៣ឆ្នាំ​ក្រោយ​ព្រះ​​បរម​រត​ន​កោដ្ឋ​​សោយ​ទីវង្គត​ទៅ​​​​ពលរដ្ឋ​ខ្លះ​នៅ​តែ​ចងចាំ​ស្នាព្រះហស្ត​របស់​ព្រះអង្គ

​អតីត​ព្រះ​មហា​ក្សត្រ​ព្រះបាទ នរោត្តម​ សីហនុ ​បាន​យាង​ចូល​ទីវង្គត់​ក្នុង​ព្រះ​ជន្ម​៨៩​ព្រះ​វស្សា​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​តុលា​ឆ្នាំ​២០១២​ ​កន្លង​ទៅ ​នាទី​ក្រុង​ប៉េកាំង។ ភ្នំពេញ—

សំឡេង​ត្រែ​និង​ស្គរ​បាន​បន្លឺ​ឡើង​មុខ​ព្រះ​ឆាយាល័ក្ខណ៍​ ព្រះ​បរម​រតន​កោដ្ឋ​ ​ព្រះ​បាទ ​នរោត្តម ​សីហនុ ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ដែល​ជា​ថ្ងៃ​គម្រប់​ខួប​៣​ឆ្នាំ​នៃ​កា​សោយ​ទីវង្គត​របស់​ព្រះអង្គ​។

ការ​ប្រារព្ធ​ពិធី​ខួប​ថ្វាយ​ព្រះ​ ​បរម​រត​ន​កោដ្ឋឆ្នាំ​នេះ ​មាន​ស​ភាព​ស្ងប់​ស្ងាត់​ជាង​ឆ្នាំ​ទៅ​មិញ​ ដោយ​មាន​តែ​ការ​គោរព​និង​ថ្វាយ​កម្រង​ផ្កា​នៅ​មុខ​ព្រះឆាយាល័ក្ខណ៍​របស់​ព្រះ​ករុណា​ព្រះ​បាទ​ ​នរោត្តម​ សីហនុ​ ​ក្បែរ​វិមាន​ឯករាជ្យ ​ពី​សំណាក់​មន្ត្រី​រាជការ​ប្រមាណ​ជាង​២០០​នាក់។​ ​

ខណៈ​ពេល​ដែល​ពិធី​បុណ្យ​តាម​ព្រះ​ពុទ្ធ​សាសនា​ ​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ក្នុង​ព្រះ​បរម​រាជវាំង​ ​និង​ទី​ដទៃ​ ​ដោយ​សែរាជវង្ស​តែ​ប៉ុណ្ណោះ​ ​តែ​គ្មាន​មេដឹកនាំ​កំពូលៗ​របស់​ប្រទេស​ ចូល​រួម​ច្រើន​ទេ។

អង្គុយ​ជាមួយ​អ្នក​ហាត់​ប្រាណ​ផ្សេង​ទៀត​ ​នៅមុខ​ព្រះ​បរម​រាជ​វាំង ​បន្ទាប់​ពី​ហាត់​កីឡា​រួច ​លោក​ស្រី​ ​ប៉ោ វណ្ណា​ ​វ័យ​ ៧៨​ឆ្នាំ​ ប្រជា​ពលរដ្ឋ​ក្នុង​រាជា​ធានី​ភ្នំពេញ​ម្នាក់ ​បាន​សំឡឹង​មើល​រូប​ព្រះ​ឆាយា​លក្ខណ៍របស់​ព្រះ​បាទ​ នរោត្តម ​សីហនុ​ ដែល​ទើប​និង​តំឡើង​ថ្មី​នា​ប្រាសាទ​ច័ន្ទ​ឆាយា​ ​ដោយ​ក្តី​ចម្ងល់​ពី​ការ​ប្រារព្ធ​ពិធី​រាប់​បាត​តាម​ព្រះពុទ្ធសាសនា​ដូច​សព្វ​មួយ​ដង​នោះ។

