លោក ហ៊ុន សែន បង្ហាញ​ជំហរ​គាំទ្រ​គម្រោង​វិថី​សូត្រ​របស់​បក្ស​កុម្មុយនីស្ត​ចិន

ទាញ​យក​កម្មវីធី

អ្នក​វិភាគ​សង្គម​កម្ពុជា ក្រើន​រំឭក​ថា កម្ពុជា គួរ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ទទួល​យក​ឥទ្ធិពល​របស់​ចិន។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៥ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឡើង​ថ្លែង​ក្នុង​អង្គ​សន្និសីទ​ពិសេស​នៃ​សន្និសីទ​អន្តរជាតិ​នៃ​បក្ស​នយោបាយ​ប្រចាំ​តំបន់​អាស៊ី ធ្វើ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ស្ដីពី «ការ​សាងសង់​ឡើង​វិញ​នូវ​វិថី​សូត្រ»។

លោក ហ៊ុន សែន បង្ហាញ​ពី​ការ​គាំទ្រ​របស់​កម្ពុជា ចំពោះ​ការ​រៀបចំ​គម្រោង​វិថី​សូត្រ ដែល​រៀបចំ​ដោយ​បក្ស​កុម្មុយនីស្ត​ចិន។ ស្រប​គ្នា​នេះ លោក ហ៊ុន សែន ប្រកាស​តាម​គណនេយ្យ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នឹង​ផ្តល់​ជំនួយ​ឥត​សំណង​ប្រមាណ ១​ពាន់​លាន​យ័ន្ត (Yuan) (ជាង ១៥៧​លាន​ដុល្លារ) ដល់​ប្រទេស​កម្ពុជា។

លោក ហ៊ុន សែន ប្រកាស​បញ្ជាក់​ពី​ជំហរ​របស់​ប្រទេស​កម្ពុជា ប្រាប់​ទៅ​កាន់​បណ្ដា​ប្រទេស​ផ្សេងៗ​ដែល​ចូល​ក្នុង​សន្និសីទ​អន្តរជាតិ​នេះ​ថា កម្ពុជា នឹង​ចូលរួម​អនុវត្ត​គម្រោង​នានា​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​គំនិត​ផ្ដួចផ្ដើម «ក្រវាត់​សេដ្ឋកិច្ច និង​វិថី​សូត្រ» ឲ្យ​លេច​ចេញ​ជា​រូបរាង ដើម្បី​សម្រេច​នូវ «សតវត្សរ៍ និង​ក្តី​ស្រមៃ​អាស៊ី»។

វិថី​សូត្រ ជា​ច្រក​ដោះដូរ​ពាណិជ្ជកម្ម​មួយ​ដែល​ត​ភ្ជាប់​រវាង​ប្រជាជន​នៅ​ទ្វីប​អាស៊ី អឺរ៉ុប និង​អាហ្វ្រិក។

លោក ហ៊ុន សែន បញ្ជាក់​នៅ​ក្នុង​សន្និសីទ​ក្នុង​ទីក្រុង​ប៉េកាំង ថា វិថី​សូត្រ​ជា​និមិត្តរូប​នៃ​សន្តិភាព កិច្ច​សហប្រតិបត្តិការ ការ​បើក​ចំហ និង​ជា​ការ​រំលែក​ការ​រៀន​សូត្រ និង​យល់​ដឹង​ពី​គ្នា​រវាង​ប្រទេស​ធំ និង​ប្រទេស​តូច ដើម្បី​ការ​រីក​ចម្រើន​រួម​គ្នា។

គម្រោង​វិថី​សូត្រ រំពឹង​ថា នឹង​អាច​ត​ភ្ជាប់​បណ្ដា​ប្រទេស​ជាច្រើន​ដែល​តំណាង​ឲ្យ ៥៥​ភាគរយ​នៃ​ផលិតកម្ម​ជាតិ​ដុល​របស់​ពិភពលោក ហើយ​គម្រោង​វិថី​សូត្រ គ្រប​ដណ្ដប់​ប្រជាជន ៧០​ភាគរយ​នៃ​ពិភពលោក។

អ្នក​តាម​ដាន​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា យល់​ឃើញ​ថា ការ​កម្ពុជា មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ចិន វា​បាន​ផ្ដល់​ផល​ពីរ​ដល់​ប្រទេស​កម្ពុជា ទាំង​ផ្នែក​ការទូត និង​ទាំង​ផ្នែក​ការ​អភិវឌ្ឍ។

លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម កត់​សម្គាល់​ឃើញ​ថា នៅ​ពេល​ដែល​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន កម្ពុជា តែង​ទទួល​បាន​ជំនួយ និង​ការ​វិនិយោគ​ពី​ប្រទេស​ចិន ហើយ​អាច​មាន​ឱកាស​ខ្ចី​​ប្រាក់​ពី​ប្រទេស​ចិន បាន​ទៀត​ផង។ ជាក់ស្តែង ស្រប​ពេល​ដែល លោក ហ៊ុន សែន កំពុង​មាន​វត្តមាន​នៅ​ប្រទេស​ចិន រដ្ឋាភិបាល​ចិន នៅ​ថ្ងៃ​ទី​១៦ តុលា នឹង​ផ្ដល់​ជា​កញ្ចប់​ជំនួយ​សម្ភារៈ​ការិយាល័យ ដូចជា​កុំព្យូទ័រ និង​ម៉ាស៊ីន​ព្រីន ដល់​ក្រសួង​ការ​បរទេស​កម្ពុជា។ បន្ថែម​ពី​លើ​នេះ លោក កែម ឡី មើល​ឃើញ​ថា នៅ​ពេល​ដែល​កម្ពុជា មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​ចិន អាច​ធ្វើ​ឲ្យ​កម្ពុជា អាច​ឃ្លាត​ឆ្ងាយ​ពី​ឥទ្ធិពល​របស់​ប្រទេស​វៀតណាម។

យ៉ាង​ណា​ក៏ដោយ អ្នក​វិភាគ​សង្គម​រូប​នេះ​យល់​ថា នៅ​ពេល​ប្រទេស​កម្ពុជា ព្យាយាម​ខិត​ជិត​ប្រទេស​កុម្មុយនីស្ត ដូចជា​ប្រទេស​ចិន នេះ ធ្វើ​ឲ្យ​បាត់​បង់​តុល្យភាព និង​អព្យាក្រឹតភាព​លើ​នយោបាយ​ការ​បរទេស៖ «ទំនាក់​ទំនង​ការទូត​ច្រើន​ជាមួយ​ប្រទេស​កុម្មុយនីស្ត ហើយ​យើង​ព្យាយាម​ឃ្លាត​ឆ្ងាយ​ពី​ប្រទេស​សេរី ដូច អាមេរិក អឺរ៉ុប។ ខ្ញុំ​គិត​ថា មិន​ចំណេញ​ទេ។ ខ្មែរ​យើង​អាច​ទទួល​រង​នូវ​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​អភិវឌ្ឍ​ដែល​មាន​ភាព​ផុយ​ស្រួយ​ច្រើន ដូច​ប្រទេស​កូរ៉េ​ខាង​ជើង ប្រទេស​ភូមា ពី​អតីត​កាល ដូច​ប្រទេស​អ៊ីរ៉ង់ ដូច​ប្រទេស​ស៊ីរី ជាដើម»

បើ​ទោះ​ជា​សន្និសីទ​អន្តរជាតិ​រៀបចំ​ឡើង​ដោយ​ចិន ធានា​អះអាង​ការ​ស្វែងរក​សន្តិសុខ និង​សន្តិភាព​សម្រាប់​តំបន់ និង​ពិភពលោក​ក្ដី លោក កែម ឡី សង្កេត​ឃើញ​ថា គឺ​ចិន នេះ​ហើយ​ដែល​នាំ​សង្គ្រាម និង​ការ​បង្ហូរ​ឈាម​មក​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា។ លោក កែម ឡី លើក​ឡើង​បែប​នេះ ដោយ​បង្ហាញ​ឧទាហរណ៍ ពេល​ដែល​ចិន ចេញ​មុខ​គាំទ្រ​ខ្មែរ​ក្រហម ធ្វើ​ឲ្យ​កម្ពុជា ធ្លាក់​ទៅ​ក្នុង​សង្គ្រាម​ស៊ីវិល។ កម្ពុជា និង​បណ្ដា​ប្រទេស​នៅ​តាម​តំបន់​ទន្លេ​មេគង្គ មាន​ទំនាក់​ទំនង​ជាមួយ​ចិន យូរ​អង្វែង​មក​ហើយ។

លោក ហ៊ុន សែន ប្រាប់​អង្គ​សន្និសីទ​អន្តរជាតិ​រៀបចំ​ដោយ​បក្ស​កុម្មុយនីស្ត​ចិន ថា លោក​រំពឹង​ថា ប្រទេស​ចិន នឹង​ផ្ដល់​អាទិភាព​ពិសេស​ដល់​អាង​ទន្លេ​មេគង្គ ដើម្បី​សម្រេច​បាន​នូវ​គម្រោង​វិថី​សូត្រ​នេះ។

ក៏ប៉ុន្តែ លោក កែម ឡី សង្កេត​ឃើញ​ថា ប្រទេស​ចិន ប្រើប្រាស់ «ការទូត​បិសាច» នៅ​ពេល​ផ្ដល់​គម្រោង​វិនិយោគ​នៅ​តំបន់​ទន្លេ​មេគង្គ។ លោក​ថា គម្រោង​អភិវឌ្ឍន៍​វារីអគ្គិសនី​នៅ​តាម​ដង​ទន្លេ​មេគង្គ​របស់​ចិន ភាគ​ច្រើន​ផ្ដល់​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​ប្រព័ន្ធ​អេកូឡូស៊ី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។