ស្ត្រី​កើត​ជម្ងឺរបេង​ធ្ងន់ធ្ងរ​ម្នាក់​ស្លាប់​ភ្លាម​ៗ បន្ទាប់​ពី​រថយន្ត​តាក់ស៊ី​ដាក់ចុះ​ជាមួយ​ប្តី​ខណៈ​មិន​ទាន់​ដល់​មន្ទីរពេទ្យ

ខេត្តព្រះវិហារ ៖ ស្ត្រី​ម្នាក់​ដែល​មាន​ជម្ងឺរបេង​ធ្ងន់ធ្ងរ​បាន​ស្លាប់​ភ្លាមៗ​​ក្រោយ​ពី​រថយន្ត​តាក់ស៊ី​ដឹក​មក​ពី​មន្ទីរពេទ្យ​ឃុំ​ស្រឯម ដោយ​ឃើញ​អាកា​រៈ​មិន​ស្រួល​ខ្លាំង​ក៏​ដាក់ចុះ​ពីលើ​រថយន្ត រួច​ក៏​បើក​គេច​បាត់​ស្រមោល បង្ក​ការ​ភ្ញាក់ផ្អើល​ពលរដ្ឋ​ពេញ​ក្រុង​ព្រះ​វិហារ​កាលពី​រសៀល​ថ្ងៃ​ទី​១៥ តុលា ២០១៥​នេះ ។

បុរស​ជា​ប្តី​ស្ត្រី​រង​គ្រោះ​ឈ្មោះ អ៊ឹម សែន អាយុ​៤៥​ឆ្នាំ ជា​មន្ត្រី​យោធា​ក្នុង​វរៈ​សេនា​តូច​លេខ​៣៧៥ ចំណុះ​កងពលតូច​អន្តរាគមន៍​លេខ​៧ និង​មានកូន​៣​នាក់ (​ស្រី​ម្នាក់ ប្រុស​២​នាក់​) ក្នុង​បន្ទុក បាន​ប្រាប់​កាសែត​«​កោះសន្តិភាព​»​នៅ​រសៀល​ថ្ងៃ​ទី​១៥ តុលា ២០១៥​នេះ​ថា ប្រពន្ធ​របស់​គាត់​ឈ្មោះ ធី រ៉ន អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​ធម្មជាតិ ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ មាន​ជម្ងឺរបេង​រយៈពេល​២​ឆ្នាំ​មក​ហើយ ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ តុលា​នេះ ដោយ​អាកា​រៈ​ជម្ងឺរបេង​មាន​សភាព​ធ្ងន់ធ្ងរ​ពេក រូប​គាត់​ក៏​បាន​បញ្ជូន​ប្រពន្ធ​របស់​ខ្លួន​ទៅ​កាន់​មន្ទីរពេទ្យ​ឃុំ​ស្រឯម​តាម​រយៈ​រថយន្ត​សា​ម៉ុ​យ​របស់​វរៈ​សេនា​តូច​លេខ​៣៧៥ តែ​ដោយសារ​ជម្ងឺ​ប្រពន្ធ​របស់​គាត់​ចេះ​តែ​ធ្ងន់​ទៅ​ៗ ក្រុម​គ្រូពេទ្យ​ឃុំ​មិន​អាច​សង្គ្រោះ​បាន ក៏​តម្រូវ​ឱ្យ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​១៦​មក​រា ក្រុង​ព្រះ​វិហារ ។

បុរស​ជា​ប្តី​បន្ត​ថា ខណៈនោះ​ដែរ​រូប​គាត់​ក៏​បាន​ជិះ​រថយន្ត​តាក់ស៊ី​ម៉ាក​កាម​រី​ឆ្លាម​១​គ្រឿង​មិន​ចាំ​ស្លាក​​លេខ​ជាមួយ​ប្រពន្ធ​ពី​ភូមិ​ស្រឯម​មក​កាន់​មន្ទីរពេទ្យ​ក្រុង​ព្រះ​វិហារ ក្នុង​តម្លៃ​២​ម៉ឺន​រៀល លុះ​មក​ដល់​ភូមិ​ស្រះ​ឈូក សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ មិន​ទាន់​ដល់​ពេទ្យ​ផង ស្រាប់តែ​ប្រពន្ធ​របស់​គាត់​ដកចង្កាមាន់ ពេល​នោះ​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ឃើញ​សភាព​ប្រពន្ធ​របស់​គាត់​មិន​ស្រួល​ខ្លាំង ក៏​ឈប់​ដាក់​គាត់ និង​ប្រពន្ធ​គាត់​ចោល​នៅ​ចិញ្ចើម​ផ្លូវ​ រួច​បើក​គេចខ្លួន​បាត់​តែ​ម្តង ។ ពេល​នោះ​ស្រាប់តែ​ប្រពន្ធ​របស់​គាត់​ដាច់ខ្យល់​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​បំផុត ។

ក្រោយ​ពេល​ស្ត្រី​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត មេបញ្ជាការ​វរៈ​សេនា​តូច​លេខ​៣៧៥​បាន​បញ្ជូន​រថយន្ត​មក​ដឹក​យក​សព​ទៅ​កាន់​លំនៅ​ឋាន​វិញ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