រម្លឹក​ពី​ព្រះរាជ​បណ្តាំ​សម្តេចព្រះ នរោត្តម សីហនុ​៖ ខ្មែរ​ត្រូវ​ចេះ​សាមគ្គី​គ្នា និង​រួបរួមគ្នា​!

ភ្នំពេញ: ​នៅ​ថ្ងៃទី​១៥​តុលា​នេះ ជា​ខួប ៣ ឆ្នាំ ដែល​ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ បាន​សោយ​ទិវង្គត​។ ព្រះរាជ​បណ្តាំ​របស់​ព្រះអង្គ ត្រូវបាន​គេ​រម្លឹក​ឡើងវិញ ពិសេស​នោះ គឺ​ព្រះករុណា មុនពេល​ចូល​ទិវង្គត ព្រះអង្គ​បាន​ផ្តាំ​ថា "​ខ្មែរ​ត្រូវ​ចេះ​សាមគ្គី​គ្នា និង​រួបរួមគ្នា​"​។​

​ព្រះករុណា សម្តេច​ព្រះបាទ នរោត្តម សីហនុ បាន​បន្សល់ទុក​នូវ​ស្នា​ព្រះហស្ត បទពិសោធ និង​មេរៀន​ជាច្រើន សម្រាប់​អ្នកនយោបាយ​ខ្មែរ​។ សម្រាប់​ប្រជារាស្ត្រ​កម្ពុជា ជាទូទៅ​វិញ សម្តេចព្រះ នរោត្តម សីហនុ គឺ​និមិត្តរូប​នៃ​ការបង្រួបបង្រួម​ជាតិ​។ ព្រះអង្គ បាន​បំពេញ​ព្រះរាជតួនាទី​ដ៏​សំខាន់ ក្នុងការ​ផ្សះផ្សា​អ្នកនយោបាយ នៅក្នុង​កាលៈទេសៈ​ដ៏​តានតឹង​ជាច្រើន រាប់​ចាប់តាំងពី​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស រហូតដល់​ការដោះស្រាយ​វិបត្តិ​នយោបាយ ក្រោយ​ការបោះឆ្នោត ជា​បន្តបន្ទាប់ ចាប់តាំងពី​ឆ្នាំ​១៩៩៣ មក​។

​គិត​ត្រឹម​ថ្ងៃទី​១៥​តុលា​នេះ ៣ ឆ្នាំ​មកហើយ អ្នកនយោបាយ​គ្រប់​និន្នាការ បាន​ទន្ទិញ​ជាប់មាត់​នូវ​ពាក្យ​បង្រួបបង្រួម និង​សាមគ្គី​គ្នា ក្នុង​មហា​គ្រួសារ​ខ្មែរ​តែមួយ ដើម្បី​លើកស្ទួយ​កិត្យានុភាព​របស់​ប្រទេស​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ​ផង និង​ដើម្បី​ខ្មែរ​រួមគ្នា ដោះស្រាយ​បញ្ហា​ប្រទេសជាតិ​។​

​ក៏ប៉ុន្តែ​អ្នកនយោបាយ បានត្រឹមតែ​ប្រកាស​ដង្ហែ​តាម​ព្រះរាជតម្រិះ​របស់​ព្រះករុណា ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ​។ រីឯ​សកម្មភាព​របស់​អ្នកនយោបាយ ជាក់ស្តែង​វិញ គឺ​មិនទាន់មាន​សាមគ្គីភាព និង​ការ​រួបរួមគ្នា​នៅឡើយ​ទេ​។ អ្នកនយោបាយ​ខ្មែរ បន្ត​ឈ្លោះ​គ្នា​។ ប៉ុន្តែ​ជា​សំណាងល្អ​ហើយ នៅ​សម័យ​ទំនើប​នេះ អ្នកនយោបាយ គ្រាន់តែ​ឈ្លោះប្រកែក​ពាក្យសម្តី និង​ការចាប់​ឃុំខ្លួន តាមផ្លូវ​តុលាការ នៅ​ពន្ធនាគារ ព្រមទាំង​រត់ចោលស្រុក ដោយ​មិនមាន​ការបាញ់សម្លាប់​អ្នកនយោបាយ​នោះទេ​។​

​តាម​ស្ថានការណ៍​នយោបាយ​សព្វថ្ងៃ ខ្មែរ​ពិបាក​នឹង​ឈានដល់​សាមគ្គី​គ្នា និង​ការ​រួបរួមគ្នា​ណាស់​។ ៥០ ឆ្នាំ​ទៀត ក៏​មិនដឹង​អាចទៅរួច ឬ​អត់​នោះទេ​។ ផលប្រយោជន៍​ជាតិ​មាតុភូមិ មិនទាន់​ត្រូវបាន​អ្នកនយោបាយ កំណត់​រួមគ្នា ដើម្បី​ដោះស្រាយ នៅឡើយ ក្រៅតែពី​ផលប្រយោជន៍​បក្ស និង​អំណាច​បុគ្គល​នោះទេ​។​

​ដូច្នេះ ពលរដ្ឋ​ខ្មែរ មានតែ​លើកដៃ​ប្រណម​បួងសួង សូម​ដួង​វិញ្ញាណក្ខន្ធ​សម្តេចព្រះ នរោត្តម សីហនុ ជួយ​អន្ទង​ចិត្ត​អ្នកនយោបាយ​ខ្មែរ ឲ្យ​ងាក​មករក​ផ្លូវ​រួបរួម និង​សាមគ្គី​គ្នា តាម​ព្រះរាជ​បណ្តាំ​របស់​សម្តេច​ព្រះ​នរោត្តម​សីហនុ ដើម្បី​នាំ​នាវា​កម្ពុជា ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍន៍​រីកចម្រើន​បន្ថែមទៀត​៕

រម្លឹក​ពី​ព្រះរាជ​បណ្តាំ​សម្តេចព្រះ នរោត្តម សីហនុ​៖ ខ្មែរ​ត្រូវ​ចេះ​សាមគ្គី​គ្នា និង​រួបរួមគ្នា​!