ព្រះរាជ​ដំណាក់​ខេត្ត​សៀមរាប​បើក​ទ្វារ​រយៈពេល​៧​ថ្ងៃ​ឲ្យ​ពលរដ្ឋ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ

ទាញ​យក​កម្មវីធី មន្ត្រី​មើល​ថែ​ព្រះរាជ​ដំណាក់​នៅ​ខេត្ត​សៀមរាប បើក​ចំហ​ទ្វារ​របង​ព្រះរាជ​ដំណាក់​រយៈពេល ៧​ថ្ងៃ ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​តុលា ត​ទៅ ក្នុង​បំណង​ឲ្យ​ពលរដ្ឋ​កម្ពុជា គ្រប់​រូប រួម​ទាំង​អ្នក​ទេសចរ​បរទេស​ផង អាច​ចូល​ទៅ​ក្នុង​បរិវេណ​នៃ​ព្រះរាជ​ដំណាក់ ដើម្បី​អុជ​ទៀន ធូប គោរព​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ​នរោត្តម សីហនុ។

ការ​បើក​ចំហ​ទ្វារ​របង​ព្រះរាជ​ដំណាក់​ក្នុង​ខេត្ត​សៀមរាប ឲ្យ​មហាជន​អាច​ចូល​ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​គម្រប់​ខួប ៣​ឆ្នាំ បន្ទាប់​ពី​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ ព្រះអង្គ​សោយ​ទិវង្គត​មក។

មន្ត្រី​រាជការ​មក​ពី​គ្រប់​មន្ទីរ និង​កង​កម្លាំង​ប្រដាប់​អាវុធ មាន​ប៉ូលិស ប៉េអិម និង​ទាហាន​ប្រមាណ ៣០០​នាក់ បាន​នាំ​គ្នា​ចូល​ទៅ​ក្នុង​បរិវេណ​នៃ​ព្រះរាជ​ដំណាក់​នា​ខេត្ត​សៀមរាប ហើយ​អុជ​ទៀន ធូប ព្រម​ទាំង​ឈរ​ស្មិងស្មាធិ៍​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ​នរោត្តម សីហនុ ដើម្បី​រំឭក​ដល់​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ​គម្រប់​ខួប ៣​ឆ្នាំ។

ពិធី​បាន​ចាប់​ផ្ដើម​ឡើង​តាំង​តែ​ពី​ម៉ោង​ជាង ៧​កន្លះ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​តុលា ដោយ​មាន​ដាក់​កម្រង​ផ្កា​ជាច្រើន​ដើម្បី​បូជា ប៉ុន្តែ​មិន​មាន​សភាព​អធិកអធម​ដោយ​ចាក់​ឧបករណ៍​បំពង​សំឡេង​ឲ្យ​ឮ​ខ្លាំង ឬ​ក៏​ប្រគំ​បទ​ភ្លេង​អ្វី​ទេ។

អភិបាល​រង​ខេត្ត​សៀមរាប ក្នុង​ចំណោម​អ្នក​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ជាច្រើន​ទៀត គឺ​លោក គឹម ឆៃហៀង។ លោក​មាន​ប្រសាសន៍​ថា នៅ​ស្រប​ពេល​គ្នា​ដែល​មន្ត្រី​ជាង ៣០០​នាក់​កំពុង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ នៅ​ក្នុង​បរិវេណ​ព្រះរាជ​ដំណាក់​នេះ គឺ​នៅ​តាម​បណ្ដា​ក្រុង-ស្រុក​ទាំង​១២ របស់​ខេត្ត​សៀមរាប ក៏​កំពុង​នាំ​គ្នា​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ​ដូច​គ្នា​ដែរ។

លោក គឹម ឆៃហៀង មាន​ប្រសាសន៍​ទៀត​ថា អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ ធ្លាប់​បាន​បំពេញ​ព្រះរាជ​បេសកកម្ម​យ៉ាង​ធំ​ធេង​ជូន​ជាតិ​មាតុភូមិ​កម្ពុជា ដូចជា​ការ​ទាមទារ​ឯករាជ្យ​ពី​ប្រទេស​បារាំង នៅ​ឆ្នាំ​១៩៥៣ ការ​ទាមទារ​យក​ខេត្ត​ខ្មែរ​ចំនួន​៣ មាន​ខេត្ត​បាត់ដំបង សៀមរាប ​និង​ខេត្ត​កំពង់ធំ ពី​ប្រទេស​ថៃ មក​វិញ ព្រម​ទាំង​ការ​តតាំង​ក្ដី​នៅ​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ នៅ​ឆ្នាំ​១៩៦២ ហើយ​ទាមទារ​ប្រាសាទ​ព្រះវិហារ ពី​ប្រទេស​ថៃ បាន​មក​វិញ​ទៀត​ផង។

