ជនជាតិ​ដើម​ភាគ​តិច​ព្នង​ខេត្ត​មណ្ឌលគិរី​ប្ដឹង​មេ​បញ្ជាការ​អាវុធហត្ថ​ស្រុក​ចោទ​ថា​រំលោភ​យក​ដី

ទាញ​យក​កម្មវីធី

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង ភូមិ​ពូច្រារ ឃុំ​ស្រែព្រះ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ដាក់​ពាក្យ​ប្ដឹង​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក​ជា​ថ្មី​ទៀត ទាក់ទិន​ការ​ចោទ​ប្រកាន់​មន្ត្រី​អាវុធហត្ថ រួម​ជាមួយ​ឈ្មួញ​មាន​ប្រាក់​ម្នាក់ រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ជាង ៨០​ហិកតារ ដែល​អាជ្ញាធរ​ឃុំ​សម្រេច​ប្រគល់​ឲ្យ​អ្នក​ភូមិ​ធ្វើ​ស្រែ។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ថា សមាគម​នេះ​នឹង​អន្តរាគមន៍​ពាក្យ​ប្ដឹង​របស់​ពលរដ្ឋ ទៅ​ស្ថាប័ន​អយ្យការ​តុលាការ​ខេត្ត​មណ្ឌលគិរី នៅ​សប្តាហ៍​ក្រោយ ដើម្បី​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ផ្តល់​យុត្តិធម៌​ជូន​ពលរដ្ឋ។

ពាក្យ​ប្ដឹង​របស់​ពលរដ្ឋ​ជនជាតិ​ដើម​ព្នង ភូមិ​ពូច្រារ ៤៤​គ្រួសារ ចុះ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ប្ដឹង​ចោទ​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក​កែវសីមា គឺ​លោក សាក់ សារុន និង​បុរស​ឈ្មោះ ឡឹក ហ៊ា ពី​បទ​រំលោភ​អចលនវត្ថុ និង​ប្រើ​អំពើ​ហិង្សា​បណ្ដេញ​អ្នក​ភូមិ ឲ្យ​ចេញ​ពី​ដី​ស្រែ​ដោយ​បង្ខំ ហើយ​ចូល​កាន់​កាប់​ដី​ស្រែ​ប្រជាពលរដ្ឋ​នៅ​ចំណុច​ពូត្រូមចាស់ ជា​ដី​ដែល​អាជ្ញាធរ​ឃុំ​ចេញ​លិខិត​សម្រេច ឲ្យ​អ្នក​ភូមិ​ធ្វើ​ស្រែ។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ចាត់​ទុក​ការ​ចូល​ទៅ​កាន់​កាប់​ដី​របស់​មន្ត្រី​អាវុធហត្ថ ថា​ជា​សកម្មភាព​រំលោភ​ច្បាប់​ភូមិបាល និង​រំលោភ​ទៅ​លើ​សិទ្ធិ​អាស្រ័យ​ផល​លើ​ដីធ្លី​ជនជាតិ​ដើម ដែល​បាន​ធ្វើ​ស្រែ​នៅ​តំបន់​នោះ​មុន​ឆ្នាំ​២០០១។ លោក​បន្ត​ថា អាជ្ញាធរ​ឃុំ​បាន​ចេញ​លិខិត​ប្រគល់​ដី​នោះ​ទៅ​ឲ្យ​អ្នក​ភូមិ​ធ្វើ​ស្រែ​វិញ បន្ទាប់​ពី​អ្នក​ភូមិ​បោះបង់​ចោល​តំបន់​នោះ​នា​សម័យ​កើត​មាន​បញ្ហា​អសន្តិសុខ៖ «នៅ​តំបន់​នោះ​ជា​គម្រប​ព្រៃ​ឈើ ហើយ​បើ​គាត់​ទៅ​គ្រប់គ្រង​យក​ធ្វើ​ជា​កម្មសិទ្ធិ​ហ្នឹង គឺ​គាត់​កំពុង​តែ​រំលោភ​ដី​សាធារណៈ​របស់​រដ្ឋ​ហើយ បើ​តាម​ការ​អះអាង​របស់​ពលរដ្ឋ ដី​នោះ​គាត់​ចូល​ធ្វើ​ស្រែ​តាំង​ពី​មុន​ឆ្នាំ​២០០១»

មេ​ឃុំ​ស្រែព្រះ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៥ បាន​ចេញ​លិខិត​សម្រេច​ឲ្យ​ប្រជាពលរដ្ឋ ៤៤​គ្រួសារ ចុះ​ទៅ​ធ្វើ​ស្រែ​នៅ​ស្រែ​ត្រពាំងចក ចំណុច​ពូត្រូមចាស់ បន្ទាប់​ពី​បុរស​ឈ្មោះ ឡឹក ហ៊ា ចូល​ទី​កាន់​កាប់​ដី​ចំណុច​នោះ ហើយ​សំអាង​ថា ខ្លួន​ជា​អ្នក​ថែរក្សា​ដី​ឲ្យ​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក ហើយ​មិន​ព្រម​ចូល​ខ្លួន​មក​ពិភាក្សា​បញ្ហា​តាម​ការ​អញ្ជើញ​របស់​អាជ្ញាធរ​ឃុំ​ចំនួន​ពីរ​លើក។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក​កែវសីមា លោក សាក់ សារុន សុំ​អធិប្បាយ​ពី​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា។

