មន្រ្តីជំនាញខាងកីឡា កំពុងរៀនសូត្របន្ថែមពីរបៀបជ្រើសរើសអត្តពលិកវ័យក្មេង

មន្រ្តី​ជំនាញ​ខាង​កីឡា​របស់​កម្ពុជា មាន​មក​ពី​សហព័ន្ធកីឡា​ជាតិ មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា និង​មក​ពីគណៈកម្មាធិការជាតិអូឡាំ​ពិក​កម្ពុជា(NOCC) ចំនួន២៥​នាក់ ដែល​មាន​តួនាទីជា​អនុប្រធាន អគ្គលេខាធិការ និង​គ្រូ​បង្វឹក កំពុង​តែសិក្សា​រៀនសូត្រ​បន្ថែមពី​អ្នក​ជំនាញ​មក​ពី​បរទេស ក្នុងវគ្គ​សិក្ខាសាលា​ស្ដីពី​ការ​អភិ​វឌ្ឍន៍​អត្ត​​ពលិក​​​វ័យ​ក្មេង​ (Seminar on Development of Young Athlete”s) ។

​សិក្ខាសាលា​ស្ដីពី​ការ​អភិ​វឌ្ឍន៍​អត្ត​​ពលិក​​​វ័យ​ក្មេង ដើម្បី​ត្រៀម​ការ​ប្រកួតស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា នឹង​ធ្វើ​ជាម្ចាស់​ផ្ទះនោះ​ បាន​ចាប់​ដំណើរ​ការ នៅទី​ស្នាក់​ការ​ NOCC កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​នេះ។
2
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ដែលបាន​ចូល​រួម​ក្នុង​ពិធី​បើក​សិក្ខាសាលា កាល​ពី​ព្រឹកមិញ​នោះ បាន​លើក​ឡើង​ថា វគ្គ​សិក្ខា​សាលា​នេះ​ពិត​ជា​សំខាន់​ណាស់ ព្រោះវាជាមូល​ដ្ឋាន​គ្រឹះ​ដ៏ចម្បង ដែល​ជួយ​ឲ្យសិក្ខាកាម​ទាំង​អស់ បាន​យល់​ច្បាស់​ពី​របៀប​ជ្រើស​រើស​កីឡាករ កីឡាការិនី​វ័យក្មេង ដែលមាន​ទេពកោសល្យ ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០២៣ គឺ​យើង​អាច​ជ្រើស​រើស​អត្តពលិក​វ័យ​ក្មេង​ចំ​ទិស​ដៅ ដោយ​មាន​សក្តានុពល​យ៉ាង​ពិត​ប្រាកដ តាម​ជំនាញ​របស់​ពួក​គេ ហេតុនេះ​សូមសិក្ខាកាម​ទាំង​អស់​យក​ចិត្ត​ទុក​ដាក់​ក្រេបយក​ចំណេះ​ដឹង​ដ៏​មាន​ប្រយោជន៍ទាំងនេះ​ពី​គ្រូ​ឧទ្ទេស ដ៏​មាន​បទ​ពិសោធ​របស់​យើង។

​​លោក Joerg Teichman ជា​អនុបណ្ឌិត​មកពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​កីឡា​នៃ​ប្រទេស​ម៉ាឡេស៊ី គឺ​​ជាគ្រូឧទ្ទេសនៅក្នុងវគ្គ​នេះ។ លោក​នឹង​បង្ហាត់​បង្ហាញ​ដល់​សិក្ខាកាម​ទាំង​អស់ពីរៀប​ជ្រើស​រើស​អត្ត​ពលិក​វ័យក្មេង ដោយផ្អែក​ទៅ​លើ​ការវិភាគ​ទៅ​លើដំណរពូជ ​ការពិនិត្យឈាម និងការវិភាគ​ទៅ​លើរូប​រាង​កាយ​របស់​អត្តអបលិក ដើម្បី​ដាក់​ឲ្យ​ពួក​គេ​ហ្វឹក​ហាត់​ទៅ​តាម​ប្រភេទកីឡា ដែល​សម​ស្រប​តាន​រូបរាងកាយ ដំណរ​ពូជ និង​ប្រភេទ​ឈាម​របស់​គេ។
1
លោក Joerg Teichman បាន​ថ្លែងក្នុង​ពិធី​បើកវគ្គ​នោះថា ក្នុង​ការ​រយៈ​ពេរល​៣​ថ្ងៃ​នេះ ​លោក​មាន​មេរៀន​ល្អៗ​សម្រាប់បង្ហាត់​បង្ហាញ​ដល់​សិក្ខាកាម​ទាំង​២៥​នាក់ ប៉ុន្តែ​​សំខាន់​សិ​ក្ខា​កាម​ ត្រូវ​ក្លាហាន​ក្នុងការ​សាកសួរ ដោយ​កុំ​មាន​អារម្មណ៍​ភ័យខ្លាច ឬ ខ្មាសអៀន​ឲ្យ​សោះ​ ព្រោះ​វគ្គ​នេះ នឹងជួយ​ឲ្យ​អ្នក​មាន​សមត្ថភាព​ពេញ​លេញ ក្នុង​ការរៀបចំ​ខ្លួន​ឲ្យ​ក្លាយជា​អ្នក​ដែល​អាច​ស្វែងរក​អត្ត​ព​លិ​ក​វ័យក្មេង ​ដែលមាន​ទេពកោសល្យ​យ៉ាង​ពិត​ប្រាដក សម្រាប់​ទ្រង​ទ្រង់​ដល់​ស្ថាប័នរបស់​អ្នក ពិសេសសម្រាប់​ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០២៣៕