លោកស្រី​ ប៉ោ វណ្ណា បាន​ប្រាប់ ​VOA​ ថា​៖ ​«មិន​រៀប​ខាង​ក្រៅ​អញ្ចឹង​ដូច​ថា​ក្រែង​លោ​ ​វា​ខ្សោយ​ថវិកា​ឬ​យ៉ាង​ណា​ ​អត់​បាន​ដឹង​ដែរ​ចា៎។​ ប៉ុន្តែ​បើ​ធ្វើ​នៅ​ខាង​ក្រៅ​ទៅ​ គឺ​មាន​ប្រជាជន​មក​ ដើម្បី​សម្តែង​សេចក្តី​ស្រលាញ់​ ​ជាប់​ជានិច្ច​ក្នុង​ខ្លួន​ចា៎។​ ​ដល់​តែ​គាត់​មិន​ធ្វើ​ខាងក្រៅ​អញ្ចឹង​ ប្រជាជន​គាត់​អត់​ដឹង។​ ​ដឹង​តែ​ធ្វើ​ខាង​ក្នុងមាន​គ្នា​គាត់ កូន​ចៅ​គាត់​នៅ​ខាង​ក្នុង​ហ្នឹង​ ​ដល់​ទៅ​ធ្វើ​ខាង​ក្រៅ​ដូច​ឆ្នាំ​ទៅ​ ​ប្រជា​ជន​នៅ​តែ​មាន​សេចក្តី​ស្រលាញ់ ចំពោះ​សេ្តច​ហ្នឹង​មាន​ជាប់​ជា​និច្ច»។​

​អតីត​ព្រះ​មហា​ក្សត្រ​ព្រះបាទ នរោត្តម​ សីហនុ ​បាន​យាង​ចូល​ទីវង្គត់​ក្នុង​ព្រះ​ជន្ម​៨៩​ព្រះ​វស្សា​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​តុលា​ឆ្នាំ​២០១២​ ​កន្លង​ទៅ ​នាទី​ក្រុង​ប៉េកាំង​ ជា​ទី​ដែល​ព្រះអង្គ​គង់នៅ​ ដើម្បី​ព្យាបាល​ព្រះ​កាយ។​

​ព្រះ​សព​របស់​ព្រះ​អង្គ ត្រូវ​បាន​ដង្ហែ​មក​កាន់​មាតុ​ភូមិវិញ ពីរ​ថ្ងៃ​ក្រោយ​ ​ដោយ​មានការ​ចូល​រួម​ពី​ប្រជា​ពលរដ្ឋ​ ​ប្រមុខ​រដ្ឋាភិបាល​ ​មន្ត្រី​រាជ​ការ​ ​ព្រះសង្ឃ​និង​ប្រជារាស្ត្រច្រើន​លាន​នាក់។

​ការ​ប្រារព្ធ​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរមរតនកោដ្ឋ​ នរោត្តម​ សីហនុ ខួប​លើក​ទី​២​ឆ្នាំ​ នា​ឆ្នាំ​២០១៤​ មាន​អ្នក​ចូល​រួម​យ៉ាង​ហោច​ណាស់​១​ពាន់​នាក់ ​ដោយ​មាន​ការ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ពី​មុខ​ព្រះ​បរម​រាជ្យ​វាំង។

​មន្ត្រី​ក្នុង​ព្រះ​បរម​រាជ្យ​វាំង​បាន​ឲ្យ​ដឹង​ថាពិធី​ខួប​ឆ្នាំ៣ ​សម្រាប់​ព្រះ​បរម​រតន​កោដ្ឋ ​នរោត្តម​ សីហនុ​ គឺ​ធ្វើ​នៅ​ក្នុង​ព្រះ​បរម​រាជវាំង​ ​ខណៈ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​រៀប​ចំ​នៅ​មុខ​ព្រះ​ឆាយា​លក្ខណ៍​របស់​ព្រះ​បរម​រតន​កោដ្ឋ​ ក្បែរ​វិមាន​ឯករាជ្យ។

