សហជីព​គ្រោង​ពិភាក្សា​ស្វែងរក​យុទ្ធសាស្ត្រ​ថ្មី​លើ​ប្រាក់​ឈ្នួល​កម្មករ​នៅ​សប្ដាហ៍​បន្ទាប់

ទាញ​យក​កម្មវីធី

ក្រុម​សហជីព​ដែល​មិន​ទាន់​ពេញ​ចិត្ត​លើ​ការ​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ទាប​នោះ យល់​ថា តួលេខ​ប្រាក់​ឈ្នួល ១៤០​ដុល្លារ​នៅ​មាន​ចំនួន​តិច មិន​អាច​ធានា​ឲ្យ​កម្មករ​រស់នៅ​ដោយ​សេចក្ដី​ថ្លៃថ្នូរ​ឡើយ។ ទន្ទឹម​គ្នា​នេះ ទាំង​ក្រុម​សហជីព ទាំង​កម្មករ គ្រោង​នឹង​ពិភាក្សា​ស្វែងរក​យុទ្ធសាស្ត្រ​ថ្មី​លើ​ប្រាក់​ឈ្នួល​កម្មករ​នៅ​ដើម​សប្ដាហ៍​ក្រោយ។

សហជីព​មួយ​ចំនួន​នៅ​តែ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ក្នុង​មួយ​ខែ ១៤០​ដុល្លារ​នោះ​ទេ។ មន្ត្រី​សហជីព​អះអាង​ថា កិច្ច​ពិភាក្សា​នៅ​ដើម​សប្ដាហ៍​ក្រោយ ក្នុង​បំណង​ស្វែងរក​យុទ្ធសាស្ត្រ​ថ្មី ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ផ្តល់​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​បន្ថែម​ទៀត​ជូន​កម្មករ។

ការ​លើក​ឡើង​របស់​ក្រុម​សហជីព​នៅ​ពេល​នេះ ធ្វើ​ឡើង​ក្រោយ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ បាន​សម្រេច​ដំឡើង​ប្រាក់​ខែ​កម្មករ​កាត់​ដេរ និង​ផលិត​ស្បែក​ជើង​សម្រាប់​ឆ្នាំ​២០១៦ សរុប​ចំនួន ១៤០​ដុល្លារ​កាល​ពី​ថ្ងៃ​ទី​៨ តុលា កន្លង​ទៅ។

ប្រធាន​សម្ពន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (CCAWDU) និង​ជា​សមាជិក​គណៈកម្មការ​ប្រឹក្សា​ការងារ លោក អាត់ ធន់ មាន​ប្រសាសន៍​ថា សហជីព​កម្មករ​របស់​លោក​ចង់​បាន ១៦០​ដុល្លារ។ លោក​បាន​បញ្ជាក់​ថា តួលេខ​ប្រាក់​ឈ្នួល ១៤០​ដុល្លារ នៅ​មិន​ទាន់​ឆ្លើយ​តប​ចំពោះ​តម្រូវ​ការ​របស់​កម្មករ​នៅ​ឡើយ បើ​ប្រៀបធៀប​នឹង​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​សព្វថ្ងៃ។ លោក អាត់ ធន់ បន្ត​ថា កាល​មុន​បុណ្យ​ភ្ជុំ​បិណ្ឌ សហជីព​បាន​ជូន​ដំណឹង​ពី​ការ​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល ១៤០​ដុល្លារ ទៅ​តាម​បណ្ដា​រោងចក្រ​ជាង ៧០​រោងចក្រ ដើម្បី​ស្ទាបស្ទង់​មតិ ថា​ពេញ​ចិត្ត ឬ​មិន​ពេញ​ចិត្ត លើ​ការ​កំណត់​នេះ។ ដូច្នេះ លទ្ធផល​នេះ​នឹង​ត្រូវ​ពិភាក្សា​គ្នា​ក្នុង​កិច្ច​ប្រជុំ​ដើម​សប្ដាហ៍​ក្រោយ៖ «ចំនួន​តួលេខ​នេះ យើង​បាន​ផ្សព្វផ្សាយ​ទៅ​កម្មករ​និយោជិត​ហើយ ហើយ​មាន​អ្នក​ខ្លះ​ថា ពេញ​ចិត្ត និង​មាន​អ្នក​ខ្លះ​ថា មិន​ពេញ​ចិត្ត ហើយ​អ្នក​ខ្លះ​គេ​ថា​ចង់​ធ្វើ​នេះ និង​អ្នក​ខ្លះ​ទៀត​ថា​ចង់​ធ្វើ​នោះ ដូច្នេះ​ហើយ​ទើប​យើង​សម្រេច​ឲ្យ​មាន​ការ​ពិភាក្សា​នេះ»

