈកម្មាធិការ​បោះ​ឆ្នោត​ប្រកាស​កាលពី​ស​ប្តា​ហ៍​មុន​លុប​ចោលការ​បោះ​ឆ្នោត​ក្នុងភូមិ​ជា​ច្រើន​រយ មក​ពី​ហេតុផល​សន្តិសុខ ៕