ទាក់ទិន​បញ្ហា​នេះ​ដែរ មេ​ឃុំ​ស្រែព្រះ លោក ព្យើក ប៉េ មាន​ប្រសាសន៍​ថា លោក​បាន​អន្តរាគមន៍​ករណី​នេះ​ទៅ​អាជ្ញាធរ​ស្រុក និង​ខេត្ត​រួច​ហើយ ក៏ប៉ុន្តែ​អាជ្ញាធរ​ស្រុក មិន​មាន​លទ្ធភាព​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​បាន​ឡើយ។ លោក​ទទួល​ស្គាល់​ថា ដី​នោះ​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ ចូល​ទៅ​កាន់​កាប់​បំពាន​លើ​ដី​ស្រែ​សហគមន៍ និង​កាប់​រាន​ព្រៃ​ដែន​ជម្រក​សត្វ​បន្ថែម​ទៀត ដើម្បី​យក​ដី​ជា​កម្មសិទ្ធិ៖ «ថ្នាក់​ឃុំ និង​ស្រុក​ហ្នឹង ដោះស្រាយ​អស់​លទ្ធភាព​ហើយ។ អភិបាល​សុំ​ទោស​ប្រជាជន មិន​អាច​ធ្វើ​បាន​ទេ ឯកសារ​របាយការណ៍​ផ្ញើ​ទៅ​ខេត្ត​វិញ ត្រង់​ខេត្ត​ធ្វើ​មិន​ធ្វើ​អត់​ដឹង​ដែរ»

យ៉ាង​ណា​ក៏ដោយ ប្រជាពលរដ្ឋ​ភូមិ​ពូច្រារ លោក ណេត ស្រេង កត់​សម្គាល់​ថា នេះ​ជា​លិខិត​ប្ដឹង​លើក​ទី​ពីរ​ហើយ ដែល​អ្នក​ភូមិ​ស្វែងរក​យុត្តិធម៌​តាម​រយៈ​ស្ថាប័ន​តុលាការ។ លោក​ថា នឹង​បន្ត​ការ​តវ៉ា​ទៅ​ថ្នាក់​ជាតិ ប្រសិន​តុលាការ​អូស​បន្លាយ​មិន​ដោះស្រាយ​ពាក្យ​ប្ដឹង​របស់​ពលរដ្ឋ៖ «មេ​ឃុំ​គាត់​ចេញ​សេចក្តី​សម្រេច​ឲ្យ​ពួក​ខ្ញុំ​ចុះ​ធ្វើ​ស្រែ បាន​ន័យ​ថា គាត់​ទទួល​ស្គាល់​អស់​ហើយ ប៉ុន្តែ សាក់ សារុន រំលោភ​សិទ្ធិ​ពួក​យើង ហើយ​គាត់​អត់​មើល​ខុស​ត្រូវ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច»

កាល​ពី​ខែ​មិថុនា ប្រជាពលរដ្ឋ​អះអាង​ថា មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក​កែវសីមា គឺ​លោក សាក់ សារុន រួម​ទាំង​កង​កម្លាំង​ពីរ​នាក់ ថា​បាន​ចាប់​ប្រជាពលរដ្ឋ​បី​នាក់​ដាក់​ខ្នោះ ហើយ​វាយ​ដំ​រាងកាយ គំរាម​កំហែង​ជេរ​ប្រមាថ​ទៅ​លើ​ពលរដ្ឋ​ពីរ​នាក់​ផ្សេង​ទៀត ដែល​បាន​ថត​រូប​នៅ​ក្នុង​រោង​ចាំ​ដី​របស់​លោក។ការ​វាយ​ប្រើ​អំពើ​ហិង្សា​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ភូមិ​នាំ​គ្នា​ចុះ​រៀបចំ​ភ្ជួរ​រាស់​ធ្វើ​ស្រែ ក៏ប៉ុន្តែ​បុរស​ឈ្មោះ ឡឹក ហ៊ា បាន​ហៅ​អ្នក​ភូមិ​ឲ្យ​ទៅ​ជួប​នៅ​រោង​ចាំ​ដី បន្ទាប់​មក​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​មក​ដល់ ហើយ​ចោទ​ថា អ្នក​ភូមិ​ថត​រូប​នៅ​រោង​ចាំ​ដី​របស់​ខ្លួន​ខុស​ច្បាប់ ទើប​ចាប់​ដាក់​ខ្នោះ។

ប្រជាពលរដ្ឋ​ភូមិ​ពូច្រារ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​មន្ត្រី​អយ្យការ​តាំង​ពី​ខែ​មិថុនា ក៏ប៉ុន្តែ​រហូត​បច្ចុប្បន្ន អ្នក​ភូមិ​មិន​ទាន់​ឃើញ​មាន​ចាត់​ការ​យ៉ាង​ណា​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។