ជាង​នេះ​ទៀត លោក អាត់ ធន់ បាន​ឲ្យ​ដឹង​ទៀត​ថា កិច្ច​ប្រជុំ​នេះ នឹង​មាន​ការ​ចូលរួម​ពី​សម្ពន្ធ​សហជីព​ចំនួន​៨ ដែល​សុទ្ធតែ​មិន​ពេញ​ចិត្ត​លើ​ការ​កំណត់​ប្រាក់​ឈ្នួល ១៤០​ដុល្លារ។ លោក អាត់ ធន់ មិន​ទាន់​អាច​បញ្ជាក់​ច្បាស់​ពី​ជំហរ​របស់​សហជីព​យ៉ាង​ណា លើ​សកម្មភាព​ទាមទារ​ប្រាក់​ឈ្នួល​កម្មករ ថា​តើ​នឹង​តវ៉ា​ប្រឆាំង​សេចក្ដី​សម្រេច​នេះ ឬ​មាន​យុទ្ធសាស្ត្រ​យ៉ាង​ណា​នៅ​ឡើយ? លោក​ថា ក្រុម​សហជីព​នឹង​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា ក្រោយ​កិច្ច​ពិភាក្សា​បញ្ចប់​ស្ដីពី​ជំហាន​បន្ត​របស់​សហជីព៖ «កិច្ច​ពិភាក្សា​នេះ បើ​យើង​ពិភាក្សា​ទៅ​រក​ឃើញ​ថា នឹង​ធ្វើ​ការ​តវ៉ា​ប្រាក់​ឈ្នួល​ឡើង​វិញ យើង​នឹង​ធ្វើ​ការ​តវ៉ា​ទៅ​កាន់​រដ្ឋាភិបាល​ឲ្យ​មាន​ការ​ពិភាក្សា​ឡើង​វិញ តែ​បើ​យើង​ពិភាក្សា​ទៅ​ត្រូវ​តែ​ទាមទារ​ផល​ប្រយោជន៍​បន្ថែម​វិញ ចឹង​ដូច្នេះ​ការ​សម្រេច​យ៉ាង​ណា អាស្រ័យ​លើ​ការ​ពិភាក្សា​គ្នា»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​និយោជក និង​ភាគី​ក្រសួង​ការងារ ដើម្បី​សុំ​ការ​ឆ្លើយ​តប​ជុំវិញ​បញ្ហា​សហជីព គ្រោង​ពិភាក្សា​ស្វែងរក​យុទ្ធសាស្ត្រ​ថ្មី​លើ​ប្រាក់​ឈ្នួល​កម្មករ​នៅ​ដើម​សប្ដាហ៍​ក្រោយ​យ៉ាង​ណា​បាន​ទេ នៅ​ថ្ងៃ​ទី​១៥ តុលា។

ប៉ុន្តែ​ក្រោយ​ដឹក​នាំ​កិច្ច​ប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ធ្លាប់​ប្រាប់​អ្នក​សារព័ត៌មាន​ថា តួលេខ​ប្រាក់​ខែ​ថ្មី ១៤០​ដុល្លារ​នេះ គឺ​ជា​លទ្ធផល​មួយ​ដែល​មាន​ការ​សិក្សា​ទាំង​ខាង​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកទេស​យ៉ាង​ល្អិតល្អន់។ ដូច្នេះ គ្រប់​ភាគី​នឹង​អាច​ទទួល​យក​បាន​តាម​រយៈ​លទ្ធផល​បោះ​ឆ្នោត។ ជាង​នេះ​ទៀត លោក​ជឿ​ជាក់​ថា ប្រាក់​ខែ​ថ្មី ១៤០​ដុល្លារ​នេះ នឹង​ជួយ​លើក​ស្ទួយ​ជីវភាព​រស់នៅ​កម្មករ​នៅ​កម្ពុជា ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។

បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ ចាប់​ពី​ខែ​មករា ដើម​ឆ្នាំ​២០១៦ ត​ទៅ កម្មករ​ផ្នែក​វាយនភណ្ឌ​កាត់​ដេរ និង​ផលិត​ស្បែក​ជើង​នៅ​កម្ពុជា នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ថ្មី ១៤០​ដុល្លារ​នេះ។ ផ្ទុយ​ទៅ​វិញ សហជីព​ដែល​នឹង​ចូលរួម​កិច្ច​ពិភាក្សា​ដើម​សប្ដាហ៍​ក្រោយ​នេះ នៅ​តែ​គិត​ថា កិច្ច​ពិភាក្សា​ត្រី​ភាគី និង​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ ដែល​មាន​ភាគី​រដ្ឋាភិបាល​មាន​ចំនួន ១៤​រូប ភាគី​និយោជក ៧​រូប និង​ភាគី​សហជីព​ចំនួន ៧​រូប​នោះ ត្រូវ​បាន​តំណាង​សហជីព​រិះគន់​ថា នៅ​មាន​ភាព​មិន​ប្រក្រតី។ សហជីព​យល់​ថា ចំណុច​ដែល​មិន​ប្រក្រតី ដោយសារ​សហជីព​ខ្លះ​មាន​និន្នាការ​ទៅ​រក​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។