ពិធី​​​​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ក្នុង​ខួប​៣​ឆ្នាំ

ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ឆ្នាំ​នេះ ធ្វើ​ឡើង​ដោយ​ភាព​ស្ងប់ស្ងាត់​ក្នុង​ព្រះបរមរាជវាំង។

នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៥ នេះ ជា​ខួប ៣​ឆ្នាំ​ហើយ​ដែល​ព្រះ​មហា​វីរក្សត្រ សម្ដេច​ព្រះ នរោត្ដម សីហនុ យាង​សោយ​ទិវង្គត។

ពិធី​នេះ​ធ្វើ​ឡើង​ដោយ​មាន​រាប់បាត្រ​ព្រះសង្ឃ ៩០​អង្គ នៅ​មុខ​ព្រះ​ចេតិយ​គន្ធបុប្ផា ក្នុង​ព្រះបរមរាជវាំង ក្រោម​ព្រះរាជ​អធិបតីភាព​ព្រះមហាក្សត្រ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្ដេច​ម៉ែ មុនីនាថ សីហនុ។

​ឆ្នាំ​នេះ​ពុំ​មាន​វត្តមាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូល​រួម​ទេ ដោយ​លោក​ជាប់​បេសកកម្ម​នៅ​ក្រៅ​ប្រទេស ប៉ុន្តែ​មាន​អ្នក​តំណាងរាស្ត្រ មន្ត្រី​ជាន់​ខ្ពស់​នៃ​រាជរដ្ឋាភិបាល​បាន​ចូលរួម​ដូច​រាល់​ឆ្នាំ​ដែរ។

ឆ្នាំ​នេះ​ដែរ ពុំ​មាន​ពិធី​រាប់​បាត្រ​ព្រះសង្ឃ​នៅ​ខាង​ក្រៅ​ព្រះ​បរមរាជវាំង​ដោយ​មាន​ប្រជាពលរដ្ឋ​ចូល​រួម​ដូច​ឆ្នាំ​មុនៗ​នោះ​ឡើយ។

​ចំណែក​ព្រះមហាក្សត្រ​មិន​មាន​ថ្លែង​ព្រះរាជ​សង្កថា​អ្វី​ជូន​ជន​រួម​ជាតិ​ព្រះអង្គ​ឡើយ ហើយ​ក៏​មិន​បាន​យាង​ថ្វាយ​កម្រងផ្កា​នៅ​មុខ​ព្រះ​បរម​រូប​នោះ​ដែរ។

​បន្ទាប់​ពី​ពិធី​ក្នុង​ព្រះបរមរាជវាំង​បាន​បញ្ចប់ តំណាង​សមាជិក​ព្រឹទ្ធសភា អ្នក​តំណាងរាស្ត្រ និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​រាជរដ្ឋាភិបាល​បាន​ដឹកនាំ​សមាជិក​ប្រមាណ​ជាង ៤០​មន្ទីរ ក្រសួង នាំ​យក​នូវ​កម្រងផ្កា​ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ នៅ​មុខ​ព្រះ​បរម​រូប​ក្បែរ​វិមាន​ឯករាជ្យ ជា​កិច្ច​បញ្ចប់​ពិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។