មន្ត្រី​ដដែល​បញ្ជាក់​ថា ប្រហែល​ជា ៣០​ឆ្នាំ​មុន ក្នុង​ពេល​ដែល​លោក​នៅ​ជា​មន្ត្រី​យោធា គឺ​លោក​ធ្លាប់​ចូល​គាល់​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ ជា​ញឹកញាប់។ រាល់​ការ​ចូល​គាល់ ព្រះអង្គ​តែង​ទូន្មាន​ឲ្យ​ចេះ​ស្រឡាញ់​ជាតិ និង​ប្រជារាស្ត្រ​ឲ្យ​បាន​ច្រើន និង​ត្រូវ​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ​ផង។ លោក គឹម ឆៃហៀង រំឭក​ថា ដោយសារ​បណ្ដាំ​ទាំង​នេះ គឺ​ធ្វើ​ឲ្យ​រូប​លោក​នៅ​តែ​ចងចាំ និង​នឹក​រលឹក​អតីត​ព្រះមហាក្សត្រ បើ​ទោះ​ជា​ព្រះអង្គ​បាន​សោយ​ទិវង្គត​រយៈពេល ៣​ឆ្នាំ​មក​ហើយ​ក៏ដោយ៖ «អ្វី​ដែល​ខ្ញុំ​នៅ​អាឡោះអាល័យ​ជាមួយ​សម្ដេច​ឪ គឺ​ទី​១ ព្រះអង្គ​ជា​ព្រះមហាក្សត្រ ជា​ម្លប់​ដ៏​ត្រជាក់​ត្រជុំ​នៃ​ប្រជារាស្ត្រ​ខ្មែរ​របស់​យើង។ ទី​២ ព្រះអង្គ​ជា​ព្រះមហាក្សត្រ​ដែល​ពោរពេញ​ដោយ​ទសពិធរាជធម៌ ដែល​អង្គ​ព្រះមហាក្សត្រ​លោក​តែង​ប្រកាន់​ខ្ជាប់»

គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ ៦២០
មន្ត្រី​អាជ្ញាធរ​អប្សរា កង​កម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​មក​ពី​តាម​មន្ទីរ​នានា​នៅ​ទូទាំង​ខេត្ត​សៀមរាប នាំ​គ្នា​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះ​មហា​វីរ​ក្សត្រ ព្រះបាទ នរោត្ដម សីហនុ នៅ​ក្នុង​ព្រះរាជ​ដំណាក់​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៥។ RFA/Hang Savyouth

មាន​ប្រជារាស្ត្រ និង​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ជាច្រើន​ទៀត ក៏​បាន​បង្ហាញ​នូវ​ការ​គោរព និង​ស្រឡាញ់​ចំពោះ​អតីត​ព្រះមហាក្សត្រ​ខ្មែរ សម្ដេច​ព្រះ​នរោត្តម សីហនុ ដែរ បើ​ទោះ​បី​ជា​ពួក​គេ​ទាំង​នោះ មិន​ធ្លាប់​បាន​ជួប​ព្រះ​ភ័ក្ត្រ​របស់​ព្រះអង្គ​ដោយ​ផ្ទាល់​ក៏ដោយ។

