លោក កឹម សុខា រិះគន់​រដ្ឋាភិបាល​ដែល​អួត​ថា​គោរព​ស្រឡាញ់​របប​រាជា​និយម

ទាញ​យក​កម្មវីធី

មន្ត្រី​រដ្ឋាភិបាល ប្រតិកម្ម​ប្រឆាំង​ការ​ថ្លែង​រិះគន់​របស់​ប្រធាន​ស្ដីទី​គណបក្ស​ជំទាស់ ដែល​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​មក​លើ​រដ្ឋាភិបាល ដោយ​លើក​ឡើង​ថា អួត​ខ្លួន​ដង្ហែ​តាម​ព្រះរាជ​តម្រិះ​របស់​ព្រះករុណា ប៉ុន្តែ​មិន​អនុវត្ត​តាម។ មន្ត្រី​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ចាត់​ទុក​ថា នេះ​ជា​យុទ្ធនាការ​ធ្វើ​នយោបាយ​មុន​អាណត្តិ​របស់​គណបក្ស​ប្រឆាំង។

អនុប្រធាន​គណបក្ស​ជំទាស់​ដ៏​ធំ​នៅ​កម្ពុជា បាន​ចំអក​ដោយ​មិន​សំដៅ​ចំ​ឈ្មោះ​ថា ការ​ដឹក​នាំ​ប្រទេស​នា​ពេល​បច្ចុប្បន្ន គឺ​ផ្ទុយ​គ្នា​ស្រឡះ​ពី​អ្វី​ដែល​អួត​អាង​ថា ប្រតិបត្តិ​តាម​មាគ៌ា​របស់​ព្រះករុណា ក៏ប៉ុន្តែ​ពេល​ខ្លះ​បាន​ប្រមាថ និង​មាក់ងាយ​ដល់​អង្គ​ព្រះមហាក្សត្រ​ទៅ​វិញ។

ការ​ថ្លែង​រិះគន់​របស់​ប្រធាន​ស្ដីទី​គណបក្ស​ជំទាស់ លោក កឹម សុខា នៅ​ពេល​នេះ ធ្វើ​ឡើង​ក្នុង​ពេល​ដែល​លោក​ចូលរួម​ខួប​គម្រប់ ៣​ឆ្នាំ​នៃ​ការ​យាង​សោយ​ទិវង្គត​ព្រះបាទ​សម្ដេច នរោត្តម សីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ តុលា នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ចាក់​អង្រែ​លើ។

លោក កឹម សុខា បាន​ចំអក​ដោយ​មិន​សំដៅ​ចំ​ឈ្មោះ ប៉ុន្តែ​គេ​ដឹង​ហើយ​ថា ទំនង​ជា លោក កឹម សុខា ចង់​សំដៅ​ឲ្យ​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​មាន​អំនួត ថា​ខ្លួន​គោរព​ស្រឡាញ់ និង​ថែរក្សា​រាជបល្ល័ង្ក ប៉ុន្តែ​មិន​ដែល​អនុវត្ត​តាម​ទេ៖ «»។

ជុំវិញ​រឿង​នេះ កាល​ពី​ឆ្នាំ​២០០៥ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ព្រមាន​លុប​ចោល​របប​រាជា​និយម ទៅ​ជា​របប​សាធារណៈ​ម្ដង​រួច​ហើយ ប្រឆាំង​ព្រះមហាក្សត្រ ប្រសិន​បើ​ទ្រង់​មិន​ព្រម​ឡាយ​ព្រះហស្តលេខា​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ព្រំដែន​រវាង​កម្ពុជា-វៀតណាម នោះ​ទេ។ កាល​ណោះ លោក ហ៊ុន សែន គំរាម​ថា បើ​ព្រះមហាក្សត្រ​នៅ​តែ​អល់អែក​ទៀត ដែល​នាំ​ឲ្យ​រំខាន​ដល់​កិច្ចការ​របស់​ខ្លួន របប​រាជា​និយម​នឹង​មិន​មាន​ន័យ​ខ្លឹមសារ​អ្វី​នោះ​ទេ៖ «»។

បើ​ទោះ​ជា​បែប​ណា នៅ​ក្នុង​មាត្រា​៧ នៃ​រដ្ឋធម្មនុញ្ញ កថាខណ្ឌ​ទី​៣ ចែង​ថា អង្គ​ព្រះមហាក្សត្រ មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ។

