រុ​ស្ស៊ី​និង​អា​មេ​រិ​ក​ជិត​សម្រេច​កិច្ចព្រមព្រៀង​មួយ​ចៀសវាង​ឧប្បត្តិហេតុ​អាកាស​នានា​នៅ​ស៊ី​រី

កងទ័ព​ស៊ី​រី​កាលពី​ថ្ងៃ​ទី​១៤ តុលា បាន​បើក​ធ្វើ​ប្រតិបត្តិការ​ធំ​មួយ ដើម្បី​វាយ​បណ្តេញ​ពួក​ឧទ្ទាម​ចេញពី​តំបន់​ជុំវិញ​ក្រុង​ដា​ម៉ាស់ ចំណែក​រុ​ស្ស៊ី និង​អា​មេ​រិ​ក​ជិត​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​ហើយ ដើម្បី​ចៀសវាង​ការ​បុក​ប៉ះ​គ្នា​រវាង​កង​យន្តហោះ​របស់​មហាអំណាច​ទាំង​២​ក្នុង​ដែនអាកាស​ស៊ី​រី ។

អ្នក​ទទួលខុសត្រូវ​ខាង​ការពារ​ប្រទេស​អា​មេ​រិ​កមួយ​រូប បន្ទាប់​ពី​ការ​ពិភាក្សា​គ្នា​តាម​វី​ដេ​អូ​ខេន​ហ្វេ​រេ​ន​៣​លើក រវាង​ភាគី​ទាំង​២​ថ្លែង​ថា ពិធីសារ​នៃ​កិច្ចព្រមព្រៀង​មួយ​រវាង​អា​េ​ម​រិ​ក និង​រុ​ស្ស៊ី​ស្តី​ពី​ការ​កាន់កាប់​ដែនអាកាស​ស៊ី​រី អាច​ចុះហត្ថលេខា ហើយ​អនុវត្ត​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ។

ចំណែក​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​វិញ​គូសបញ្ជាក់​ថា យើង​កត់សម្គាល់​ឃើញ​ការ​ខិតចូល​ជិត​គ្នា​នៃ​ជំហរ​បស់​យើង​លើ​បណ្តា​ចំណុច​គន្លឹះ​នៃ​អនាគត​កិច្ចព្រមព្រៀង​មួយ ។

ជា​សម្ព័ន្ធមិត្ត​របស់​ប្រធានាធិបតី​ស៊ី​រី លោក​បា​ចា អាល់​អាសា​ដ ប្រទេស​រុ​ស្ស៊ី​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៣០ កញ្ញា មក វាយប្រហារ​តាម​អាកាស​យ៉ាង​ខ្លាំងក្លា​ប្រឆាំង​បណ្តា​ក្រុម​ភេ​វ​កម្ម​នៅ​ស៊ី​រី ដោយ​ចង់​និយាយ​សំដៅលើ​ក្រុម​ទាំងអស់ ដែល​ប្រឆាំង​របប​ស៊ី​រី​ពោល​ទាំង​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ទាំង​ពួក​ឧទ្ទាម ។

ក្រុង​មូ​ស្គូ​អះអាង​នា​ថ្ងៃ​ទី​១៤ តុលា ថា បាន​វាយប្រហារ​លើ​គោលដៅ​របស់​ពួក​ភេរវ​ករ​ដល់​ទៅ​៤០ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ក្នុង​ខេត្ត​អា​ឡែ​ប អុ​ី​ដ​លី​ប LATTAQUIE ហា​ម៉ា និង DEIR EZZOR ។

ការ​បង្កើន​ការ​វាយប្រហារ​តាម​អាកាស​របស់​រុ​ស្ស៊ី​អាច​ញ៉ាំង​ឱ្យ​មាន​ឧប្បត្តិ​ហេ​តុ​នានា​រវាង​បណ្តា​យន្តហោះ​ប្រដេញ​រុ​ស្ស៊ី និង​បណ្តា​យន្តហោះ​ចម្បាំង​របស់​ក្រុមចម្រុះ​នាំមុខ ដោយ​សហរដ្ឋ​អា​មេ​រិ​ក និង​ប្រទេស​លោក​ខាងលិច​ជា​ច្រើន​ដូច​ជា អង់គ្លេស និង​បារាំង​ជាដើម ប្រឆាំង​ពួក​រដ្ឋ​អ៊ិ​ស្លា​ម ។

