​ចោរកាត់​សោ​ចូល​ប្រមូល​សម្ភារ​ក្នុង​មន្ទីរ​កិច្ចការ​នារី​ខេត្តកំពង់ស្ពឺ​អស់​ជា​ច្រើន ខណៈឈប់សម្រាកភ្ជុំបិណ្ឌ

ខេត្តកំពង់ស្ពឺ ៖ សម្ភារ​ជា​ច្រើន​ត្រូវ​បាន​ក្រុម​ចោរ​កាត់​សោ​ចូល​ទៅ​ក្នុង​មន្ទីរ​កិច្ចការ​នារី​ខេត្តកំពង់ស្ពឺ​ រួច​ប្រមូល​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព ខណៈ​ពេល​មន្ត្រី​មន្ទីរ​ឈប់សម្រាកបុណ្យ​ភ្ជុំបិណ្ឌ​មិន​មាន​អ្នក​នៅ​យាម​កន្លែង ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៤ តុលា ២០១៥ តែ​លោកស្រី​ប្រធាន​មន្ទីរ​មិន​ទាន់​ប្តឹង​សមត្ថកិច្ច​នគរបាល​ខេត្ត​ចុះ​ទៅ​ពិនិត្យ​ភ្លាម​ៗ​នោះ​ទេ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៥ តុលា ២០១៥ បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​នគរបាល​ជំនាញ​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ ។

បើ​តាម​សម្តី​របស់​លោកស្រី ប៉ុ​ល សុខ​លី​ម ប្រធាន​មន្ទីរ​កិច្ចការ​នារីខេត្ត​កំពង់​ស្ពឺ​​បានឱ្យ​ដឹង​ថា ស្រប​ពេល​រដូវ​ភ្ជុំបិណ្ឌ​មក​ដល់ ហើយ​តម្រូវ​ឱ្យ​ឈប់​សម្រាក រហូត​ដល់​ថ្ងៃ​ទី​១៤ តុលា ២០១៥ ជា​ថ្ងៃ​ចូល​បម្រើ​ការងារ​វិញ ក៏​បានឃើញ​នៅ​ក្នុង​បន្ទប់​ចំនួន​៣​មាន​ស្នាម​បើក និង​ឃើញ​សោ​មួយ​ត្រូវ​ក្រុម​ចោរ​កាត់​ផ្តាច់​មិនដឹង​តាំងពី​ពេល​ណា​នោះ​ទេ ។ លោកស្រី​បន្ត​ថា សម្ភារ​ដែល​ក្រុម​ចោរលួច​យក​ទៅ​បាត់​នោះ​មាន​ដូច​ជា កុំព្យូទ័រ​៣​គ្រឿង កាមេរ៉ា​ថត​២​គ្រឿង និង​សម្ភារ​មាន​តម្លៃ​ជា​ច្រើន​ទៀត មិន​ទាន់​ដឹង​ថា​សរុប​ទាំងអស់​ប៉ុន្មាន​នៅឡើយ​នោះ​ទេ ។

បើ​តាម​សម្តី​របស់​នគរបាល​​ដែល​បាន​ចុះ​ពិនិត្យ​កន្លែង​កើត​ហេតុ​បានឱ្យ​ដឹង​ថា តាម​ការ​ពិនិត្យ ក្រុម​ចោរ​អាច​ធ្វើ​សកម្មភាព​នៅ​ពេល​យប់ ហើយ​មិន​អាច​សន្និដ្ឋាន​បាន​ទេ​ដោយសារ​តែ​បុគ្គលិក​ចូល​ធ្វើការ​នៅ​ថ្ងៃ​ទី​១៤ តុលា ២០១៥ ធ្វើ​ឱ្យ​បាត់​ស្លាកស្នាម​ដែល​ក្រុម​ចោរ​បាន​បន្សល់​ទុក​នោះ​ហើយ ៕