កូនក្រមុំ​វាយ​កូន​កំលោះ​មុន​ថ្ងៃ​ការ ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​ជាង​២​ម៉ឺន​ដុល្លារ​ត្រូវ​លុបចោល


កូនក្រមុំ​វាយ​កូន​កំលោះ​មុន​ថ្ងៃ​ការ ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​ជាង​២​ម៉ឺន​ដុល្លារ​ត្រូវ​លុបចោល

អាពាហ៍ពិពាហ៍​ដែល​គេ​គិត​ថា​នឹង​ប្រកប​ទៅ​ដោយ​ភាព​រីករាយ បាន​ក្លាយ​ជា​អាប់អួ បន្ទាប់​ពី​កូន​កំលោះ និង​កូន​ក្រមុំមួយ​គូ​នៅ​ប្រទេស​សិង្ហបុរី ​ឈ្លោះ​ប្រកែក​រហូត​ឈាន​ដល់​ការ​ប្រើ​ហិង្សា​មុន​ប្រារព្ធ​ពិធី។ ​អាពាហ៍ពិពាហ៍​អ្នក​ទាំង​ពីរ​ត្រូវ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ Sentosa ប្រទេស​សិង្ហបុរី ដោយ​ត្រូវ​ចំណាយ​ប្រាក់​ប្រហែល ២​ម៉ឺន​ដុល្លារ។ ទោះ​ជា​ប្រកាស​លុប​ចោល​មែន តែ​ការ​ទទួល​ភ្ញៀវ​នៅ​តែ​ធ្វើ​ឡើង​ជា​ធម្មតា ដោយ​មាន​ការ​សុំ​អភ័យ​ទោស​ពី​សំណាក់​កូន​កំលោះ។

 

កូនក្រមុំ​វាយ​កូន​កំលោះ​មុន​ថ្ងៃ​ការ ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​ជាង​២​ម៉ឺន​ដុល្លារ​ត្រូវ​លុបចោល

 

កូន​កំលោះ​វ័យ ២៦​ឆ្នាំ បាន​ប្រាប់​សារព័ត៌មាន Seerhin Min ថា មួយ​សប្ដាហ៍​មុន​ពិធី​រៀបការ​ចាប់​ផ្ដើម​ឡើង លោក​ និង​គូ​ដណ្ដឹង​ដែល​មាន​វ័យ ២៦​ឆ្នាំ​ដែរ​នោះ បាន​កើត​ជម្លោះ​ជាមួយ​​គ្នា។ លោក​បាន​បញ្ជាក់​ថា “នាង​បាន​ទះ​កំផ្លៀង​ខ្ញុំ ៧​ដង… ហើយ​ស្មា​ខ្ញុំ និង​ទ្រូង​ខ្ញុំ​ក៏​ហើម​ជាំ​អស់ ដោយ​សារ​តែ​នាង​ដែរ”។ លោក​បាន​បន្ត​ទៀត​ថា ហេតុការណ៍​នេះ​បាន​ធ្វើ​ឲ្យ​លោក និង​គ្រួសារ​អន់​ចិត្ត​ខ្លាំង​ណាស់។ ដូច​នេះ​ហើយ ទើប​លោក​ប្រកាស​លុប​ចោល​អាពាហ៍ពិពាហ៍ ១​ថ្ងៃ​មុន​កាល​បរិច្ឆេទ។ ​​

 

នៅ​ថ្ងៃ​អាពាហ៍ពិពាហ៍​មក​ដល់ មាន​តែ​វត្តមាន​កូន​កំលោះ​ប៉ុណ្ណោះ ចំណែក​ឯ​កូន​ក្រមុំ​មិន​បាន​បង្ហាញ​ខ្លួន​នៅ​កន្លែង​រៀបចំ​ពិធី​ទេ។ តុ​អាហារ​បី ទៅ​បួន​តុ ពុំ​មាន​ភ្ញៀវ​ឡើយ ហើយ​គេ​ជឿ​ថា​ជា​តុ​ ដែល​រៀប​ត្រៀម​ទុក​​សម្រាប់​ភ្ញៀវ​របស់​កូន​ស្រី។ តុ​ទាំង​អស់​មាន​ចំនួន ១២តុ ដែល​លោក Liu បាន​និយាយ​ថា​ចំណាយ​អស់​ប្រាក់​ប្រហែល ២​ម៉ឺន​ដុល្លារ។ នេះ​បើ​តាម​ការ​រាយការណ៍​ពី​សារព័ត៌មាន Shin Min Daily News។

 