​លោកស្រី​ ប៉ោ វណ្ណា បាន​បញ្ជាក់​ថា​អាជ្ញាធរ ​ឬក៏​ក្រុម​មន្ត្រី​ក្នុង​ព្រះ​បរម​រាជ្យ​វាំង​ គួរតែ​បង្ក​ភាព​ងាយស្រួល​និងបង្កើត​ឲ្យ​មាន​ពិធី​រាប់​បាត​ដូច​សព្វ​ដង​ ​ដើម្បី​បញ្ជាក់​ពី​ភក្តីភាព​និង​រំឭក​ពី​ក្តី​អាល័យ​របស់​ប្រជា​ពលរដ្ឋ​ដល់​ព្រះ​បិតា​ជាតិ​។​

​«ចា៎​ដូច​ចិត្ត​ខ្ញុំ​គឺ​ចង់​ឲ្យ​គណៈកម្មាធិការ​ក្នុង​វាំង​ហ្នឹង​គឺ​ធ្វើ​ ​ពិធី​រាប់​បាត​អី​ទៅ ដើម្បី​ឲ្យ​ប្រជា​ជន​ ​បា​ន​ចូល​រួម​ទាំ​ង​អស់​គ្នា​ ​ឱ្យ​មាន​ការ​សាមគ្គី​រវាងអ្នក​ធំ​និងអ្នក​តូច​ កុំឲ្យ​វា​ឃ្លាតឆ្ងាយ​ពី​គ្នា​អញ្ចឹង​ ចា៎»។

​ក្រោយ​ពេល​ថ្វាយ​កម្រង​ផ្កា​និង​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​នរោត្តម​ ​សីហនុ​ នា​ព្រហាម​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​ ភឿង សកុណា​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា មន្ត្រី​រាជ​ការ​ក្នុងក្រសួង​ បាន​សម្តែង​ការ​គោរព​និង​ដឹង​គុណ​ដល់ព្រះ​បរម​រតន​កោដ្ឋ​ ដែល​បាន​កសាង​ស្នា​ដៃ​ជា​ច្រើន​សម្រាប់​ប្រទេស​កម្ពុជា​ដ៏​ក្រីក្រ​នេះ​ ​ជាពិសេស​គឺ​ការ​កសាង​សន្តិភាព​និង​ការ​អភិវឌ្ឍ​ដល់​ប្រទេស​នេះ​សា​ជា​ថ្មី​បន្ទាប់​ពី​សង្គ្រាមរ៉ាំរ៉ៃ​អស់​រយៈ​ពេល​ជាង​បី​ទសវត្សរ៍។

​«អ្វី​ដែល​ជា​ស្នា​ព្រះ​ហស្ត​របស់​ព្រះអង្គ ​វីរ​ភាព​របស់​ព្រះអង្គ គឺ​នៅ​តែ​ស្ថិត​ ​នៅ​ជា​មួយ​យើង​រហូត​ហើយ​ក៏​ជា​ឱកាស​សម្រាប់​កូន​ចៅ​ទាំង​អស់​គ្នា ​បាន​មក​គោរព​ដឹង​គុណ​ ​ឧទ្ទិស​នូវសេចក្តី​ល្អ​អ្វី​ទាំងអស់​ជូន​វិញ្ញាណក្ខន្ធ​ ​ព្រះ​អង្គក្នុង​ពេល​នេះ​ ​គឺជា​ឱកាស​ ​ដ៏​ល្អ​សម្រាប់ឲ្យ​ពួក​យើង​ទាំង​អស់​មក​សម្តែង​កត្តាញូ​តា​ធម៌ជូន​សម្ដេច​តា​យើង​វិញ​ចា៎»។​

​រដ្ឋមន្ត្រី​រូប​នេះ​ បាន​គូស​បញ្ជាក់​ថា ​បើ​ទោះជា​ព្រះ​អង្គបានលាចាកកម្ពុជា៣ឆ្នាំ​ក៏​ដោយ ​ក៏​សុខ​សន្តិភាព​និង​ស្នាព្រះហស្ត​របស់​ព្រះ​អង្គ នៅតែ​ត្រូវ​បាន​ថែរក្សា។

