មុខសញ្ញា​លួច​ទាក់​ឆ្កែ​យ៉ាងសកម្ម ២​នាក់ ត្រូវបាន​ឃាត់ខ្លួន​

ភ្នំពេញ: មុខសញ្ញា​លួច​ទាក់​ឆ្កែ​យ៉ាងសកម្ម​ពីរ​នាក់ ត្រូវបាន​កម្លាំង​សណ្តាប់ធ្នាប់​សាលាខណ្ឌ​ដង្កោ ព័ទ្ធ​ស្ទាក់ចាប់​ក្របួច​ជាប់ ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ដង្កោ កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២១០៥ នៅ​ចំណុច​ផ្លូវ​បេតុង​បឹង​តា​ម៉ា​ត ស្ថិតក្នុង​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹងថា មុខសញ្ញា​លួច​ទាក់​ឆ្កែ​យ៉ាងសកម្ម​ទាំងពីរ​នាក់ ដែល​ត្រូវបាន​ឃាត់ខ្លួន ទី​១ ឈ្មោះ តាំង វិត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់នៅ​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន និង​ទី​២ ឈ្មោះ លី ណៃ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ជាមួយគ្នា ដកហូត​វត្ថុតាង រួមមានៈ សម្ភារៈ​សំរាប់​ទាក់​ឆ្កែ ១​បាវ​ស ឆ្កែ​ញី ១​ក្បាល និង​ម៉ូតូ ១​គ្រឿង ម៉ាក ឌ្រី​ម សេ​១២៥ សេរី​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ ភ្នំពេញ 1BY.2127 ។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ប្រាប់​បន្ត​ឲ្យ​ដឹងថា កន្លងមក​នៅក្នុង​មូលដ្ឋាន​ខណ្ឌដង្កោ ធ្លាប់​កើតមាន​ករណី​បាត់​សត្វ​ឆ្កែ​របស់​ប្រជាពលរដ្ឋ ហើយ​បន្ទាប់ពី​កើតមាន​ករណី​ដូច្នេះ សមត្ថកិច្ច​ប្រចាំការ​តាម​គោលដៅ​នានា បាន​ពង្រឹង​ភារកិច្ច​រៀងៗ​ខ្លួន ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​ទាំង​ឡាយ កុំ​ឲ្យ​កើតមានឡើង​។ ខណៈ​កំពុងតែ​ល្បាត ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ កំពុង​ជិះ​ម៉ូតូ ១​គ្រឿង ដោយមាន​បាវ​ព​ណ៍ស​១ នៅជាប់ និង​ខ្លួន ។ ដោយមាន​ការសង្ស័យ សមត្ថកិច្ច​បាន​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ និង​បាន​ទំនាក់ទំនង​តាម​វិទ្យុទាក់ទង (​អាយកូម​) ដើម្បី​ឲ្យ​គោលដៅ​នៅខាងមុខ​បានឮ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទៅដល់​កម្លាំង​សណ្តាប់ធ្នាប់​សាលាខណ្ឌ​ដង្កោ ចេញ​ជួយ​ព័ទ្ធ​ស្ទាក់ចាប់​ក្របួច​ជាប់​នៅ​ចំណុច​ផ្លូវ​បេតុង​បឹង​តា​ម៉ា​ត ស្ថិតក្នុង​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ដកហូត​បាន សម្ភារៈ​សំរាប់​ទាក់​ឆ្កែ ១​បាវ​ស និង​ឆ្កែ​ញី ១​ក្បាល ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ដង្កោ​ចាត់ការ​តាមច្បាប់​។​

​សត​ម្ថ​កិច្ច​ប្រាប់​បន្តថា ជនសង្ស័យ​ទាំងពីរ​នាក់ ក្រោយពី​ធ្វើការ​សាកសួរ​ជំ​ហ៊ាន​ដំបូង នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលដ​ង្កោ គឺ​បាន​បញ្ជូនបន្ត​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​រង់ចាំ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕

មុខសញ្ញា​លួច​ទាក់​ឆ្កែ​យ៉ាងសកម្ម ២​នាក់ ត្រូវបាន​ឃាត់ខ្លួន​