ផ្ទុយ​ពី​នេះ លោក កឹម សុខា យល់​ឃើញ​ថា ការ​ដឹក​នាំ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​ហាក់​ផ្ទុយ​ស្រឡះ​ពី​អ្វី​ដែល​មាន​ចែង​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់ ជាពិសេស​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស។ លោក​បន្ត​ថា ក្នុង​សម័យ​សង្គម​រាជា​និយម ព្រៃ​ឈើ រ៉ែ សម្បត្តិ​ធនធាន​ធម្មជាតិ គឺ​ព្រះ​បរម​រតន​កោដ្ឋ រក្សា​ទុក​បាន​យ៉ាង​គង់វង្ស​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​របស់​ព្រះអង្គ។ ម្យ៉ាង​វិញ​ទៀត ក្នុង​សម័យ​នោះ ព្រះមហាក្សត្រ ទ្រង់​បាន​បើក​ឲ្យ​មាន​សមាជ​ជាតិ ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ​ថែម​ទៀត​ផង ក៏ប៉ុន្តែ​សព្វថ្ងៃ​នេះ​វិញ លោក កឹម សុខា យល់​ឃើញ​ថា រដ្ឋាភិបាល​ពុំ​ដែល​បាន​អនុវត្ត​ម្ដង​ណា​ឡើយ បើ​ទោះ​ជា​មាន​បញ្ញត្ត​ដោយ​ច្បាប់​ក៏ដោយ​ចុះ។

មាត្រា​១៤៧ និង​មាត្រា​១៤៨​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា សមាជ​ជាតិ​បើក​ឲ្យ​ប្រជារាស្ត្រ​ជ្រាប​ដោយ​ផ្ទាល់ អំពី​កិច្ចការ​ផ្សេងៗ​ដែល​ជា​ប្រយោជន៍​ជាតិ ហើយ​លើក​បញ្ហា និង​សំណូមពរ​ជូន​រដ្ឋ​អំណាច​ដោះស្រាយ។ ប្រជារាស្ត្រ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​ចូលរួម​នៅ​ក្នុង​សមាជ​ជាតិ។ សមាជ​ជាតិ ប្រជុំ​ម្ដង​ក្នុង​មួយ​ឆ្នាំ​នៅ​ដើម​ខែ​ធ្នូ តាម​ការ​កោះ​អញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា យល់​ឃើញ​ថា ប្រមុខ​រដ្ឋាភិបាល​ជា​ញឹកញាប់ តែង​ប្រើ​អំណាច​ដើម្បី​ធ្វើ​ឲ្យ​ដៃគូ​ចុះ​ខ្សោយ ជាពិសេស​ច្បាប់​ដែល​មាន​ហើយ គឺ​កម្រ​ឃើញ​អនុវត្ត​ណាស់៖ «»។

ប្រតិកម្ម​នឹង​ការ​លើក​ឡើង​នេះ លោក ទិត្យ សុធា មន្ត្រី​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ចាត់​ទុក​ថា នេះ​ជា​របៀប​របស់​គណបក្ស​ប្រឆាំង តែង​តែ​ពុំ​ទទួល​ស្គាល់​ការ​ពិត ពី​អ្វី​ដែល​រដ្ឋាភិបាល​សម្រេច​បាន​នូវ​សមិទ្ធផល​ម្ដង​ណា​ឡើយ ជាពិសេស​តែង​រក​គ្រប់​មធ្យោបាយ ដើម្បី​ទម្លាក់​កំហុស​ប្រឆាំង​រដ្ឋាភិបាល ក្នុង​ន័យ​ដើម្បី​ចំណេញ​ផល​ប្រយោជន៍​របស់​ខ្លួន។

អ្នក​វិភាគ​នយោបាយ កត់​សម្គាល់​ថា ទម្លាប់​បាន​ក្លាយ​ជា​កម្មវត្ថុ​ធំ​ជាង​ច្បាប់​នៅ​កម្ពុជា ពិសេស​ជា​ញឹកញាប់ បញ្ហា​នេះ​ច្រើន​តែ​អ្នក​ធំ​មាន​ឥទ្ធិពល​ទៅ​លើ​ច្បាប់។ ទាំង​នេះ បាន​ក្លាយ​ជា​ភាព​ចម្រូងចម្រាស​នៅ​ក្នុង​ជីវិត​នយោបាយ ដែល​នៅ​តែ​ពុំ​ទាន់​អាច​រក​ចំណុច​រួម​បាន បើ​ទោះ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ បង្កើត​ឲ្យ​មាន​វប្បធម៌​សន្ទនា​ហើយ​ក្ដី។ ព្រះ​មហា​វីរ​ក្សត្រ នរោត្តម សីហនុ មុន​យាង​ចូល​ទិវង្គត ព្រះអង្គ​តែង​ប្រាថ្នា​ចង់​ឃើញ​អ្នក​នយោបាយ​ធ្វើ​ការ​រួម​គ្នា និង​ឯកភាព​ជាតិ​តែ​មួយ។

បើ​ទោះ​ជា​បែប​ណា នៅ​ក្នុង​ពិធី​គម្រប់​ខួប ៣​ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះ​បរម​រតន​កោដ្ឋ លោក កឹម សុខា បាន​បដិសេធ​ពី​បំណង​ដែល​ថា គណបក្ស​ជំទាស់​កំពុង​រក​មធ្យោបាយ​ជួប​សម្ដេច​ក្រុម​ព្រះ ដើម្បី​រួម​បក្ស​តែ​មួយ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ លោក កឹម សុខា បើក​ចំហ​ឲ្យ​មាន​ការ​ឯកភាព​អ្នក​ប្រជាធិបតេយ្យ​មួយ​ដ៏​ពិត​ប្រាកដ​ពី​គ្រប់​គណបក្ស​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។