ក្រុង​មូ​ស្គូ និង​ក្រុង​វ៉ា​ស៊ី​ន​តោន​អះអាង​ថា កាលពី​ថ្ងៃ​ទី​១០ តុលា កន្លង​មកនេះ យ៉ាង​ហោច​ណាស់​មាន​យន្តហោះ​រុ​ស្ស៊ី​១​គ្រឿង និង​យន្តហោះ​របស់​ក្រុមចម្រុះ​មួយ​គ្រឿង ស្ថិត​នៅ​ឃ្លាត​ពី​គ្នា​ត្រឹម​ចម្ងាយ​ប៉ុន្មាន​គីឡូម៉ែត្រ​ប៉ុណ្ណោះ ។

រដ្ឋមន្ត្រី​ការ​បរទេស​អា​ល្លឺ​ម៉​ង់ លោក FRANK WALTER STEINMEIER កាលពី​ថ្ងៃ​ទី​១៤ តុលា អំពាវនាវ​ដល់​ក្រុង​វ៉ា​ស៊ី​ន​តោន និង​ក្រុង​មូ​ស្គូ​ឱ្យ​ចៀសវាង​កុំឱ្យ​ការ​ចូលរួម​ប្រយុទ្ធ​របស់​ពួក​គេ​នៅ​ស៊ី​រី​ក្លាយទៅជា​ជម្លោះ​រវាង​រុ​ស្ស៊ី និង​អា​មេ​រិ​ក ។

ក្នុង​ជម្លោះ​ដែល​កាន់តែ​ស្មុគស្មាញ​នៅ​ស៊ី​រី ព្រោះ​មានការ​ហក់​ចូល​របស់​តួអង្គ​ជា​ច្រើន ប្រទេស​តួ​ក​គី​បាន​ព្រមាន​មហាអំណាច​ទាំង​២ រុ​ស្ស៊ី និង​អា​មេ​រិ​ក ប្រឆាំង​រាល់​ជំនួយ​ដល់​ពួក​ឃើ​ត​ជាស​ត្រូវ​របស់​ក្រុង​អង់កា​រ៉ា ដែល​រង​ការ​រិះគន់​ថា ជួយ​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ភាគ​ខាងជើង​ស៊ី​រី ។ ឯកអគ្គរដ្ឋទូត​អាមេ​រិ​ក និង​រុ​ស្ស៊ី​ប្រចាំ​ក្រុង​អង់កា​រ៉ា​ត្រូវ​បាន​កោះ​អញ្ជើញ​កាលពី​ថ្ងៃ​ទី​១៣ តុលា ដោយ​អាជ្ញាធរ​តួ​ក​គី​ព្រមាន​ប្រឆាំង​នឹង​រាល់​ជំនួយ​ឱ្យ​ដល់​ពួក​យុទ្ធ​ជន​ឃើ​ត​ស៊ី​រី ក្នុង​ក្រប​ខណ្ឌ​នៃ​ប្រតិបត្តិការ​ពួក​គេ​ប្រឆាំង​រដ្ឋ​អ៊ិ​ស្លា​ម ព្រោះ​តួ​ក​គី​ចាត់​ទុក​គណបក្ស​ឃើ​ត​ស៊ី​រី​ថា​ជា​គណបក្ស​បងប្អូន​របស់​គណបក្ស​ពលករ​ឃើ​ត​ឌី​ស្ថាន PKK ដែល​ចាប់តាំងពី​ឆ្នាំ​១៩៨៤ មក​ធ្វើសង្គ្រាម​ប្រឆាំង​កងកម្លាំង​សន្តិសុខ​លើ​ទឹកដី​ខ្លួន ៕