ជនជាតិ​អាមេរិក​ម្នាក់ ធ្លាក់​ពី​ជាន់​ទី២០​នៃ​សណ្ឋាគារ​សុខា​ស្លាប់


បុរសជនជាតិអាមេរិកម្នាក់ បានស្លាប់ ដោយសារធ្លាក់ពីជាន់ទី២០ នៃសណ្ឋាគារលំដាប់​ផ្កាយ០៥មួយ នៅរាជធានីភ្នំពេញ។ សណ្ឋាគារនោះឈ្មោះ«សុខា» ដែលទើបនឹងចាប់ផ្តើមដំណើរការ ក្រោយការសាងសង់ នៅអំឡុងឆ្នាំ២០១៤នេះ។
ជនជាតិ​អាមេរិក​ម្នាក់ ធ្លាក់​ពី​ជាន់​ទី២០​នៃ​សណ្ឋាគារ​សុខា​ស្លាប់

សាកសពគ្របមុខ និងទិដ្ឋភាពសណ្ឋាគារ មើលពីក្រៅ។ (រូបថត monoROOM.info/ H. Vuthy)

ជនរងគ្រោះខាងលើ ត្រូវបានប្រភពនៅនឹងកន្លែងឲ្យដឹងថា ជាជនជាតិអាមេរិកម្នាក់ ឈ្មោះ «Harris Charles Frederick» អាយុ៦៦ឆ្នាំ បានចូលស្នាក់នៅសណ្ឋាគារខាងលើ កាលពីថ្ងៃទី ០៣ ខែតុលាឆ្នាំ ២០១៥ ក្នុង​បន្ទប់លេខ ៧២៨ ជាន់ទី២០។ ប្រភពពីកន្លែងកើតហេតុ បានបញ្ជាក់ថា ហេតុការណ៍​ភ្ញាក់ផ្អើល ដល់​អ្នក​ជិត​ខាងនេះ បានកើតឡើង កាលពីវេលាម៉ោង១០ ព្រឹក ថ្ងៃទី០៥ ខែតុលាឆ្នាំ២០១៥នេះ។

ក្រោយពីភ្ញៀវជនជាតិរបទេសខាងលើ បានធ្លាក់ពីលើសណ្ឋាគារស្លាប់ អ្នកគ្រប់គ្រងផ្នែកសន្តិសុខ នៅ​សណ្ឋាគារ​ខាងលើបាន បញ្ជាឲ្យបិតផ្លូវភ្លាមៗ រារាំងមិនឲ្យអ្នកសារព័ត៌មាន ប្រមាណ១០ស្ថាប័ន ចូល​ទៅ​កន្លែង​កើតហេតុនោះទេ។ បើតាមសម្តីប្រជាពលរដ្ឋ នៅជិតទីតាំងកើតហេតុ ក្នុងក្រុមទី៣ សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវទន្លេបានសាក់ ប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ឲ្យ​ដឹង​ថា សណ្ឋាគារខាងលើ ធ្លាប់មានមនុស្ស្សស្លាប់០៤នាក់ មកហើយចាប់តាំងពីដំណើរការ រហូត​ដល់​ពេល​នេះ។

បច្ចុប្បន្ន សណ្ឋាគារលំដាប់ផ្កាយ០៥ ដែលមានទីតាំង នៅទល់មុខព្រះបរមរាជវាំង ត្រើយខាងកើតទន្លេនេះ កំពុងមានឈ្មោះ បោះសម្លេងយ៉ាងខ្លាំង ទាំងក្នុងនិងក្រៅប្រទេស។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹង ពីមូលហេតុជាក់លាក់ នៃការធា្លក់ស្លាប់ខាងលើនៅឡើយ។ តែអ្នកជិតខាង គ្រាន់តែបានបញ្ជាក់ថា៖ «ធ្លាក់​ពីជាន់ទី២០ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ»៕