រថយន្ត​ដឹក​ដី ប៉ះ​រថយន្ដ​វីហ្គោ ខូច​ខាត​រថយន្ត

គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តធន់ធ្ងរ និងរថយន្តធន់ស្រាល នៅតាម​បណ្តោយ​ផ្លូវ​ព្រះ​សីហនុ តែ​មិន​បង្ក​ផល​ប៉ះពាល់​ខ្លាំង ដល់ភាគីទាំងសងខាងឡើយ។
រថយន្ត​ដឹក​ដី ប៉ះ​រថយន្ដ​វីហ្គោ ខូច​ខាត​រថយន្ត
គ្រោះថ្នាក់រវាងរថយន្ដនិងរថយន្ដ នៅក្នុងខណ្ឌចំការមន។ (រូបថត monoROOM.info/ H. Vuthy)

ហេតុការណ៍រថយន្តដឹកដី ប៉ះជាមួយរថយន្តវីហ្គោនេះ បានកើតឡើង នៅវេលាម៉ោង ៩ និង ៥០នាទីព្រឹក ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៥ ស្ថិតនៅតាមផ្លូវព្រះសីហនុ ទល់មុខឱសថដ្ឋានចន្ទពេញវង់ ក្នុងសង្កាត់ អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្តោលឲ្យខូចខាតរថយន្តទាំងសងខាង តែមិនខូចខ្លាំងនោះទេ។

រថយន្តបង្ក ជាប្រភេទរថយន្តដឹកដីធន់ធ្ងរ របស់ក្រុមហ៊ុនណាកាវើល (NAKAWORLD) មានពណ៍លឿង ពាក់​ស្លាកលេខ AT15 3-0653 បើកបរដោយបុរស មិនស្គាល់អត្តសញ្ញាណ។ ចំណែករថយន្តវីហ្គោ (VIGO) មាន​ពណ៍ខ្មៅ មានស្លាកលេខ ភ្នំពេញ 2F-7788 មិនស្គាល់ឈ្មោះអ្នកបើកបរ។

បើតាមសម្តី របស់បុរសមានវ័យចំណាស់ ដែលជាម្ចាស់រថយន្តវីហ្គោ បានថ្លែងប្រាប់ទស្សនាវដ្តី​មនោរម្យ.​អាំងហ្វូ ដោយមិនបញ្ចេញឈ្មោះថា គាត់បានបើរថយន្ត តាមផ្លូវព្រះសីហនុ បំណងទៅតាខ្មៅ តែមក​ដល់​កន្លែងកើតហេតុ ក៏មានរថយន្តដឹកដី របស់ក្រុមហ៊ុន ណាកាវើល បានបុកពីក្រោយ បណ្តាលឲ្យរថយន្ដលោក ខូចផ្នែកខាងក្រោយ រីឯរថយន្តដឹកដី ខូចផ្នែកចំហៀង។ ប៉ុន្តែជាសំណាងល្អ ក្នុងគ្រោះថ្នាក់នេះ មិនបាន​ប៉ះ​ពាល់ ដល់អាយុជីវិតមនុស្សឡើយ។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាង មិនទាន់អាចដោះស្រាយ រឿងគ្រោះថ្នាក់បាននៅឡើយទេ ដោយ​រងចាំអ្នកតំណាងខាងភាគី របស់ក្រុមហ៊ុនណាកាវើល មកដោះស្រាយបញ្ហានេះ៕