«គឺថា​សុខ​សន្តិភាព​នៅ​តែ​មាន​ក្នុង​ប្រទេស​កម្ពុជា​ ​ពីព្រោះ​អាហ្នឹង គឺជា​អ្វី​ដែល​ព្រះ​ករុណា​បាន​សាង​ទុក​មក​ ​ហើយ​កូន​ចៅ​យើង ​រាជរដ្ឋាភិបាល​របស់​យើង ​បាន​ថែ​រក្សា​ ​ស្នាដៃ​របស់​ព្រះ​អង្គ​ទុក​មក​រហូត​ដល់​ឥឡូវ»។

​យ៉ាង​ណា​ក៏​ដោយ ​លោក​ស្រីប៉ោ វណ្ណា​ ដែល​ជា​ប្រជា​ពលរដ្ឋ​សាមញ្ញ​ បាន​លើក​ជា​សំណួរ​អំពី​ការ​ផ្សព្វ​ផ្សាយ​និង​ការ​ថែរក្សា​ស្នាព្រះហស្ត​របស់​អតីត​ព្រះ​មហា​ក្សត្រ​ព្រះបាទ​ នរោត្តម សីហនុ​ ​យ៉ាង​ដូច្នេះ​ថា៖ ​«កាល​លើក​មុន​ ពេល​ដែល​លោក​ចូល​ទីវង្គតហ្នឹង​គឺ​ គេ​បាន​បញ្ចាំង​នៅ​ក្នុង​ទូរទស្សន៍​ពី​ស្នា​ដៃ​របស់​គាត់​តាំង​ពី​ដើម​មក ឲ្យ​ប្រជាជនបាន​ដឹង​។ ​ឥឡូវ​ប្រជាជន​មួយ​ចំនួន​បាន​ដឹង​ដែរ ​មិនមែន​មិន​ដឹង​ទេ ​ឥឡូវ​ដឹង​យ៉ាង​ម៉េច​បាន​គេ​ធ្វើ​អញ្ចឹង​ ​ខ្ញុំអត់​ដឹង​ដែរ​ហ្អ​ហ្នឹង​គឺ​រឿង​ផ្ទៃក្នុង​ ​ឬ​មួយ​ខ្វះ​ថវិកា ឬ​មួយ​យ៉ាង​ម៉េច?»។

​ព្រះ​បាទ ​នរោត្តម ​សីហនុ ​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​ព្រះ​បិតា​ឯករាជ្យ​ជាតិ​ ​សន្តិភាព​ ​និង​បូរណភាព​ទឹក​ដី​នៃ​កម្ពុជា​ ​ហើយ​ធ្លាប់​ជា​ព្រះ​ប្រមុខ​រដ្ឋ​នៃ​ទឹក​ដី​សុវណ្ណភូមិ​ ​ដោយ​ព្រះអង្គ បានដឹក​នាំ​ប្រទេស​របស់​ព្រះ​អង្គ​ប្រ​កប​ដោយ​ការ​រីក​ចម្រើន​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​ ​ពី​ឆ្នាំ​១៩៥៥​ដល់​១៩៦០​ពេល​ដែល​ព្រះ​អង្គ គង់​ជា​ប្រមុខរដ្ឋ​កម្ពុជា​ ​ក្រោយ​ពេល​ព្រះ​អង្គ​ទាមទារ​បាន​ឯករាជ្យ​ ជូន​ប្រទេស​កម្ពុជា​នា​ឆ្នាំ​១៩៥៣​ពី​អាណា​និគម​និយម​បារាំង។

លើស​ពី​នេះ​ទៀត​ ព្រះ​បាទ ​នរោត្តម​ ​សីហនុ​ បាន​ដឹកនាំ​និង​ជួយ​ឲ្យ​មាន​ការផ្សះផ្សា​ជាតិ​ឡើង​វិញ​ នៅ​ឆ្នាំ​១៩៩១​ក្នុង​កិច្ច​ព្រម​ព្រៀងសន្តិសញ្ញា​ទីក្រុង​ប៉ារីស​ ​ដែល​នាំ​មក​នូវ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ទីពីរ​ដល់​ពេល​បច្ចុប្បន្ន៕