បុរស​ឈ្មោះ ញ៉ាង ណារិទ្ធ ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​សៀមរាប ហើយ​បច្ចុប្បន្ន​មាន​មុខ​របរ​ជា​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ មាន​ប្រសាសន៍​ថា លោក​មិន​ធ្លាប់​បាន​ជួប​ព្រះ​ភ័ក្ត្រ​របស់​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ ដោយ​ផ្ទាល់​ទេ គឺ​ធ្លាប់​តែ​មើល​ឃើញ​សកម្មភាព​របស់​ព្រះអង្គ​នៅ​តាម​កញ្ចក់​ទូរទស្សន៍។ បុរស​ដដែល​បញ្ជាក់​ថា បើ​ទោះ​បី​ជា​លោក​ពុំ​ធ្លាប់​ជួប​ព្រះ​ភ័ក្ត្រ​អតីត​ព្រះមហាក្សត្រ​ដោយ​ផ្ទាល់​ក៏ដោយ ក៏​លោក​ពេញ​ចិត្ត​នឹង​ព្រះរាជ​សកម្មភាព​របស់​ព្រះអង្គ​លើ​កិច្ចការ​ជាច្រើន ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស និង​សង្គម​ជាតិ​ខ្មែរ បាន​សុខ​សន្តិភាព មាន​បូរណភាព​ទឹក​ដី ព្រម​ទាំង​ប្រជារាស្ត្រ​មាន​ជីវភាព​សម្បូរ​សប្បាយ​ផង។ លោក ញ៉ាង ណារិទ្ធ បញ្ជាក់​ថា ក្នុង​ពេល​ដែល​អតីត​ព្រះមហាក្សត្រ​សោយ​ទិវង្គត​ទៅ លោក​ក៏​ធ្លាប់​ចូល​ទៅ​អុជ​ធូប​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះអង្គ​ដែរ៖ «ខ្ញុំ​ធ្លាប់​ឃើញ​ក្នុង​ឯកសារ​ដែល​ចាក់​ផ្សាយ​មក ឃើញ​លោក​កសាង កាល​ពី​សម័យ​សង្គម​រាស្ត្រ​និយម​មក ឃើញ​ធ្វើ​បាន​ល្អ»

ចំណែក​យុវជន គួន ប៊ុនគា ដែល​បច្ចុប្បន្ន​កំពុង​ធ្វើ​ការ​នៅ​ខេត្ត​បាត់ដំបង បាន​ចាត់​ទុក​អតីត​ព្រះមហាក្សត្រ​ថា គឺ​ជា​សម្ដេច​តា​ទួត​របស់​លោក។ លោក ប៊ុនគា បញ្ជាក់​ថា ថ្វីត្បិតតែ​លោក​ពុំ​ធ្លាប់​ជួប​ព្រះ​ភ័ក្ត្រ​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ម្ដង​ណា​សោះ នៅ​មុន​ពេល​ដែល​ព្រះអង្គ​យាង​សោយ​ទិវង្គត​ទៅ ប៉ុន្តែ​រូប​លោក​ហាក់​មាន​មនោសញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ព្រះអង្គ។ យុវជន ប៊ុនគា បាន​ចាត់​ទុក​អតីត​ព្រះមហាក្សត្រ ថា​ជា​វីរ​បុរស​ដ៏​អស្ចារ្យ​របស់​កម្ពុជា នៅ​សតវត្ស​នេះ៖ «និយាយ​ទៅ​គេ​ហៅ​វីរ​បុរស​ដ៏​អស្ចារ្យ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ទាំងអស់។ សម្ដេច​តា​ទួត គឺ​មិន​បាត់​ទេ​នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ​ក្នុង​មួយ​ជីវិត​នេះ»

អតីត​ព្រះមហាក្សត្រ​ខ្មែរ សម្ដេច​ព្រះ​នរោត្តម សីហនុ ធ្លាប់​មាន​ស្នាព្រះហស្ត​ធ្វើ​ឲ្យ​ប្រទេស​ខ្មែរ​រុងរឿង​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ នៅ​អំឡុង​ទសវត្ស​ទី​៦០ រហូត​ដល់​ទសវត្ស​ទី​៧០។ ព្រះអង្គ​ក៏​ជា​អ្នក​ផ្សះផ្សា​ឲ្យ​មាន​សន្តិភាព​ចុង​ក្រោយ​នៃ​ជម្លោះ​ខ្មែរ ៤​ភាគី តាម​រយៈ​កិច្ចព្រមព្រៀង​នៃ​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ហើយ​នាំ​មក​នូវ​ការ​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ដើម្បី​បង្កើត​រដ្ឋាភិបាល​មួយ​ចាប់​ពី​ឆ្នាំ​១៩៩៣ រហូត​មក​ដល់​បច្ចុប្បន្ន។

អតីត​ព្រះមហាក្សត្រ​ខ្មែរ សម្ដេច​ព្រះ​នរោត្តម សីហនុ បាន​សោយ​ទិវង្គត​នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នៅ​ក្នុង​ព្រះជន្ម ៩០​ព្រះវស្សា ដោយសារ​តែ​រោគាពាធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។