ថ្នាក់ដឹកនាំ ហ្វ៊ុនស៊ិនប៉ិច នៅតែចងចំា ស្នាព្រះហស្ថ និងសមិទ្ធិផល ដែលព្រះបរម រតនកោដ្ឋិ បានបន្សល់ទុក

ភ្នំពេញ ៖ ក្នុងពិធីសូត្រមន្តគម្រប់ខួប៣ព្រះវស្សា នៃការសោយទីវង្គតរបស់ ព្រះបរមរតនកោដ្ឋិ នរោត្តម សីហនុ នារាជដំណាក់របស់ សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ស្ថិតក្នុងខណ្ឌចំការមន នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥នេះ ថ្នាក់ដឹកនាំកំពូលរបស់ ហ្វ៊ុនស៊ិនប៉ិច នៅតែចងចំាស្នាព្រះហស្ថ និងសមិទ្ធិផលជាច្រើន ដែលសម្តេចតា សម្តេចតាទួត បានសន្សល់ទុកសម្រាប់ក្មេងជំនាន់ក្រោយ។

អនុប្រធានគណបក្ស ហ្វ៊ុនស៊ិនប៉ិច លោក ញ៉ឹក ប៊ុនឆៃ បានថ្លែងថា យើងបានបាត់បង់ព្រះករុណា សម្តេចឳ សម្តេចតា ដែលជាអ្នកដឹកនាំកំពូល មានព្រះកិត្តិនាមល្បីទូទាំងប្រទេស ក៏ដូចជាទូទាំងសកលលោក ហើយចំពោះយើងខ្ញុំដែលជាក្រុមហ្វ៊ុនស៊ិនប៉ិច ជាអ្នករាជានិយម មានការសោកស្តាយចំពោះព្រះអង្គ ដែលជាអ្នកបង្កើតរណសិរ្សហ្វ៊ុនស៊ិនប៉ិច។

លោក ញ៉ឹក ប៊ុនឆៃ បានបន្តទៀតថា ហ្វ៊ុនស៊ិនប៉ិចនៅតែចងចំាជានិច្ចនូវអ្វី ដែលព្រះអង្គបន្សល់ទុកសម្រាប់កូចចៅជំនាន់ក្រោយទាំងស្នាព្រះហស្ថ ទំាងសមិទ្ធិផលជាច្រើន ដូចជាការទាមទារឯករាជ្យពីបារំាង ការដណ្តើមយកប្រាសាទព្រះវិហារពីប្រទេសថៃ ដូចជាចុងក្រោយនេះការដឹកនាំចលនាតស៊ូត្រីភាគី នៅក្នុងហ្វ៊ុនស៊ិនប៉ិច ក្នុងការរំដោះប្រទេសកម្ពុជាពីការកាន់កាប់របស់បរទេសជាដើម។

ជាមួយគ្នានោះ សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ដែលជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងត្រូវជាព្រះរាជបុត្ររបស់ ព្រះបរមរតនកោដ្ឋិ ក៏បានរំលឹកផងដែរថា សមិទ្ធិផល និងការស្ថាបនារបស់ព្រះករុណាមានច្រើនណាស់មិនអាចកាត់ថ្លៃបាននោះទេ ប៉ុន្តែអ្វីមួយដែលមិនអាចបំភ្លេចព្រះអង្គបាននោះ គឺការបង្រួបបង្រួមជាតិ ការផ្សះផ្សារជាតិ សន្តិភាពរបស់ជាតិ ដែលព្រះអង្គលោកប្រោសព្រះរាជទាន។

សម្តេចក្រុមព្រះ មានព្រះរាជបន្ទូលបន្តទៀតថា «ហើយអ្វីមួយទៀតដែលធំដែលនោះ គឺព្រះរាជាណាចក្រកម្ពុជាយើងឯករាជ្យភាព ព្រះរាជបិតាមានតែមួយគត់ មានតែព្រះករុណាមួយទេ គណបក្សណាមួយក៏ដោយ ក៏ទទួលស្គាល់ថ្ងៃ៩ វិច្ឆិកា ឆ្នាំ១៩៥៣ ជាថ្ងៃនៃឯករាជ្យជាតិ ដែលជាស្នាព្រះហស្ថរបស់សម្តេចតា សម្តេចតាទួត ពេលដែលទម្លាក់លោក កម្ពុជាច្បំាងគ្នារហូត បែកបាក់រហូត ឆ្លងកាត់តាមរបបប៉ុលពត គឺដោយសារការទម្លាក់សម្តេចតា សម្តេចតាទួត នៅថ្ងៃទី១៨ ខែមិនា ឆ្នាំ១៩៧០»។

ពេញមួយព្រះជន្មាយុរបស់ ព្រះបរមរតនកោដ្ឋិ នរោត្តម សីហនុ ដែលជាសម្តេចឪ សម្តេចតា សម្តេចតាទួតនៃប្រជារាស្ត្រខ្មែរ គឺព្រះអង្គបានបូជានិងបំពេញនូវកាតព្វកិច្ចជាព្រះប្រមុខរដ្ឋ និងជាព្រះមហាក្សត្រ ដែលបាននាំមកនូវម្លប់សុខសន្តិភាពដល់ប្រទេសជាតិទាំងមូល។ ប្រជារាស្រ្តទូទាំងប្រទេសចងចាំគ្មានថ្ងៃបំភ្លេចបានចំពោះស្នាព្រះហស្ថ ព្រះអង្គក្នុងការទាមទារឯករាជ្យជាតិពីបារាំងនៅ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដែលបានធ្វើឲ្យកម្ពុជា ងើបមុខមាត់រីកចម្រើនជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃ។ ស្នាព្រះហស្ថដែលធំទំាងអស់នេះហើយ ក្នុងនាមជាអ្នករាជនិយម ហ្វ៊ុនស៊ិនប៉ិច សូមថ្វាយព្រះបរមងារព្រះអង្គ ជាព្រះរាជបិតានៃឯករាជ្យជាតិ ព្រះរាជបិតានៃបរណភាពទឹកដី និងព្រះរាជបិតានៃការបង្រួបបង្រួមជាតិខ្មែរ៕

ថ្នាក់ដឹកនាំ ហ្វ៊ុនស៊ិនប៉ិច នៅតែចងចំា ស្នាព្រះហស្ថ និងសមិទ្ធិផល ដែលព្រះបរម រតនកោដ្ឋិ បានបន្សល់ទុក

ថ្នាក់ដឹកនាំ ហ្វ៊ុនស៊ិនប៉ិច នៅតែចងចំា ស្នាព្រះហស្ថ និងសមិទ្ធិផល ដែលព្រះបរម រតនកោដ្ឋិ បានបន្សល់ទុក