សម រង្ស៊ី៖ សង្គ្រោះ​ជាតិ​នឹង​ជួយ​ពលរដ្ឋ ដែល​គ្មាន​លទ្ធភាព​ធ្វើ​អត្ត​សញ្ញាណ​បណ្ណ


ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានប្រកាសថា គណបក្សរបស់លោក នឹងបង្កើត​ក្រុម​ការងារ​នៅ​មូលដ្ឋាន ដើម្បី​ជួយ​ប្រជា​ពលរដ្ឋ​ណា ដែលមិនទាន់មានអត្តសញ្ញាណបណ្ណ។
សម រង្ស៊ី៖ សង្គ្រោះ​ជាតិ​នឹង​ជួយ​ពលរដ្ឋ ដែល​គ្មាន​លទ្ធភាព​ធ្វើ​អត្ត​សញ្ញាណ​បណ្ណ

លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី អនុប្រធាន និងប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថត monoROOM.info/ S. Tith)

នៅមុនការបោះឆ្នោតអាណត្តិក្រោយ គណបក្សសង្គ្រោះជាតិ នឹងមានក្រុមការងារតាមភូមិ-ឃុំ ដើម្បីជួយ​ប្រជាពលរដ្ឋ ដែលមិនទាន់មានអត្តសញ្ញាណបណ្ណ ឲ្យទទួលបានអត្តសញ្ញាណបណ្ណគ្រប់ៗគ្នា។ នេះបើតាម​ការលើកឡើង របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។

ថ្លែងក្នុងកម្មវិធី ស្តីពី «ដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្តូរ» នាថ្ងៃទី២ ខែតុលា ឆ្នាំ​២០១៥ នៅសណ្ឋាគារអ៊ីមភឺរៀល លោក សម រង្ស៊ី បានលើកឡើងថា៖ «យើងនឹងចាប់ផ្តើមណែនាំ ឱ្យរចនា​សម្ព័ន្ធរបស់យើង នៅតាមភូមិនីមួយៗ ធ្វើបញ្ជីអ្នកដែលអត់ ទាន់មានអត្តសញ្ញាណបណ្ណ។ តើមាន​មូលហេតុ​អ្វី? ខ្វះអ្វី? ហើយតាមដាន ជួយប្រជាពលរដ្ឋដោយមិនរើសមុខ។ ទោះជាប្រជាពលរដ្ឋ គាំទ្រគណបក្ស​ណាក៏​ដោយ មិនប្រកាន់ថា គាត់បោះឆ្នោតឲ្យគណបក្សណានោះទេ។ ប៉ុន្តែបើប្រជាពលរដ្ឋណា ដែលគាត់លើក​ឡើងថា គាត់គ្មានអត្តសញ្ញាណបណ្ណ គាត់ជួបការលំបាក គណបក្សសង្រ្គោះជាតិនឹងជួយ។»

លោកបានអះអាងថា គណបក្សលោកនឹងជួយប្រឹក្សាយោបល់ ផ្នែករដ្ឋបាលដល់ប្រជាពលរដ្ឋ ដែល​គ្មាន​អត្តសញ្ញាណបណ្ណ ហើយក្រុមការងារគណបក្ស ក៏នឹងផ្តល់លុយដល់ពួកគាត់ សម្រាប់អ្នក​ដែលមិនមាន​លទ្ធភាព ក្នុងការបង់ថ្លៃធ្វើអត្តសញ្ញាណបណ្ណនោះទៀតផង។ លោក រង្ស៊ី បានបន្ថែមទៀតថា៖ «បើប្រជា​ពលរដ្ឋ​​ក្រមែនទែន យើងនឹងជួយពួកគេជាលុយ ទាំងបង់ថ្លៃរដ្ឋបាល និងថ្លៃសោហ៊ុយធ្វើដំណើរ ឲ្យគាត់​ទទួល​បានអត្តសញ្ញាណបណ្ណ។ គណបក្សសង្រ្គោះជាតិ នឹងបង្កើតមូលនិធិមួយពិសេស ដើម្បីជួយ​ប្រជា​ពលរដ្ឋ​គ្រប់​រូប ដែលមានកង្វះខាត ដើម្បីឱ្យទីបញ្ចប់ ពួកគាត់ទទួលបានអត្តសញ្ញាណបណ្ណ មុនថ្ងៃ​បោះ​ឆ្នោត។»

» សូមស្តាប់ការលើកឡើង របស់លោក សម រង្ស៊ី ដូចខាងក្រោម៖