“ខ្ញុំ​គិត​ថា បញ្ហា​រវាង​មនុស្ស​ពីរ​នាក់​គួរ​តែ​ដោះ​ស្រាយ​ឲ្យ​រួច​មុន​ពេល​ការ… អីចឹង​ហើយ​ទើប​ខ្ញុំ​ប្រាប់​គូ​ដណ្ដឹង​ពី​រឿង​នេះ… ប៉ុន្តែ​ដោយសារ​ពិធី​រៀប​ចំ​ហើយ ខ្ញុំ​ក៏​សម្រេច​ចិត្ត​បន្ត​ទទួល​ភ្ញៀវ ហើយ​សុំ​ទោស​ពួក​គេ”។ នេះ​បើ​តាម​លោក Liu រៀប​រាប់​ប្រាប់​អ្នក​យក​ព័ត៌មាន។ លោក​បាន​បញ្ជាក់​បន្ថែម​ថា នឹង​រៀប​ចំ​ពិធី​នេះ ឲ្យ​ទៅ​ជា​ពិធី​ជួបជុំ​គ្រួសារ​វិញ។ ​​ចំណែក​​ឯ​ចំណង​ដៃ​ដែល​ទទួល​បាន​ពី​ភ្ញៀវ លោក​នឹង​ផ្ដល់​ទៅ​ឲ្យ​សកម្មភាព​សប្បុរស​ធម៌។ លោក Liu បាន​ឱន​លំទោន​ និង​អាន​លិខិត​អភ័យ​ទោស​ទៅ​កាន់​ភ្ញៀវ​ទាំង​អស់ ដើម្បី​សុំ​ការ​យោគយល់។ ​

 

ចំណែក​គូ​ដណ្ដឹង​របស់​លោក Liu ដែល​កំពុង​ពពោះ៤​ទៅ ៥​ខែ ​បាន​បញ្ជាក់​ថា នាង​ទះ​កំផ្លៀង​គូ​ដណ្ដឹង​តែ​ម្ដង​ប៉ុណ្ណោះ ហើយ​មាន​ហេតុផល​ទើប​ធ្វើ​បែប​នេះ។ នាង​បាន​និយាយ​ទៀត​ថា មុន​ពេល​រៀបការ លោក Liu ធ្លាប់​អះអាង​ពី​រឿង​បញ្ឈប់​មង្គល​ការ​ដោយសារ​ជម្លោះ​ញឹកញាប់​ពេក។ ការ​លើក​ឡើង​ពី​រឿង​នេះ បាន​ធ្វើ​ឲ្យ​នាង​ខឹង​យ៉ាង​ខ្លាំង ហើយ​ក៏​ទះ​មួយ​កំផ្លៀង​ទៅ។ ក្រចក​របស់​នាង​បាន​ធ្វើ​ឲ្យ​មាន​ស្នាម​របួស​លើ​ខ្លួន​លោក Liu ប៉ុន្តែ​នាង​មិន​បាន​ទះ​ដល់​ទៅ ៧​កំផ្លៀង​ដូច​លោក Liu និយាយ​នោះ​ទេ។ ​

 

នាង​បាន​បញ្ជាក់​បន្ត​ថា នាង​កំពុង​ពពោះ អារម្មណ៍​មិន​សូវ​ល្អ ដូច​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​នាង​ហ៊ាន​ទះ​កំផ្លៀង​លោក Liu។ នាង​គិត​ថា អាពាហ៍ពិពាហ៍​នេះ​ប្រហែល​ជា​មិន​អាច​កើត​ឡើង​ទៀត​ទេ ហើយ​លោក Liu គ្រាន់​តែ​ចង់​បាន​កូន​ប៉ុណ្ណោះ ដោយ​គ្មាន​បំណង​រៀប​ការ​ជាមួយ​នាង​ទៀត​ឡើយ។ ​​

 

ទោះ​យ៉ាង​ណា ខាង​កូន​កំលោះ​ឯ​ណោះ​វិញ នៅ​តែ​អះអាង​ថា​មិន​បញ្ឈប់​ក្ដី​ស្រលាញ់​ចំពោះ​គូ​ដណ្ដឹង​ខ្លួន​ទេ បើ​ទោះ​ជា​ពេល​នេះ​អាពាហ៍ពិពាហ៍​លើក​ទី​មួយ​បាន​លប់​ចោល​ក៏​ដោយ។ លោក​បាន​និយាយ​ជា​ចុងក្រោយ​ថា “ខ្ញុំ​សង្ឃឹម​ថា​នឹង​អាច​នាំ​នាង​ទៅ​រក​ការ​ប្រឹក្សា​ណាមួយ… ធ្វើ​អីចឹង​នាង​នឹង​អាច​គ្រប់​គ្រង​អារម្មណ៍​បាន​ល្អ​ជាង​នេះ ហើយ​មិន​ប្រើ​ហិង្សា​លើ​ខ្ញុំ​ទៀត។ ខ្ញុំ​នឹង​ចាំ​នាង ហើយ​រៀប​ចំ​មង្គល​ការ​យើង​ទាំង​ពីរ​នាក់​ម្ដង​ទៀត”៕

 

យល់​យ៉ាង​ណា​ដែរ ចំពោះ​រឿង​នេះ? ​​​

 

ចុចអាន៖ ពិត​ជា​មាន​មែន! សម្ញែង​រថយន្ត​ថ្លៃ​ៗ និង​ចែក​លុយ​សុទ្ធ​ក្នុង​ថ្ងៃ​រៀប​ការ

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ singaporeseen